ជនគណនា 12:1-10
ជនគណនា 12:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេកំពុងនៅហាសិរ៉ូត ម៉ារាម និងលោកអើរ៉ុននិយាយទាស់នឹងលោកម៉ូសេ ដោយព្រោះប្រពន្ធរបស់លោកជាស្ត្រីសាសន៍គូស ដ្បិតលោកបានយកស្ត្រីសាសន៍គូសធ្វើជាប្រពន្ធ។ គេនិយាយថា៖ «តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែតាមរយៈលោកម៉ូសេប៉ុណ្ណោះទេឬ? តើព្រះអង្គមិនបានមានព្រះបន្ទូលតាមរយៈពួកយើងដែរទេឬ?» ព្រះយេហូវ៉ាបានឮពាក្យនោះ។ រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។ រំពេចនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ អើរ៉ុន និងម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅកាន់ត្រសាលជំនុំទៅ»។ ដូច្នេះ អ្នកទាំងបីក៏ចេញទៅ។ ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងបង្គោលពពក ឈរនៅត្រង់ទ្វារចូលត្រសាល ហើយមានព្រះបន្ទូលហៅអើរ៉ុន និងម៉ារាម រួចអ្នកទាំងពីរក៏ចេញមក។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។ ចំណែកឯម៉ូសេ ជាអ្នកបម្រើរបស់យើង យើងមិនធ្វើដូច្នោះទេ ព្រោះគាត់ជាអ្នកស្មោះត្រង់ក្នុងដំណាក់របស់យើងទាំងមូល។ យើងនិយាយជាមួយគាត់ដោយផ្ទាល់មាត់ យ៉ាងច្បាស់ មិនមែនដោយប្រស្នាទេ ហើយគាត់សម្លឹងមើលរូបអង្គនៃព្រះយេហូវ៉ាទៀតផង។ ចុះហេតុអ្វីបានជាអ្នកហ៊ាននិយាយទាស់នឹងម៉ូសេ ជាអ្នកបម្រើរបស់យើងដូច្នេះ?»។ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចេញទៅ។ កាលពពកអណ្ដែតឡើងផុតពីលើត្រសាល នោះមើល៍ ម៉ារាមក៏កើតឃ្លង់ សដូចហិមៈ។ អើរ៉ុនបែរមករកម៉ារាម ឃើញនាងកើតឃ្លង់។
ជនគណនា 12:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យនេះ។ លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។ រំពេចនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។ ព្រះអម្ចាស់យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្ដាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះអម្ចាស់ សម្តែងឲ្យព្យាការីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេ តាមរយៈសុបិននិមិត្ត។ ចំណែកឯម៉ូសេ ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។ យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្តែងឲ្យម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់យើងដូច្នេះ?»។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។ ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។
ជនគណនា 12:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯម៉ារាម នឹងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។ នោះលោតែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ ព្រះយេហូវ៉ាទ្រង់ក៏ចុះមកក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានបន្ទូលហៅចំពោះអើរ៉ុន នឹងម៉ារាម រួចគេក៏ចេញមក ទ្រង់មានបន្ទូលដូច្នេះថា ចូរស្តាប់អញចុះ បើមានហោរាណានៅក្នុងពួកឯងរាល់គ្នា នោះអញដ៏ជាព្រះយេហូវ៉ា អញនឹងឲ្យអ្នកនោះស្គាល់អញក្នុងការជាក់ស្តែង ហើយអញនឹងនិយាយនឹងអ្នកនោះ ដោយការពន្យល់សប្តិ ឯម៉ូសេជាអ្នកបំរើអញ នោះអញមិនធ្វើដូច្នោះទេ ព្រោះជាអ្នកស្មោះត្រង់ក្នុងផ្ទះរបស់អញទាំងមូល អញនឹងនិយាយផ្ទាល់មាត់នឹងលោកយ៉ាងច្បាស់វិញ គឺមិនមែនដោយប្រស្នាទេ លោកនឹងបានឃើញរូបអង្គនៃព្រះយេហូវ៉ាផង ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេ ជាអ្នកបំរើអញដូច្នេះ។ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ