ជនគណនា 1:47-54
ជនគណនា 1:47-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ គេមិនបានរាប់ពួកលេវី តាមកុលសម្ព័ន្ធរបស់ឪពុកគេជាមួយអ្នកឯទៀតទេ។ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកម៉ូសេថា៖ «មានតែកុលសម្ព័ន្ធលេវីមួយទេ ដែលអ្នកមិនត្រូវរាប់ ក៏មិនត្រូវជំរឿនពួកគេ ក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗឡើយ។ ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។ កាលណារោងឧបោសថត្រូវទៅមុខ នោះពួកលេវីត្រូវរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះពួកលេវីក៏ត្រូវដំឡើងដែរ។ ប្រសិនបើអ្នកដទៃណាផ្សេងចូលទៅជិត នោះនឹងត្រូវស្លាប់។ ពួកអ៊ីស្រាអែលដទៃទៀត ត្រូវបោះជំរំតាមកន្លែងរៀងខ្លួន គ្រប់គ្នាតាមជំរំរៀងខ្លួន តាមអង្គភាពរៀងខ្លួន ជិតទង់ជ័យរបស់គេរៀងខ្លួន តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។ ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
ជនគណនា 1:47-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។ ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងព្រះពន្លា*នៃសន្ធិសញ្ញា* និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបម្រើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។ ពេលណាព្រះពន្លាត្រូវចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លាត្រូវឈប់ ពួកលេវីដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។ ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្ដាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។
ជនគណនា 1:47-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែពួកលេវីតាមពូជអំបូរឪពុកគេ នោះមិនបានរាប់ជាមួយគ្នាទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងម៉ូសេថា មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ តែត្រូវឲ្យឯងដំរូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់សំរាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់ ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេបានធ្វើសំរេចតាមទាំងអស់។