នេហេមា 9:6-8
នេហេមា 9:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺព្រះអង្គហើយដែលបានរើសលោកអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមាននាមថា អ័ប្រាហាំ។ ព្រះអង្គបានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គ ហើយបានតាំងសញ្ញានឹងលោក ថានឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជពង្សរបស់លោក ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គសុចរិត។
នេហេមា 9:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានតែព្រះអង្គទេដែលជាព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ព្រះអង្គក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយ ដែលបានជ្រើសរើសលោកអាប់រ៉ាម និងនាំលោកចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេ ហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។ ព្រះអង្គឈ្វេងយល់លោកមាន ចិត្តស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោក ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស និងជនជាតិគើកាស៊ី ឲ្យពូជពង្សរបស់លោក។ ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា ដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
នេហេមា 9:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ នឹងផែនដី ហើយសមុទ្រ នឹងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃ ក៏ថ្វាយបង្គំដល់ទ្រង់ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺទ្រង់ហើយ ដែលបានរើសអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើរ របស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមានឈ្មោះជាអ័ប្រាហាំវិញ ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស នឹងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។