ជនគណនា 11:24-33

ជនគណនា 11:24-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ លោក​ម៉ូសេ​ក៏​ចេញ​ទៅ ហើយ​នាំ​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទៅ​ប្រាប់​ប្រជាជន។ លោក​ប្រមូល​ចាស់‌ទុំ​ចិត​សិប​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំ‌វិញ​ត្រសាល​ជំនុំ។ ពេល​នោះ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ក្នុង​ពពក ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក រួច​យក​វិញ្ញាណ​ខ្លះ ដែល​សណ្ឋិត​លើ​លោក ទៅ​ដាក់​លើ​ចាស់‌ទុំ​ទាំង​ចិត​សិប​នាក់។ កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​ពួកគេ ពួកគេ​ក៏​ថ្លែង​ទំនាយ តែ​មិន​បាន​ថ្លែង​ត​ទៅ​ទៀត​ទេ។ មាន​បុរស​ពីរ​នាក់​ស្ថិត​នៅ​ក្នុង​ជំរំ មួយ​ឈ្មោះ​អែលដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ហើយ​ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ។ អ្នក​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​រោង​ឧបោសថ​ទេ ហើយ​គេ​ថ្លែង​ទំនាយ​នៅ​ក្នុង​ជំរំ។ យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ពី​រឿង​នោះ​ថា៖ «អែលដាដ និង​មីដាដ កំពុង​ថ្លែង​ទំនាយ​នៅ​ក្នុង​ជំរំ»។ ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ដែល​ជា​អ្នក​ជំនួយ​របស់​លោក​ម៉ូសេ តាំង​ពី​កំលោះ​មក ពោល​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ!» ប៉ុន្ដែ លោក​ម៉ូសេ​តប​ទៅ​គាត់​ថា៖ «តើ​អ្នក​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​ហោរា​ទាំង​អស់​គ្នា ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើ​គេ​ផង!»។ បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ជំរំ​វិញ។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​នាំ​សត្វ​ក្រួច​ពី​សមុទ្រ​មក ហើយ​ឲ្យ​ធ្លាក់​ក្បែរ​ជំរំ មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណេះ ហើយ​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណោះ ជុំ‌វិញ​ជំរំ​ទាំង​អស់ ហើយ​គ​លើ​គ្នា​កម្ពស់​ប្រហែល​ពីរ​ហត្ថ​ពី​ដី។ ដូច្នេះ ប្រជាជន​ក្រោក​ឡើង នាំ​គ្នា​ចាប់​ក្រួច​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​ពេញ​មួយ​ថ្ងៃ​បន្ទាប់​ទៀត។ អ្នក​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដប់​ហាប រួច​គេ​ហាល​សាច់​សត្វ​គ្រួច​ទាំង​នោះ​ទុក​សម្រាប់​ខ្លួន​គេ​នៅ​ជុំ‌វិញ​ជំរំ។ ប៉ុន្តែ កាល​សាច់​នោះ​កំពុង​នៅ​ជាប់​នឹង​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ប្រជាជន ហើយ​ព្រះ‌អង្គ​វាយ​ប្រជាជន​នោះ​ដោយ​គ្រោះ​កាច​មួយ​យ៉ាង​ធំ។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:24-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះ‌ពន្លា ហើយ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រាប់​ប្រជា‌ជន។ លោក​ប្រមូល​ព្រឹទ្ធា‌ចារ្យ​ចិត‌សិប​រូប​ពី​ក្នុង​ចំណោម​ប្រជា‌ជន ហើយ​នាំ​មក​ឈរ​នៅ​ជុំ‌វិញ​ពន្លា។ ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះអង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប។ ពេល​ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះ‌បន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។ មាន​ព្រឹទ្ធា‌ចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះ‌វិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធា‌ចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។ យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «លោក​អែល‌ដាដ និង​មីដាដ កំពុង​តែ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ»។ ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវ‌វ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។ លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។ បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​ឲ្យ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាស‌ពេញ​ជុំ‌វិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កម្ពស់​ប្រមាណ​ពីរ​ហត្ថ។ ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ‌វិញ​ជំរំ។ ពេល​ពួក​គេ​ដាក់​សាច់​ក្រួច​ក្នុង​មាត់ ហើយ​មិន​ទាន់​ទំពា​ស្រួល‌បួល​ផង​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌ជន ព្រះអង្គ​ប្រហារ​ពួក​គេ ដោយ​ភយន្ត‌រាយ​មួយ​ដ៏​ខ្លាំង។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:24-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​នាំ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចេញ​ទៅ​ប្រាប់​ដល់​បណ្តាជន រួច​លោក​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន​៧០​នាក់ មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំវិញ​ត្រសាល​ជំនុំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។ រីឯ​មាន​ពួក​គេ​២​នាក់ រារង់​នៅ​ឯ​ទី​ដំឡើង​ត្រសាល ១​ឈ្មោះ​អែលដាត ១​ទៀត​ឈ្មោះ​មីដាត ជា​ពួក​អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​ឯ​រោង​ឧបោសថ​ទេ ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ ហើយ​គេ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​រត់​ទៅ​ជំរាប​ម៉ូសេ​ពី​រឿង​នោះ​ថា អែលដាត នឹង​មីដាត គេ​កំពុង​តែ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល រួច​យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​ជំនិត​របស់​ម៉ូសេ តាំង​ពី​កំឡោះ​មក​ក៏​និយាយ​ថា លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា​ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់​លើ​គេ​គ្រប់​គ្នា​ចុះ នោះ​ម៉ូសេ ព្រម​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ដំឡើង​ត្រសាល​វិញ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​នាំ​សុទ្ធ​តែ​សត្វ​ក្រួច​ពី​សមុទ្រ​មក ឲ្យ​រាច​ចេញ​នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល មាន​ចំងាយ​ដើរ​១​ថ្ងៃ​ខាង​ណេះ ហើយ​១​ថ្ងៃ​ខាង​ណោះ នៅ​ព័ទ្ធ​ជុំវិញ ហើយ​កំពស់​ពី​ដី​ឡើង ប្រហែល​ជា​២​ហត្ថ ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សំរាប់​ខ្លួន​គេ តែ​កាល​សាច់​នោះ​កំពុង​ដំកល់​នៅ​នា​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា ក៏​ឆួល​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ទ្រង់​វាយ​បណ្តាជន​ទាំង‌ឡាយ ដោយ​សេចក្ដី​វេទនា​យ៉ាង​ធំ

ចែក​រំលែក
អាន ជនគណនា 11