ជនគណនា 15:37-40
ជនគណនា 15:37-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនិយាយទៅកាន់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេឲ្យធ្វើរំយោលនៅជាយអាវរបស់ខ្លួន គ្រប់ជំនាន់របស់គេតរៀងទៅ ហើយត្រូវមានខ្សែពណ៌ខៀវជាប់នឹងរំយោល គ្រប់ទាំងជាយអាវរបស់គេផង។ អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដើម្បីកាលណាអ្នករាល់គ្នាឃើញរំយោលនោះ នោះអ្នករាល់គ្នានឹងនឹកចាំពីអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ា រួចប្រព្រឹត្តតាម ហើយមិនដើរតាមសេចក្ដីប៉ងប្រាថ្នាតាមតែចិត្ត និងភ្នែករបស់អ្នករាល់គ្នាឡើយ។ ដូច្នេះ អ្នករាល់គ្នានឹងនឹកចាំ រួចប្រព្រឹត្តតាមអស់ទាំងបញ្ញត្តិរបស់យើង ហើយអ្នករាល់គ្នានឹងបានបរិសុទ្ធចំពោះព្រះរបស់អ្នករាល់គ្នា។
ជនគណនា 15:37-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោលនៅជាយអាវផង។ អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោល នោះអ្នករាល់គ្នានឹកឃើញក្រឹត្យវិន័យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួន ដែលបណ្ដាលឲ្យក្បត់ព្រះជាម្ចាស់ ទៅគោរពព្រះក្លែងក្លាយឡើយ។ អ្នករាល់គ្នានឹងនឹកឃើញក្រឹត្យវិន័យរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានវិសុទ្ធ*ថ្វាយព្រះរបស់អ្នករាល់គ្នា។
ជនគណនា 15:37-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួន នៅអស់ទាំងដំណតរៀងទៅ ហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវរបស់គេ នោះនឹងបានសំរាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង ប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្ត នឹងភ្នែកឯងដែលនាំឲ្យឯងផិតទៅតាមនោះឡើយ គឺឲ្យឯងរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តរបស់អញ ហើយឲ្យបានបរិសុទ្ធសំរាប់ព្រះនៃឯងវិញ