ជនគណនា 14:1-39

ជនគណនា 14:1-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​នៅ​យប់​នោះ។ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ​ប្រសើរ​ជាង! ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ឲ្យ​ដួល​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​រំពា​របស់​គេ​មិន​ខាន ហើយ​ដែល​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​ប្រសើរ​ជាង​ទេ​ឬ?» ដូច្នេះ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹកនាំ​ម្នាក់ ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។ ពេល​នោះ លោក​ម៉ូសេ និង​អើរ៉ុន ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​អស់​អ្នក​ដើរ​សង្កេត​មើល​ស្រុក គឺលោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ពោល​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ពួក​យើង នោះ​ព្រះ‌អង្គ​នឹង​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រទាន​ស្រុក​នោះ​មក​យើង​ជា​មិន​ខាន គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។ សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​អាហារ​សម្រាប់​យើង​ប៉ុណ្ណោះ ទី​ការ​ពារ​របស់​គេ​បាន​រើ​ចេញ​ពី​គេ​ទៅ​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជា‌មួយ​យើង​ដែរ មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។ ប៉ុន្តែ ក្រុម​ជំនុំ​ទាំង​មូល​គិត​គ្នា​បម្រុង​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួកគេ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើល៍‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ក្នុង​ចំ​ណោម​ពួកគេ តើ​ពួក‌គេ​នៅ​តែ​មិន​ជឿ​ដល់​យើង​ដល់​កាល​ណា​ទៀត? យើង​នឹង​វាយ​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​កាត់‌កាល់​គេ​ចោល​ចេញ រួច​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​សាសន៍​មួយ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ពួក​នេះ»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «បើ​ដូច្នោះ​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដំណឹង​នេះ ដ្បិត​ព្រះ‌អង្គ​បាន​នាំ​ប្រជាជន​នេះ​ចេញ​ពី​ចំណោម​ពួកគេ​មក ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។ ដូច្នេះ ប្រសិន‌បើ​ព្រះ‌អង្គ​សម្លាប់​ប្រជាជន​នេះ ដូច​ជា​មនុស្ស​តែ​ម្នាក់ នោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​បាន​ឮ​ល្បី​ពី​ព្រះ‌អង្គ គេ​នឹង​ពោល​ថា "ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​មិន​អាច​នាំ​ប្រជាជន​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ​ហើយ បាន​ជា​ព្រះ‌អង្គ​សម្លាប់​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ"។ ឥឡូវ​នេះ ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ​ថា "ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដីសប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​អត់​ទោស​សេចក្ដី​ទុច្ចរិត និង​អំពើ​រំលង តែ​មិន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​ទោស​ឡើយ គឺ​ព្រះ‌អង្គ​ដាក់​ទោស​អំពើ​ទុច្ចរិត​របស់​ឪពុក​ដល់​កូន​ចៅ រហូត​ដល់​បី​បួន​ជំនាន់​ផង"។ សូម​អត់​ទោស​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ តាម​សេចក្ដី​សប្បុរស​ដ៏​ធំ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​អត់​ទោស​ឲ្យ​តាម​ពាក្យ​របស់​អ្នក ប៉ុន្តែ ដូច​ដែល​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ផែនដី​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យ៉ាង​ណា ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។ ប៉ុន្តែ កាលែប​ជា​អ្នក​បម្រើ​របស់​យើង ព្រោះ​គាត់​មាន​វិញ្ញាណ​ខុស​ពី​អ្នក​ដទៃ ហើយ​គាត់​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក នោះ​យើង​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ‌ពង្ស​របស់​គាត់​នឹង​កាន់​កាប់​ស្រុក​នោះ។ ឥឡូវ​នេះ ដោយ​ព្រោះ​សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន​រស់​នៅ​តាម​ជ្រលង​ភ្នំ ស្អែក​នេះ អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ ចេញ​ទៅ​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «តើ​យើង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​ក្រុម​ជំនុំ​អាក្រក់ ដែល​គេ​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​នេះ ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​ហើយ ចូរ​ប្រាប់​គេ​ថា "ដូច​ដែល​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​ឮ​អ្នក​រាល់​គ្នា​និយាយ ខ្មោច​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ រហូត​ដល់​គ្រប់​ចំនួន គឺ​អស់​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ជា​មនុស្ស​ដែល​បាន​រអ៊ូ‌រទាំ​ទាស់​នឹង​យើង អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ្នក​រាល់​គ្នា​រស់​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ។ រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ពោល​ថា គេ​នឹង​ក្លាយ​ទៅ​ជា​រំពា​ដល់​គេ នោះ​យើង​នឹង​នាំ​ពួកគេ​ចូល​វិញ ហើយ​ពួកគេ​នឹង​ស្គាល់​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​ស្អប់​ខ្ពើម។ ចំណែក​អ្នក​រាល់​គ្នា​វិញ សាក‌សព​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​សែ‌សិប​ឆ្នាំ ហើយ​ត្រូវ​ទទួល​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​សាក‌សព​នៅ​ក្នុង​ទី​រហោ‌ស្ថាន។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​រង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​អស់​សែ‌សិប​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​សែ‌សិប​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ឆ្នាំ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ដែល​ប្រឆាំង​នឹង​យើង​នោះ​ជា​យ៉ាង​ណា"។ យើង​ជា​ព្រះ‌យេហូវ៉ា យើង​បាន​និយាយ​ហើយ ពិត​ប្រាកដ​ជា​យើង​នឹង​ប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ​ដ៏​អាក្រក់​នេះ ដែល​បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​នេះ»។ មនុស្ស​ដែល​លោក​ម៉ូសេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ត្រឡប់​មក​វិញ រួច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​រអ៊ូ‌រទាំ​ទាស់​នឹង​លោក ដោយ​នាំ​ដំណឹង​អាក្រក់​អំពី​ស្រុក​នោះ គឺ​ពួក​អ្នក​ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ គេ​បាន​ស្លាប់​ដោយ​គ្រោះ​កាច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ប៉ុន្ដែ ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​ប៉ុណ្ណោះ ដែល​នៅ​រស់។ កាល​លោក​ម៉ូសេ​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នោះ​ប្រជាជន​ក៏​យំ​ទួញ​ជា​ខ្លាំង។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:1-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជា‌ជន​នាំ​គ្នា​យំ​ពេញ​មួយ​យប់​នោះ។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «បើ​ទុក​ឲ្យ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​នេះ!។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​នាំ​ពួក​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ដោយ​មុខ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូន​តូចៗ​របស់​យើង មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន។ ហេតុ​នេះ គួរ​តែ​ពួក​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ប្រសើរ​ជាង»។ ពួក​គេ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹក​នាំ​មួយ​រូប ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល។ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ពោល​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​មួយ​ដ៏​ល្អ​បំផុត។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​យើង ព្រះអង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ‌ខាន។ សូម​បងប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។ ពេល​នោះ សហគមន៍​ទាំង​មូល​គិត​គ្នា​បម្រុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​លោក ប៉ុន្តែ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​លើ​ពន្លា​ជួប​ព្រះអង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត? យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​លុប​បំបាត់​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង និង​មាន​កម្លាំង​ជាង​ពួក​នេះ»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ជន‌ជាតិ​អេស៊ីប​ដឹង​ថា ព្រះអង្គ​បាន​នាំ​ប្រជា‌ជន​នេះ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះអង្គ​ដែល​ជា​ព្រះ‌អម្ចាស់ គង់​នៅ​ជា​មួយ​ប្រជា‌ជន​នេះ។ ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះអង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះអង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។ ប្រសិន​បើ​ព្រះអង្គ​ប្រហារ​ប្រជា‌ជន​នេះ​ឲ្យ​វិនាស​ទាំង​ស្រុង ដូច្នេះ ប្រជា‌ជាតិ​ដែល​ធ្លាប់​ឮ​ល្បី​អំពី​ព្រះអង្គ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​មិន​អាច​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រល័យ​ជីវិត​ពួក​គេ នៅ​ក្នុង​វាល​រហោ‌ស្ថាន។ ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​ព្រះអង្គ ដូច​ទ្រង់​ធ្លាប់​ប្រកាស​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​លើក‌លែង​ទោស និង​កំហុស ប៉ុន្តែ ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។ សូម​មេត្តា​អត់‌ទោស​ឲ្យ​ប្រជា‌ជន​នេះ តាម​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់‌ទោស​ឲ្យ​ពួក​គេ តាម​ពាក្យ​របស់​អ្នក! ក៏​ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយ​មាន​សិរី‌រុងរឿង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​ថា: អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។ ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។ រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។ ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ដូច​ត​ទៅ៖ «តើ​សហគមន៍​ដ៏​អាក្រក់​នេះ​នៅ​តែ​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ហើយ។ ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​ក្នុង​វាល​រហោ‌ស្ថាន​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​បាន​ជំរឿន មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង។ អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក‌លែង​តែ​កាលែប​ជា​កូន​របស់​យេភូ‌នេ និង​យ៉ូស្វេ ជា​កូន​របស់​នូន។ រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ពនេ‌ចរ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ហើយ​ពួក​គេ​ត្រូវ​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន។ អ្នក​រាល់​គ្នា​បាន​ទៅ​សង្កេត​មើល​ស្រុក អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រង​នូវ​កំហុស​របស់​ខ្លួន​ចំនួន​សែ‌សិប​ឆ្នាំ​ដែរ គឺ​មួយ​ឆ្នាំ​សម្រាប់​មួយ​ថ្ងៃ។ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ដឹង​ថា ពេល​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា តើ​កើត​មាន​ផល​វិបាក​យ៉ាង​ណា។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន​នេះ»។ អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​ត្រឡប់​មក​វិញ បាន​និយាយ​បង្ខូច​ស្រុក​ធ្វើ​ឲ្យ​សហគមន៍​ទាំង​មូល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក គឺ​ពួក​គេ​បាន​រាយ‌ការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់​ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។ លោក​ម៉ូសេ​បាន​នាំ​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ធ្វើ​ឲ្យ​ប្រជា‌ជន​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:1-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ឡើង​សំឡេង​ស្រែក ហើយ​នៅ​យប់​នោះ បណ្តាជន​ក៏​យំ​គ្រប់​គ្នា នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង តើ​ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ ហើយ​ឲ្យ​ប្រពន្ធ​កូន​យើង​ទៅ​ជា​រំពា​គេ​ផង ចុះ​បើ​យើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​មាន​ប្រយោជន៍​ជា​ជាង​ទេ​ឬ​អី រួច​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​រើស​យក​មេ​ម្នាក់ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ​ទៅ។ នោះ​ម៉ូសេ នឹង​អើរ៉ុន លោក​ទំលាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ហើយ​យ៉ូស្វេ ជា​កូន​នុន នឹង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ដ៏​ហូរ‌ហៀរ កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឃើញ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា តើ​ជន​ទាំង‌ឡាយ​នេះ​នឹង​នៅ​តែ​មើល‌ងាយ​អញ​ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំគាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្តាល​គេ​ជា​ច្រើន​ម៉្លេះ​ផង ដូច្នេះ អញ​នឹង​វាយ​គេ ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​នឹង​កាត់‌កាល់​គេ​ចោល​ចេញ រួច​អញ​នឹង​បង្កើត​សាសន៍១​ដ៏​ធំ​ជាង ហើយ​ពូកែ​ជាង​ពី​ឯង​វិញ។ តែ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា បើ​ដូច្នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដែរ (ដ្បិត​ទ្រង់​បាន​នាំ​បណ្តាជន​នេះ​ពី​កណ្តាល​គេ ឡើង​មក​ដោយ​ព្រះ‌ចេស្តា​ទ្រង់) នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ នឹង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់ ដូច្នេះ បើ​ទ្រង់​សំឡាប់​ពួក​ជន​ទាំង​នេះ ដូច​ជា​មនុស្ស​តែ​ម្នាក់ នោះ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​ឮ​ល្បី​ពី​ទ្រង់ គេ​នឹង​ដៀល​ថា ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សំឡាប់​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន​វិញ ឥឡូវ​នេះ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ជា​ទ្រង់​មាន​បន្ទូល​រួច​ហើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា​ជា​បរិបូរ ទ្រង់​តែង​អត់​ទោស​នៃ​សេចក្ដី​ទុច្ចរិត នឹង​ការ​រំលង តែ​មិន​មែន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​នោះ​ឡើយ គឺ​ទ្រង់​តែង​ធ្វើ​ទោស​នៃ​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​ដល់​កូន​ចៅ​ទាំង​៣​ដំណ ហើយ​៤​ដំណ​ផង ទូលបង្គំ​សូម​អង្វរ​ទ្រង់ សូម​អត់​ទោស​នៃ​ការ​ទុច្ចរិត​របស់​ពួក​ជន​នេះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​អត់​ទោស​ឲ្យ​តាម​ពាក្យ​ឯង​ហើយ ប៉ុន្តែ អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ នឹង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ គឺ​ពួក​ដែល​មើល‌ងាយ​អញ​នោះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​នោះ​ឡើយ ដោយ​ព្រោះ​គេ​បាន​ល្បង‌ល​អញ ទាំង​១០​ដង​នេះ​ហើយ ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​អញ​ផង តែ​ឯ​កាលែប ជា​អ្នក​បំរើ​របស់​អញ នោះ​អញ​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ​គាត់​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ ពី​ព្រោះ​មាន​វិញ្ញាណ​ផ្សេង​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក (រីឯ​សាសន៍​អាម៉ា‌លេក ហើយ​នឹង​សាសន៍​កាណាន គេ​អាស្រ័យ​នៅ​ក្នុង​វាល​ច្រក​ភ្នំ​នោះ) ដល់​ស្អែក​នេះ ចូរ​ឯង​រាល់​គ្នា​វិល​ដើរ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា តើ​ត្រូវ​ឲ្យ​អញ​ទ្រាំ‌ទ្រ​នឹង​ពួក​ជំនុំ​អាក្រក់ ដែល​គេ​រទូ‌រទាំ​ទាស់​នឹង​អញ​នេះ ដល់​កាល​ណា​ទៀត អញ​បាន​ឮ​ពាក្យ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​រទូ‌រទាំ​ទាស់​នឹង​អញ​នោះ​ហើយ ចូរ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា តាម​ពាក្យ​ដែល​បាន​និយាយ​ដាក់​ត្រចៀក​អញ​នោះ​ជា​មិន​ខាន គឺ​ខ្មោច​របស់​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​បាន​រទូ‌រទាំ​ទាស់​នឹង​អញ នោះ​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ​ឯង ដរាប​ដល់​គ្រប់​ចំនួន​នោះ ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ នឹង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ហើយ​កូន​ចៅ​របស់​ឯង​រាល់​គ្នា នឹង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​៤០​ឆ្នាំ ព្រម​ទាំង​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំផិត​របស់​ឯង​រាល់​គ្នា ដរាប​ដល់​ខ្មោច​ឯង​ទាំង​ប៉ុន្មាន​បាន​រលួយ​ទៅ នៅ​ទី​រហោ‌ស្ថាន​នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ពួក​ជំនុំ​ខូច​អាក្រក់ ដែល​បាន​ប្រមូល​គ្នា​ទាស់​នឹង​អញ​នេះ​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​រោយ‌រៀវ​ទៅ នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។ ឯ​ពួក​មនុស្ស​ដែល​ម៉ូសេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ដែល​គេ​ត្រឡប់​មក​វិញ បណ្តាល​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​រទូ‌រទាំ​ទាស់​នឹង​លោក ដោយ​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ ពួក​អ្នក​នោះ​ឯង ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ​មក គេ​ក៏​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ការ​ប្រហារ​របស់​ទ្រង់​ទៅ ដូច្នេះ ក្នុង​ពួក​មនុស្ស​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​នោះ មាន​តែ​យ៉ូស្វេ ជា​កូន​នុន នឹង​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ​ទេ​ដែល​នៅ​រស់។ ម៉ូសេ​ក៏​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន រួច​គេ​យំ​ទួញ​ជា​ខ្លាំង

ចែក​រំលែក
អាន ជនគណនា 14