ជនគណនា 11:24-30
ជនគណនា 11:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកម៉ូសេក៏ចេញទៅ ហើយនាំយកព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅប្រាប់ប្រជាជន។ លោកប្រមូលចាស់ទុំចិតសិបនាក់ ពីក្នុងចំណោមប្រជាជន មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ។ ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងពពក ហើយមានព្រះបន្ទូលមកកាន់លោក រួចយកវិញ្ញាណខ្លះ ដែលសណ្ឋិតលើលោក ទៅដាក់លើចាស់ទុំទាំងចិតសិបនាក់។ កាលព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ ពួកគេក៏ថ្លែងទំនាយ តែមិនបានថ្លែងតទៅទៀតទេ។ មានបុរសពីរនាក់ស្ថិតនៅក្នុងជំរំ មួយឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ហើយព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ។ អ្នកទាំងពីរបានចុះឈ្មោះរួចហើយ តែមិនបានចេញទៅរោងឧបោសថទេ ហើយគេថ្លែងទំនាយនៅក្នុងជំរំ។ យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេពីរឿងនោះថា៖ «អែលដាដ និងមីដាដ កំពុងថ្លែងទំនាយនៅក្នុងជំរំ»។ ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនុន ដែលជាអ្នកជំនួយរបស់លោកម៉ូសេ តាំងពីកំលោះមក ពោលថា៖ «លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ!» ប៉ុន្ដែ លោកម៉ូសេតបទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទៅជាហោរាទាំងអស់គ្នា ហើយសូមឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណព្រះអង្គលើគេផង!»។ បន្ទាប់មក លោកម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅជំរំវិញ។
ជនគណនា 11:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេចាកចេញពីព្រះពន្លា ហើយនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ លោកប្រមូលព្រឹទ្ធាចារ្យចិតសិបរូបពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញពន្លា។ ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោក។ ព្រះអង្គយកវិញ្ញាណមួយចំណែកពីលោក ប្រគល់ទៅឲ្យព្រឹទ្ធាចារ្យទាំងចិតសិបរូប។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្ដើមថ្លែងព្រះបន្ទូល តែថ្លែងមិនយូរទេ។ មានព្រឹទ្ធាចារ្យពីររូប ម្នាក់ឈ្មោះអែលដាដ និងម្នាក់ទៀតឈ្មោះមីដាដ ស្ថិតនៅក្នុងជំរំ ហើយព្រះវិញ្ញាណក៏បានគង់ជាមួយលោកទាំងពីរដែរ។ លោកទាំងពីរមានឈ្មោះក្នុងបញ្ជីព្រឹទ្ធាចារ្យ តែពុំបានទៅពន្លាជួបព្រះអម្ចាស់ទេ លោកទាំងពីរនាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។ យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអែលដាដ និងមីដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។ ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់លោកម៉ូសេ តាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់ សូមឃាត់លោកទាំងពីរទៅ!»។ លោកម៉ូសេតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នា។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។ បន្ទាប់មក លោកម៉ូសេ និងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
ជនគណនា 11:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏នាំយកព្រះបន្ទូលនៃព្រះយេហូវ៉ា ចេញទៅប្រាប់ដល់បណ្តាជន រួចលោកប្រមូលពួកចាស់ទុំនៃបណ្តាជន៧០នាក់ មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០នាក់នោះផង កាលព្រះវិញ្ញាណបានសណ្ឋិតលើគេហើយ នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ។ រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល ១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល នោះមានមនុស្សកំឡោះម្នាក់រត់ទៅជំរាបម៉ូសេពីរឿងនោះថា អែលដាត នឹងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល រួចយ៉ូស្វេ ជាកូននុន ដែលជាអ្នកជំនិតរបស់ម៉ូសេ តាំងពីកំឡោះមកក៏និយាយថា លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ាចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់លើគេគ្រប់គ្នាចុះ នោះម៉ូសេ ព្រមទាំងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅឯទីដំឡើងត្រសាលវិញ។