ជនគណនា 1:34-54
ជនគណនា 1:34-54 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនចៅរបស់ម៉ាណាសេ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានចំនួន ៣២ ២០០ នាក់។ កូនចៅរបស់បេនយ៉ាមីន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានចំនួន ៣៥ ៤០០ នាក់។ កូនចៅរបស់ដាន់ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធដាន់ មានចំនួន ៦២ ៧០០ នាក់។ កូនចៅរបស់អេស៊ើរ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេស៊ើរ មានចំនួន ៤១ ៥០០ នាក់។ កូនចៅរបស់ណែបថាលី តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធណែបថាលី មានចំនួន ៥៣ ៤០០ នាក់។ នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។ ដូច្នេះ ចំនួននៃពួកអ៊ីស្រាអែលទាំងអស់ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា ទាំងអស់មានចំនួន ៦០៣ ៥៥០ នាក់។ ប៉ុន្ដែ គេមិនបានរាប់ពួកលេវី តាមកុលសម្ព័ន្ធរបស់ឪពុកគេជាមួយអ្នកឯទៀតទេ។ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកម៉ូសេថា៖ «មានតែកុលសម្ព័ន្ធលេវីមួយទេ ដែលអ្នកមិនត្រូវរាប់ ក៏មិនត្រូវជំរឿនពួកគេ ក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗឡើយ។ ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។ កាលណារោងឧបោសថត្រូវទៅមុខ នោះពួកលេវីត្រូវរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះពួកលេវីក៏ត្រូវដំឡើងដែរ។ ប្រសិនបើអ្នកដទៃណាផ្សេងចូលទៅជិត នោះនឹងត្រូវស្លាប់។ ពួកអ៊ីស្រាអែលដទៃទៀត ត្រូវបោះជំរំតាមកន្លែងរៀងខ្លួន គ្រប់គ្នាតាមជំរំរៀងខ្លួន តាមអង្គភាពរៀងខ្លួន ជិតទង់ជ័យរបស់គេរៀងខ្លួន តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។ ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
ជនគណនា 1:34-54 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅលោកម៉ាណាសេ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធម៉ាណាសេ ជំរឿនបានទាំងអស់ ៣២ ២០០ នាក់។ កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនជំរឿនបានទាំងអស់ ៣៥ ៤០០ នាក់។ កូនចៅលោកដាន់ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធដាន់ ជំរឿនបានទាំងអស់ ៦២ ៧០០ នាក់។ កូនចៅលោកអេស៊ើរ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធអេស៊ើរ ជំរឿនបានទាំងអស់ ៤១ ៥០០ នាក់។ រីឯកូនចៅលោកណែបថាលី រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធណែបថាលី ជំរឿនបានទាំងអស់ ៥៣ ៤០០ នាក់។ នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។ ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ ជំរឿនបានទាំងអស់ ៦០៣ ៥៥០ នាក់។ គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។ ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងព្រះពន្លា*នៃសន្ធិសញ្ញា* និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបម្រើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។ ពេលណាព្រះពន្លាត្រូវចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លាត្រូវឈប់ ពួកលេវីដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។ ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្ដាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។
ជនគណនា 1:34-54 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពូជដំណនៃពួកកូនចៅម៉ាន៉ាសេ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរម៉ាន៉ាសេ មានចំនួន៣ម៉ឺន២ពាន់២០០នាក់។ ឯពូជដំណនៃពួកកូនចៅបេនយ៉ាមីន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។ ឯពូជដំណនៃពួកកូនចៅដាន់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ក្នុងពូជអំបូរដាន់ មានចំនួន៦ម៉ឺន២ពាន់៧០០នាក់។ ឯពូជដំណនៃពួកកូនចៅអេស៊ើរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយក្នុងអំបូរអេស៊ើរ មានចំនួន ៤ម៉ឺន១ពាន់៥០០នាក់។ ឯពូជដំណនៃពួកកូនចៅណែបថាលី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរណែបថាលី មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។ នេះហើយជាពួកអ្នកដែលបានកំណត់រាប់ គឺដែលម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកជាកំពូល លើសាសន៍អ៊ីស្រាអែលទាំង១២នាក់ ដែលម្នាក់ក្នុងពួកវង្សានុវង្សរបស់ឪពុកគេនីមួយៗបានកំណត់រាប់ ដូច្នេះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះរួមគ្នាទាំងអស់មាន៦សែន៣ពាន់៥៥០នាក់។ តែពួកលេវីតាមពូជអំបូរឪពុកគេ នោះមិនបានរាប់ជាមួយគ្នាទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងម៉ូសេថា មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ តែត្រូវឲ្យឯងដំរូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់សំរាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់ ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេបានធ្វើសំរេចតាមទាំងអស់។