ជនគណនា 13:17-26
ជនគណនា 13:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេបានចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយប្រាប់គេថា៖ «ចូរនាំគ្នាចូលទៅតំបន់ណេកិប ហើយឡើងចូលទៅស្រុកភ្នំ រួចសង្កេតមើលស្រុកនោះតើមានលក្ខណៈដូចម្ដេច ហើយតើមនុស្សដែលរស់នៅក្នុងស្រុកខ្លាំង ឬខ្សោយ តើគេមានគ្នាច្រើន ឬតិច តើស្រុកដែលគេរស់នៅនោះល្អ ឬអាក្រក់ ហើយក្រុងដែលគេរស់នៅនោះ ជាជំរំ ឬជាកំផែងមាំមួន រីឯស្រុកនោះ តើមាន ឬក្រ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើខ្លះពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរដែលទើបនឹងទុំលើកដំបូង។ ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។ ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។ ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរមួយចង្កោម រួចគេឲ្យគ្នាពីរនាក់យកឈើសែង។ គេក៏បានបេះផ្លែទទឹម និងផ្លែល្វាខ្លះមកជាមួយដែរ។ គេបានដាក់ឈ្មោះកន្លែងនោះថា ជ្រលងភ្នំអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរដែលកូនចៅអ៊ីស្រាអែលបានកាត់ពីទីនោះ។ ក្រោយពីបានសង្កេតស្រុកនោះអស់រយៈពេលសែសិបថ្ងៃ គេក៏វិលត្រឡប់មកវិញ។ ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
ជនគណនា 13:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ ចូរសង្កេតមើលថា តើស្រុកនោះមានលក្ខណៈដូចម្ដេច តើប្រជាជនដែលរស់នៅក្នុងស្រុកនោះខ្លាំងពូកែ ឬខ្សោយ ពួកគេមានគ្នាតិច ឬច្រើន។ តើស្រុកដែលពួកគេរស់នៅនោះ ល្អ ឬអាក្រក់ តើក្រុងដែលពួកគេរស់នៅជាជំរំ ឬជាក្រុងដែលមានកំពែងរឹងមាំ។ ចំណែកឯទឹកដីវិញ តើមានជីជាតិល្អ ឬក៏ជាដីគ្មានជីជាតិ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរទុំ។ ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។ ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីប។ ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះ មកជាមួយដែរ។ គេបានដាក់ឈ្មោះកន្លែងនោះថា «ជ្រលងភ្នំអែសកុល» ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។ ក្រោយពីបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ពួកគេក៏វិលត្រឡប់មកវិញ។ ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
ជនគណនា 13:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ នឹងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន ហើយនឹងដីនៅស្រុកនោះ តើកើតផលជាបរិបូរឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។ ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ នឹងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ) រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម នឹងផ្លែល្វាផង គេហៅទីនោះថា ជ្រោះអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ រួចក្រោយមក៤០ថ្ងៃ គេក៏ត្រឡប់មកពីសង្កេតមើលស្រុកនោះវិញ។ គេត្រឡប់មកដល់ម៉ូសេ នឹងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក នឹងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង