ជនគណនា 13:26-29

ជនគណនា 13:26-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។ គេ​ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ​ហើយ។ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​ហើយ​ជា​ផ្លែ​ឈើ​របស់​ស្រុក​នោះ។ ប៉ុន្តែ មនុស្ស​ដែល​នៅ​ក្នុង​ស្រុក​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ ទី​ក្រុង​របស់​គេ​មាន​កំផែង​រឹង‌មាំ ហើយ​ធំៗ ម្យ៉ាង​ទៀត យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​របស់​អ័ណាក់​នៅ​ទី​នោះ​ទៀត​ផង។ សាសន៍​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី រស់​នៅ​ស្រុក​ភ្នំ រីឯ​សាសន៍​កាណាន រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​ទន្លេ​យ័រ‌ដាន់»។

ចែក​រំលែក
អាន ជនគណនា 13

ជនគណនា 13:26-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ‌ការណ៍​ជម្រាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។ ពួក​គេ​ជម្រាប​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយមែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។ ប៉ុន្តែ ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទីក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹង‌មាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សម្បើម។ ជន‌ជាតិ​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។

ចែក​រំលែក
អាន ជនគណនា 13

ជនគណនា 13:26-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ត្រឡប់​មក​ដល់​ម៉ូសេ នឹង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង គេ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ ស្រុក​នោះ​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​នែ ផល​របស់​ស្រុក​នោះ ប៉ុន្តែ មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស នឹង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។

ចែក​រំលែក
អាន ជនគណនា 13