ជនគណនា 14:1-12
ជនគណនា 14:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំនៅយប់នោះ។ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នារអូរទាំទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន។ ក្រុមជំនុំទាំងអស់គ្នាពោលទៅកាន់លោកទាំងពីរថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេស៊ីព្ទ ឬស្លាប់នៅក្នុងទីរហោស្ថាននេះវិញប្រសើរជាង! ហេតុអ្វីបានជាព្រះយេហូវ៉ានាំយើងចូលទៅក្នុងស្រុកនោះ ឲ្យដួលស្លាប់ដោយដាវដូច្នេះ? ប្រពន្ធ និងកូនៗរបស់យើងនឹងក្លាយទៅជារំពារបស់គេមិនខាន ហើយដែលយើងវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ នោះតើមិនប្រសើរជាងទេឬ?» ដូច្នេះ គេនិយាយគ្នាទៅវិញទៅមកថា៖ «ចូរយើងជ្រើសរើសមេដឹកនាំម្នាក់ ហើយវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។ ពេលនោះ លោកម៉ូសេ និងអើរ៉ុន ក្រាបចុះមុខដល់ដីនៅចំពោះក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា។ ក្នុងចំណោមអស់អ្នកដើរសង្កេតមើលស្រុក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនុន និងលោកកាលែប ជាកូនរបស់លោកយេភូនេ ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចពោលទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ស្រុកដែលយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។ សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះឡើយ ដ្បិតគេគ្រាន់តែជាអាហារសម្រាប់យើងប៉ុណ្ណោះ ទីការពាររបស់គេបានរើចេញពីគេទៅហើយ ព្រះយេហូវ៉ាក៏គង់នៅជាមួយយើងដែរ មិនត្រូវខ្លាចគេឡើយ»។ ប៉ុន្តែ ក្រុមជំនុំទាំងមូលគិតគ្នាបម្រុងនឹងយកដុំថ្មគប់សម្លាប់ពួកគេ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ឃើញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើល៍ងាយយើងដល់កាលណា? យើងបានធ្វើអស់ទាំងទីសម្គាល់ក្នុងចំណោមពួកគេ តើពួកគេនៅតែមិនជឿដល់យើងដល់កាលណាទៀត? យើងនឹងវាយគេដោយជំងឺអាសន្នរោគ ហើយកាត់កាល់គេចោលចេញ រួចយើងនឹងធ្វើឲ្យអ្នកទៅជាសាសន៍មួយដែលធំជាង ហើយពូកែជាងពួកនេះ»។
ជនគណនា 14:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សហគមន៍អ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។ ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។ លោកម៉ូសេ និងលោកអើរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។ ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។ សូមបងប្អូនកុំបះបោរប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។ ពេលនោះ សហគមន៍ទាំងមូលគិតគ្នាបម្រុងយកដុំថ្មគប់សម្លាប់ពួកលោក ប៉ុន្តែ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅលើពន្លាជួបព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ឃើញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត? យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។
ជនគណនា 14:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែល ក៏ឡើងសំឡេងស្រែក ហើយនៅយប់នោះ បណ្តាជនក៏យំគ្រប់គ្នា នោះគេរទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា ស៊ូឲ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្តឲ្យស្លាប់ទៅជាជាង តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ ហើយឲ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។ នោះម៉ូសេ នឹងអើរ៉ុន លោកទំលាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ហើយយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសំលៀកបំពាក់ខ្លួន ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនឹងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។