ជនគណនា 13:27-33
ជនគណនា 13:27-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។ ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។ សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។ ប៉ុន្ដែ កាលែបបានប្រាប់ឲ្យប្រជាជននៅស្ងៀមនៅចំពោះមុខលោកម៉ូសេ ហើយពោលថា៖ «ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់ ដ្បិតយើងអាចនឹងយកជ័យជម្នះបានដោយស្រួល»។ ពេលនោះ មនុស្សដែលបានឡើងទៅជាមួយលោកពោលថា៖ «ពួកយើងពុំអាចឡើងទៅទាស់នឹងប្រជាជននេះបានទេ ដ្បិតគេខ្លាំងពូកែជាងពួកយើង»។ ដូច្នេះ អ្នកទាំងនោះនាំគ្នានិយាយអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ប្រាប់កូនចៅអ៊ីស្រាអែលថា៖ «ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញក្នុងស្រុកនោះទាំងប៉ុន្មាន សុទ្ធតែមាឌធំៗ។ នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
ជនគណនា 13:27-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេជម្រាបលោកម៉ូសេដូចតទៅ៖ «យើងខ្ញុំបានទៅដល់ស្រុក ដែលលោកចាត់យើងខ្ញុំឲ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើលផ្លែឈើទាំងនេះចុះ!។ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សម្បើម។ ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរី រស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែរសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។ ប្រជាជនក៏នាំគ្នារករឿងលោកម៉ូសេ តែលោកកាលែបបានប្រាប់ពួកគេឲ្យនៅស្ងៀម ហើយមានប្រសាសន៍ថា៖ «ចូរយើងនាំគ្នាឡើងទៅដណ្ដើមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជម្នះមិនខាន!»។ ក៏ប៉ុន្តែ អស់អ្នកដែលឡើងទៅសង្កេតមើលស្រុកជាមួយលោក នាំគ្នាពោលថា៖ «ពួកយើងពុំអាចឡើងទៅវាយប្រជាជននោះឡើយ ព្រោះពួកគេមានកម្លាំងជាងពួកយើង!»។ ពួកគេនាំគ្នានិយាយបង្ខូចស្រុក ដែលពួកគេបានទៅសង្កេតមើលនោះប្រាប់កូនចៅអ៊ីស្រាអែល។ ពួកគេពោលថា៖ «ស្រុកដែលពួកយើងបានធ្វើដំណើរឆ្លងកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកបំផ្លាញប្រជាជន។ ពួកយើងបានឃើញអស់អ្នកដែលរស់នៅក្នុងស្រុកនោះជាមនុស្សមានមាឌខ្ពស់។ យើងក៏បានឃើញមនុស្សមានមាឌធំសម្បើម ជាកូនចៅលោកអណាក់ គឺពូជមនុស្សដែលមានមាឌយ៉ាងធំសម្បើម។ បើធៀបទៅនឹងពួកគេ ពួកយើងប្រៀបបីដូចជាកណ្ដូប ហើយពួកគេចាត់ទុកយើងដូចសត្វកណ្ដូប»។
ជនគណនា 13:27-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេជំរាបថា យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះ ស្រុកនោះមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះនែ ផលរបស់ស្រុកនោះ ប៉ុន្តែ មនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង ១ទៀតយើងខ្ញុំបានឃើញកូនចៅអ័ណាក់ នៅស្រុកនោះដែរ សាសន៍អាម៉ាលេកគេនៅស្រុកខាងត្បូង ហើយសាសន៍ហេត សាសន៍យេប៊ូស នឹងសាសន៍អាម៉ូរីគេនៅស្រុកភ្នំ ឯខាងសមុទ្រ ហើយនៅមាត់ទន្លេយ័រដាន់ នោះមានសាសន៍កាណានវិញ។ ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល ប៉ុន្តែមនុស្សដែលបានឡើងទៅជាមួយគ្នា គេប្រកែកថា យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់ អ្នកទាំងនោះក៏បង្កបង្កើតរឿងអាក្រក់ពីស្រុក ដែលគេបានសង្កេតមើលនោះ ដោយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចដល់ពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ នៅស្រុកនោះយើងបានឃើញពួកមនុស្សធំសំបើម គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសំបើម យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ។