ជនគណនា 14:30-35

ជនគណនា 14:30-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ្នក​រាល់​គ្នា​រស់​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ។ រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ពោល​ថា គេ​នឹង​ក្លាយ​ទៅ​ជា​រំពា​ដល់​គេ នោះ​យើង​នឹង​នាំ​ពួកគេ​ចូល​វិញ ហើយ​ពួកគេ​នឹង​ស្គាល់​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​ស្អប់​ខ្ពើម។ ចំណែក​អ្នក​រាល់​គ្នា​វិញ សាក‌សព​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​សែ‌សិប​ឆ្នាំ ហើយ​ត្រូវ​ទទួល​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​សាក‌សព​នៅ​ក្នុង​ទី​រហោ‌ស្ថាន។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​រង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​អស់​សែ‌សិប​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​សែ‌សិប​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ឆ្នាំ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ដែល​ប្រឆាំង​នឹង​យើង​នោះ​ជា​យ៉ាង​ណា"។ យើង​ជា​ព្រះ‌យេហូវ៉ា យើង​បាន​និយាយ​ហើយ ពិត​ប្រាកដ​ជា​យើង​នឹង​ប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ​ដ៏​អាក្រក់​នេះ ដែល​បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​នេះ»។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:30-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក‌លែង​តែ​កាលែប​ជា​កូន​របស់​យេភូ‌នេ និង​យ៉ូស្វេ ជា​កូន​របស់​នូន។ រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ពនេ‌ចរ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ហើយ​ពួក​គេ​ត្រូវ​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន។ អ្នក​រាល់​គ្នា​បាន​ទៅ​សង្កេត​មើល​ស្រុក អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រង​នូវ​កំហុស​របស់​ខ្លួន​ចំនួន​សែ‌សិប​ឆ្នាំ​ដែរ គឺ​មួយ​ឆ្នាំ​សម្រាប់​មួយ​ថ្ងៃ។ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ដឹង​ថា ពេល​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា តើ​កើត​មាន​ផល​វិបាក​យ៉ាង​ណា។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន​នេះ»។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:30-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ នឹង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ហើយ​កូន​ចៅ​របស់​ឯង​រាល់​គ្នា នឹង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​៤០​ឆ្នាំ ព្រម​ទាំង​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំផិត​របស់​ឯង​រាល់​គ្នា ដរាប​ដល់​ខ្មោច​ឯង​ទាំង​ប៉ុន្មាន​បាន​រលួយ​ទៅ នៅ​ទី​រហោ‌ស្ថាន​នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ពួក​ជំនុំ​ខូច​អាក្រក់ ដែល​បាន​ប្រមូល​គ្នា​ទាស់​នឹង​អញ​នេះ​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​រោយ‌រៀវ​ទៅ នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។

ចែក​រំលែក
អាន ជនគណនា 14