ជនគណនា 14:40-45
ជនគណនា 14:40-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេក្រោកពីព្រលឹម ហើយឡើងទៅលើចំណុចខ្ពស់ៗរបស់ស្រុកភ្នំ ដោយពាក្យថា៖ «ពួកយើងមកដល់ទីនេះហើយ ពួកយើងនឹងឡើងទៅកន្លែងដែលព្រះយេហូវ៉ាបានសន្យា ដ្បិតពួកយើងបានធ្វើបាបមែន»។ ប៉ុន្តែ លោកម៉ូសេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានៅតែរំលងបង្គាប់ព្រះយេហូវ៉ាដូច្នេះ? ដ្បិតធ្វើយ៉ាងនេះមិនកើតទេ។ កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយអ្នករាល់គ្នាទេ កុំឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នា។ ដ្បិតសាសន៍អាម៉ាឡេក និងសាសន៍កាណាននៅខាងមុខអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវដួលដោយដាវរបស់គេមិនខាន។ ព្រះយេហូវ៉ាមិនគង់ជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចេញពីព្រះយេហូវ៉ាហើយ»។ ប៉ុន្តែ គេនៅតែមានចិត្តមានះឡើងទៅលើចំណុចខ្ពស់ៗរបស់ស្រុកភ្នំ តែហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា និងលោកម៉ូសេ មិនបានចេញពីជំរំឡើយ។ ពេលនោះ សាសន៍អាម៉ាឡេក និងសាសន៍កាណាន ដែលរស់នៅលើស្រុកភ្នំនោះ ក៏ចុះមកវាយប្រហារពួកគេ ទាំងដេញតាមពួកគេរហូតដល់ស្រុកហោម៉ា។
ជនគណនា 14:40-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែលព្រះអម្ចាស់មានព្រះបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។ លោកម៉ូសេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់ដូច្នេះ? អ្នករាល់គ្នានឹងពុំសម្រេចតាមបំណងឡើយ។ កុំឡើងទៅធ្វើអ្វី! ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ។ កុំទុកឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។ ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីព្រះអង្គ»។ ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងលោកម៉ូសេពុំបានចាកចេញពីក្នុងជំរំទេ។ ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណាន ដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកម្ទេចពួកគេរហូតដល់ហោម៉ា។
ជនគណនា 14:40-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែងដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។ នោះម៉ូសេតបថា ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ ដ្បិតមានសាសន៍អាម៉ាលេក នឹងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ ប៉ុន្តែគេចេះតែខំឡើងទៅឯកំពូលភ្នំ ដោយអួតអាងវិញ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងម៉ូសេផង មិនបានចេញពីទីដំឡើងត្រសាលឡើយ ដូច្នេះ ពួកសាសន៍អាម៉ាលេក នឹងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេរហូតដល់ស្រុកហោម៉ា។