ជនគណនា 1:1-33
ជនគណនា 1:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖ «ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក គឺគ្រប់ទាំងប្រុសៗ តាមចំនួនឈ្មោះរបស់គេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាក្នុងសាសន៍អ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន។ អ្នក និងអើរ៉ុន ត្រូវរាប់ចំនួនពួកគេ តាមអង្គភាពរបស់គេ។ ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមានម្នាក់ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកខ្លួន មកធ្វើការជាមួយអ្នក។ ឈ្មោះរបស់អស់អ្នកដែលនឹងជួយការងារអ្នក មានដូចតទៅ៖ អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។ ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។ ណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។ នេថានេល ជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។ អេលាប ជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។ កូនចៅរបស់យ៉ូសែប គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត ពីកុលសម្ព័ន្ធអេប្រាអិម និងកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។ អ័ប៊ីដាន ជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន អ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។ អេលាសាប់ ជាកូនរបស់ដេហ៊ូអែល ពីកុលសម្ព័ន្ធកាដ។ អ័ហ៊ីរ៉ា ជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។ នេះហើយជាពួកអ្នកដែលបានជ្រើសរើសពីក្នុងចំណោមក្រុមជំនុំ សុទ្ធតែជាមេដឹកនាំលើកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន និងជាមេទ័ពនៃសាសន៍អ៊ីស្រាអែល។ លោកម៉ូសេ និងលោកអើរ៉ុនក៏យកអ្នកដែលបានរាយឈ្មោះខាងលើនេះមក ហើយនៅថ្ងៃទីមួយ ក្នុងខែទីពីរនោះ អ្នកទាំងនោះបានប្រមូលក្រុមជំនុំទាំងអស់មកជួបជុំគ្នា។ គេក៏បានចុះឈ្មោះតាមពូជអំបូររបស់ខ្លួន តាមវង្សានុវង្សរបស់ឪពុក ឲ្យត្រូវនឹងចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់ៗគ្នា លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ កូនចៅរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធរូបេន មានចំនួន ៤៦ ៥០០ នាក់។ កូនចៅរបស់ស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកដែលបានរាប់ តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធស៊ីម្មាន មានចំនួន ៥៩ ៣០០ នាក់។ កូនចៅរបស់កាដ រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធកាដ មានចំនួន ៤៥ ៦៥០ នាក់។ កូនចៅរបស់យូដា តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធយូដា មានចំនួន ៧៤ ៦០០ នាក់។ កូនចៅរបស់អ៊ីសាខារ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានចំនួន ៥៤ ៤០០ នាក់។ កូនចៅរបស់សាប់យូឡូន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធសាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។ ពូជពង្សរបស់យ៉ូសែប គឺកូនចៅរបស់អេប្រាអិម តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេប្រាអិម មានចំនួន ៤០ ៥០០ នាក់។
ជនគណនា 1:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ៖ «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។ អើរ៉ុន និងអ្នកផ្ទាល់ ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបម្រើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។ អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។ ស្លូមាលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។ ណាសូនជាកូនរបស់អមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ នេថានេលជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។ អេលាបជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។ ក្នុងពូជពង្សរបស់យ៉ូសែប គឺអេលីសាម៉ាជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាម៉ាលាលជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។ អប៊ីដានជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន។ អហ៊ីយេស៊ើរជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ ប៉ាគីហ៊ាលជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។ អេលាសាប់ជាកូនរបស់ដេហូអែល ពីកុលសម្ព័ន្ធកាដ។ អហ៊ីរ៉ាជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។ អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។ លោកម៉ូសេ និងលោកអើរ៉ុន បាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក ហើយនៅថ្ងៃទីមួយនៃខែពិសាខនោះ គេបានប្រមូលផ្ដុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។ លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។ កូនចៅលោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធរូបេនជំរឿនបានទាំងអស់ ៤៦ ៥០០ នាក់។ កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធស៊ីម្មានជំរឿនបានទាំងអស់ ៥៩ ៣០០ នាក់។ កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០ នាក់។ កូនចៅលោកយូដា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។ កូនចៅលោកអ៊ីសាខារ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធអ៊ីសាខារ ជំរឿនបានទាំងអស់ ៥៤ ៤០០នាក់។ កូនចៅលោកសាប់យូឡូន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធសាប់យូឡូនជំរឿនបានទាំងអស់ ៥៧ ៤០០ នាក់។ រីឯពូជពង្សរបស់លោកយ៉ូសែប កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមជំរឿនបានទាំងអស់ ៤០ ៥០០ នាក់។
ជនគណនា 1:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃដំបូង ខែពិសាខ ក្នុងឆ្នាំទី២ ចាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា ចូរឲ្យរាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់ទាំងមនុស្សប្រុសៗ តាមឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ គឺគ្រប់ទាំងមនុស្សក្នុងសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបាន នោះឯង ហើយនឹងអើរ៉ុន ត្រូវរាប់គេតាមពួកកងរបស់គេ ហើយត្រូវឲ្យមានម្នាក់ៗពីគ្រប់ទាំងពូជអំបូរទាំងអស់ ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកគេ ឲ្យបានធ្វើការជាមួយនឹងឯង ឯមនុស្សដែលត្រូវឈរជាមួយនឹងឯង នោះមានឈ្មោះដូច្នេះ គឺ អេលីស៊ើរ ជាកូនសេដេអ៊ើរ ពីពូជអំបូររូបេន១ ស៊្លូមាល ជាកូនស៊ូរីសាដាយ ពីពូជអំបូរស៊ីម្មាន១ ណាសូន ជាកូនអ័មីន៉ាដាប់ ពីពូជអំបូរយូដា១ នេថានេល ជាកូនស៊ូហារ ពីពូជអំបូរអ៊ីសាខារ១ អេលាប ជាកូនហេល៉ូន ពីពូជអំបូរសាប់យូល៉ូន១ ឯពួកកូនចៅយ៉ូសែប គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត ពីពូជអំបូរអេប្រាអិម១ នឹងកាម៉ាលាល ជាកូនផ្តាស៊ើរ ពីពូជអំបូរម៉ាន៉ាសេ១ អ័ប៊ីដាន ជាកូនគីដាហូនី ពីពូជអំបូរបេនយ៉ាមីន១ អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ពីពូជអំបូរដាន់១ ប៉ាគីហ៊ាល ជាកូនអុក្រាន ពីពូជអំបូរអេស៊ើរ១ អេលាសាប់ ជាកូនដេហ៊ូអែល ពីពូជអំបូរកាឌ់១ អ័ហ៊ីរ៉ា ជាកូនអេណាន់ ពីពូជអំបូរណែបថាលី១ នេះហើយជាពួកអ្នកដែលបានហៅពីពួកជំនុំមក សុទ្ធតែជាកំពូលលើពូជអំបូរនៃពួកឰយុកោគេរៀងខ្លួន គឺជាមេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល ម៉ូសេនឹងអើរ៉ុន ក៏យកមនុស្សទាំងនេះ ដែលបានចេញឈ្មោះហើយនោះ នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។ ឯពូជដំណនៃពួកកូនចៅរូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ក្នុងពូជអំបូររូបេន មានចំនួន៤ម៉ឺន៦ពាន់៥០០នាក់។ ឯពូជដំណនៃពួកកូនចៅស៊ីម្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេ ដែលបានរាប់ហើយ ក្នុងពូជអំបូរស៊ីម្មាន មានចំនួន៥ម៉ឺន៩ពាន់៣០០នាក់។ ឯពូជដំណនៃពួកកូនចៅកាឌ់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ ក្នុងពូជអំបូរកាឌ់ មានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់។ ឯពូជដំណនៃពួកកូនចៅយូដា តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរយូដា មានចំនួន៧ម៉ឺន៤ពាន់៦០០នាក់។ ឯពូជដំណនៃពួកកូនចៅអ៊ីសាខារ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួនចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអ៊ីសាខារ មានចំនួន៥ម៉ឺន៤ពាន់៤០០នាក់។ ឯពូជដំណនៃពួកកូនចៅសាប់យូល៉ូន តាមគ្រួសារតាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរសាប់យូល៉ូន មានចំនួន៥ម៉ឺន៧ពាន់៤០០នាក់។ ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជដំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអេប្រាអិម មានចំនួន៤ម៉ឺន៥០០នាក់។