ជនគណនា 14:1-24
ជនគណនា 14:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំនៅយប់នោះ។ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នារអូរទាំទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន។ ក្រុមជំនុំទាំងអស់គ្នាពោលទៅកាន់លោកទាំងពីរថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេស៊ីព្ទ ឬស្លាប់នៅក្នុងទីរហោស្ថាននេះវិញប្រសើរជាង! ហេតុអ្វីបានជាព្រះយេហូវ៉ានាំយើងចូលទៅក្នុងស្រុកនោះ ឲ្យដួលស្លាប់ដោយដាវដូច្នេះ? ប្រពន្ធ និងកូនៗរបស់យើងនឹងក្លាយទៅជារំពារបស់គេមិនខាន ហើយដែលយើងវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ នោះតើមិនប្រសើរជាងទេឬ?» ដូច្នេះ គេនិយាយគ្នាទៅវិញទៅមកថា៖ «ចូរយើងជ្រើសរើសមេដឹកនាំម្នាក់ ហើយវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។ ពេលនោះ លោកម៉ូសេ និងអើរ៉ុន ក្រាបចុះមុខដល់ដីនៅចំពោះក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា។ ក្នុងចំណោមអស់អ្នកដើរសង្កេតមើលស្រុក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេ ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចពោលទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ស្រុកដែលយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះឡើយ ដ្បិតគេគ្រាន់តែជាអាហារសម្រាប់យើងប៉ុណ្ណោះ ទីការពាររបស់គេបានរើចេញពីគេទៅហើយ ព្រះយេហូវ៉ាក៏គង់នៅជាមួយយើងដែរ មិនត្រូវខ្លាចគេឡើយ»។ ប៉ុន្តែ ក្រុមជំនុំទាំងមូលគិតគ្នាបម្រុងនឹងយកដុំថ្មគប់សម្លាប់ពួកគេ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ឃើញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើល៍ងាយយើងដល់កាលណា? យើងបានធ្វើអស់ទាំងទីសម្គាល់ក្នុងចំណោមពួកគេ តើពួកគេនៅតែមិនជឿដល់យើងដល់កាលណាទៀត? យើងនឹងវាយគេដោយជំងឺអាសន្នរោគ ហើយកាត់កាល់គេចោលចេញ រួចយើងនឹងធ្វើឲ្យអ្នកទៅជាសាសន៍មួយដែលធំជាង ហើយពូកែជាងពួកនេះ»។ ប៉ុន្តែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «បើដូច្នោះសាសន៍អេស៊ីព្ទនឹងឮដំណឹងនេះ ដ្បិតព្រះអង្គបាននាំប្រជាជននេះចេញពីចំណោមពួកគេមក ដោយព្រះចេស្តារបស់ព្រះអង្គ ហើយគេនឹងប្រាប់មនុស្សដែលរស់នៅក្នុងស្រុកនេះ។ គេបានឮថា ព្រះយេហូវ៉ាគង់នៅកណ្ដាលប្រជាជននេះ ក៏ឮថា ប្រជាជននេះឃើញព្រះយេហូវ៉ាផ្ទាល់នឹងភ្នែក ហើយថា ពពករបស់ព្រះអង្គស្ថិតនៅពីលើគេ ហើយព្រះអង្គយាងនាំមុខគេក្នុងបង្គោលពពកនៅពេលថ្ងៃ និងក្នុងបង្គោលភ្លើងនៅពេលយប់។ ដូច្នេះ ប្រសិនបើព្រះអង្គសម្លាប់ប្រជាជននេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មានដែលបានឮល្បីពីព្រះអង្គ គេនឹងពោលថា "ដោយព្រោះតែព្រះយេហូវ៉ាមិនអាចនាំប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់គេហើយ បានជាព្រះអង្គសម្លាប់គេនៅក្នុងទីរហោស្ថានដូច្នេះ"។ ឥឡូវនេះ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យព្រះចេស្តារបស់ព្រះអម្ចាស់បានធំ ដូចព្រះអង្គមានព្រះបន្ទូលរួចហើយថា "ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ព្រះអង្គអត់ទោសសេចក្ដីទុច្ចរិត និងអំពើរំលង តែមិនរាប់មនុស្សមានទោស ទុកជាគ្មានទោសឡើយ គឺព្រះអង្គដាក់ទោសអំពើទុច្ចរិតរបស់ឪពុកដល់កូនចៅ រហូតដល់បីបួនជំនាន់ផង"។ សូមអត់ទោសអំពើទុច្ចរិតរបស់ប្រជាជននេះ តាមសេចក្ដីសប្បុរសដ៏ធំរបស់ព្រះអង្គ ដូចព្រះអង្គបានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ»។ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងអត់ទោសឲ្យតាមពាក្យរបស់អ្នក ប៉ុន្តែ ដូចដែលយើងមានព្រះជន្មរស់នៅ ហើយផែនដីទាំងមូលនឹងមានពេញដោយសិរីល្អរបស់ព្រះយេហូវ៉ាយ៉ាងណា ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង នោះគ្មានអ្នកណានឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់ដូនតារបស់គេឡើយ គឺក្នុងចំណោមអ្នកទាំងនោះដែលមើលងាយយើង គ្មានអ្នកណាបានឃើញស្រុកនោះឡើយ។ ប៉ុន្តែ កាលែបជាអ្នកបម្រើរបស់យើង ព្រោះគាត់មានវិញ្ញាណខុសពីអ្នកដទៃ ហើយគាត់បានប្រព្រឹត្តតាមយើងគ្រប់ជំពូក នោះយើងនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជពង្សរបស់គាត់នឹងកាន់កាប់ស្រុកនោះ។
ជនគណនា 14:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍អ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។ ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។ លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។ ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ សូមបងប្អូនកុំបះបោរប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។ ពេលនោះ សហគមន៍ទាំងមូលគិតគ្នាបម្រុងយកដុំថ្មគប់សម្លាប់ពួកលោក ប៉ុន្តែ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅលើពន្លាជួបព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ឃើញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត? យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ជនជាតិអេស៊ីបដឹងថា ព្រះអង្គបាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញឲ្យពួកគេឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។ ប្រសិនបើព្រះអង្គប្រហារប្រជាជននេះឲ្យវិនាសទាំងស្រុង ដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីព្រះអង្គនឹងពោលថា: ព្រះអម្ចាស់មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដី ដែលព្រះអង្គបានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាព្រះអង្គប្រល័យជីវិតពួកគេ នៅក្នុងវាលរហោស្ថាន។ ឥឡូវនេះ សូមព្រះអម្ចាស់សម្តែងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់ព្រះអង្គ ដូចទ្រង់ធ្លាប់ប្រកាសថា “ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គលើកលែងទោស និងកំហុស ប៉ុន្តែ ព្រះអង្គមិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។ សូមមេត្តាអត់ទោសឲ្យប្រជាជននេះ តាមព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ ដូចព្រះអង្គតែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសុខចិត្តអត់ទោសឲ្យពួកគេ តាមពាក្យរបស់អ្នក! ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។ ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។ រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើល ពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
ជនគណនា 14:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែល ក៏ឡើងសំឡេងស្រែក ហើយនៅយប់នោះ បណ្តាជនក៏យំគ្រប់គ្នា នោះគេរទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា ស៊ូឲ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្តឲ្យស្លាប់ទៅជាជាង តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ ហើយឲ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។ នោះម៉ូសេ នឹងអើរ៉ុន លោកទំលាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ហើយយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសំលៀកបំពាក់ខ្លួន ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនឹងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។ តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់) នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ នឹងក្នុងបង្គោលភ្លើងនៅវេលាយប់ ដូច្នេះ បើទ្រង់សំឡាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុកដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសំឡាប់គេ នៅក្នុងទីរហោស្ថានវិញ ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានបន្ទូលរួចហើយថា ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត នឹងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញអត់ទោសឲ្យតាមពាក្យឯងហើយ ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ នឹងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកឰយុកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង តែឯកាលែប ជាអ្នកបំរើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ចំពូក