ជនគណនា 10:29-36

ជនគណនា 10:29-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ហូបាប់ ជា​កូន​របស់​រេហួល សាសន៍​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​លោក​ម៉ូសេ​ថា៖ «ពួក​យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា"។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា‌មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​បង​យ៉ាង​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សន្យា​យ៉ាង​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល»។ ប៉ុន្តែ ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្ញុំ ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​ទៅ​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​ត្រូវ​បោះ​ជំរំ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ហើយ​បង​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​ពួក​យើង។ ម្យ៉ាង​ទៀត ប្រសិន‌បើ​បង​ទៅ​ជា‌មួយ​ពួក​យើង អ្វីៗ​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ដល់​ពួក​យើង នោះ​ពួក​យើង​ក៏​នឹង​ផ្ដល់​ជូន​បង​យ៉ាង​នោះ​ដែរ»។ ដូច្នេះ គេ​ក៏​ចេញ​ពី​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទាំង​មាន​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៅ​ខាង​មុខ​គេ​រយៈ​ពេល​បី​ថ្ងៃ​នោះ ដើម្បី​រក​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក ពេល​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពី​លើ​ពួកគេ នៅ​ពេល​ថ្ងៃ។ ពេល​ណា​ហិប​សញ្ញា​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​ខ្មាំង‌សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ ហើយ​សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ត្រូវ​រត់​ចេញ​នៅ​ចំពោះ​ព្រះ‌អង្គ»។ ពេល​ណា​ហិប​សញ្ញា​ឈប់​សម្រាក លោក​មាន​ប្រសាសន៍​ថា «ព្រះ‌យេហូវ៉ា​អើយ សូម​យាង​មក​គង់​ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ»។

ចែក​រំលែក
អាន ជនគណនា 10

ជនគណនា 10:29-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន‌ជាតិ​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា៖ «ពួក​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​ប្រទាន​ឲ្យ​ពួក​យើង។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា​មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ផ្ដល់​ឲ្យ​បង​មាន​សុភមង្គល ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ លោក​ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​ទៅ​ស្រុក​របស់​ខ្ញុំ ជួប‌ជុំ​នឹង​ក្រុម​ញាតិ​របស់​ខ្ញុំ​វិញ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​បោះ​បង់​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​អាច​បោះ​ជំរំ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​បង​នឹង​នាំ​ផ្លូវ​ពួក​យើង។ ប្រសិន​បើ​បង​ទៅ​ជា​មួយ​ពួក​យើង នោះ​ពួក​យើង​នឹង​ឲ្យ​បង​បាន​សប្បាយ​រួម​ជា​មួយ​ពួក​យើង នៅ​ពេល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ​មក​ពួក​យើង»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់​ព្រះ‌អម្ចាស់ ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។ ពេល​ពួក​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌អម្ចាស់​ស្ថិត​ពី​លើ​ពួក​គេ នៅ​ពេល​ថ្ងៃ។ ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ព្រះអង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!»។ ពេល​គេ​ដាក់​ហិប​ចុះ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេក‌អនន្ត»។

ចែក​រំលែក
អាន ជនគណនា 10

ជនគណនា 10:29-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ម៉ូសេ​លោក​ជំរាប​ហូបាប់ កូន​រេហួល សាសន៍​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​លោក​ថា យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​រាល់​គ្នា ដូច្នេះ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ចុះ នោះ​នឹង​មាន​ប្រយោជន៍​ដល់​លោក​ឪពុក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​យ៉ាង​ល្អ ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល តែ​លោក​ឆ្លើយ​ថា អញ​មិន​ទៅ​ទេ អញ​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អញ​វិញ ដើម្បី​នៅ​ជា​មួយ​នឹង​ញាតិ‌សន្តាន​របស់​អញ តែ​ម៉ូសេ​អង្វរ​ថា សូម​កុំ​ឲ្យ​លោក​ឪពុក​ចោល​យើង​ខ្ញុំ​ឡើយ ដ្បិត​លោក​ជា​អ្នក​ស្គាល់​អស់​ទាំង​ទី​កន្លែង ដែល​យើង​ខ្ញុំ​ត្រូវ​ដំឡើង​ត្រសាល នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ដូច្នេះ លោក​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​យើង​ខ្ញុំ បើ‌សិន​លោក​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ នោះ​ការ​ល្អ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​យើង​ខ្ញុំ​យ៉ាង​ណា នោះ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​លោក​យ៉ាង​នោះ​ដែរ។ គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សំរាក ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ រីឯ​វេលា​ណា​ដែល​ហឹប​ចេញ​ទៅ នោះ​ម៉ូសេ​តែង​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឈរ​ឡើង ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ត្រូវ​រត់​នៅ​ចំពោះ​ទ្រង់ លុះ​វេលា​ដែល​ហឹប​ឈប់​វិញ នោះ​លោក​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ត្រឡប់​មក​ឯ​ពួក​អ៊ីស្រាអែល​ទាំង​សល់​សែន​វិញ។

ចែក​រំលែក
អាន ជនគណនា 10