នេហេមា 7:1-73
នេហេមា 7:1-73 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ ខ្ញុំបានប្រគល់អំណាចគ្រប់គ្រងលើក្រុងយេរូសាឡិម ឲ្យហាណានី ជាប្អូនប្រុសរបស់ខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន។ ខ្ញុំបានហាមគេថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡិម មុនថ្ងៃបញ្ចេញកម្ដៅឡើយ ហើយកាលគេកំពុងនៅឈរចាំយាម ត្រូវបិទទ្វារ ហើយខ្ទាស់រនុក។ ក្នុងចំណោមអ្នកក្រុងយេរូសាឡិម ត្រូវចាត់តាំងឲ្យមានពួកអ្នកយាម ខ្លះតាមប៉ុស្ដិ៍យាមរបស់គេ ហើយខ្លះទៀតនៅមុខផ្ទះរបស់គេរៀងខ្លួន»។ ទីក្រុងនេះធំទូលាយ តែប្រជាជនក្នុងក្រុងនោះ មានចំនួនតិច ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។ ពេលនោះ ព្រះនៃខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីចុះបញ្ជីតាមពង្សាវតារ។ ខ្ញុំបានរកឃើញបញ្ជីពង្សាវតារនៃអស់អ្នកដែលបានឡើងមកមុនគេ ហើយខ្ញុំឃើញមានឈ្មោះកត់ទុកក្នុងបញ្ជីនោះដូចតទៅ នេះជាប្រជាជននៅក្នុងអាណាខេត្ត ដែលចេញពីសណ្ឋានជាឈ្លើយ ជាអ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនបាននាំទៅជាឈ្លើយ ហើយបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ គឺមកកាន់ក្រុងរបស់គេរៀងខ្លួន។ អ្នកទាំងនោះបានមកជាមួយសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម និងប្អាណា។ នេះជាចំនួនបុរសក្នុងចំណោមប្រជាជនអ៊ីស្រាអែល កូនចៅប៉ារ៉ូសមាន ២ ១៧២ នាក់ កូនចៅសេផាធាមាន ៣៧២ នាក់ កូនចៅអើរ៉ាសមាន ៦៥២ នាក់ កូនចៅផាហាត-ម៉ូអាប់ ខាងកូនចៅយេសួរ និងយ៉ូអាប់ មាន ២ ៨១៨ នាក់ កូនចៅអេឡាំមាន ១ ២៥៤ នាក់ កូនចៅសាធូរមាន ៨៤៥ នាក់ កូនចៅសាកាយមាន ៧៦០ នាក់ កូនចៅប៊ីនុយមាន ៦៤៨ នាក់ កូនចៅបេបាយមាន ៦២៨ នាក់ កូនចៅអាសកាឌមាន ២ ៣២២ នាក់ កូនចៅអ័ដូនីកាមមាន ៦៦៧ នាក់ កូនចៅប៊ីកវ៉ាយមាន ២ ០៦៧ នាក់ កូនចៅអេឌីនមាន ៦៥៥ នាក់ ពួកអេធើ ខាងហេសេគាមាន ៩៨ នាក់ កូនចៅហាស៊ូមមាន ៣២៨ នាក់ កូនចៅបេសាយមាន ៣២៤ នាក់ កូនចៅហារេបមាន ១១២ នាក់ កូនចៅគីបៀនមាន ៩៥ នាក់ ពួកបេថ្លេហិម និងពួកនថូផាមាន ១៨៨ នាក់ ពួកអាណាថោតមាន ១២៨ នាក់ ពួកបេត-អាសម៉ាវែតមាន ៤២ នាក់ ពួកគារយ៉ាត់-យារីម កេភីរ៉ា និងប្អៀរ៉ុត មាន ៧៤៣ នាក់ ពួករ៉ាម៉ា និងកេបាមាន ៦២១ នាក់ ពួកមីកម៉ាសមាន ១២២ នាក់ ពួកបេត-អែល និងអៃយមាន ១២៣ នាក់ ពួកអ្នកក្រុងនេបូរមួយទៀតមាន ៥២ នាក់ កូនចៅអេឡាំមួយទៀតមាន ១ ២៥៤ នាក់ កូនចៅហារីមមាន ៣២០ នាក់ កូនចៅយេរីខូរមាន ៣៤៥ នាក់ កូនចៅឡូឌ ហាឌីឌ និងអូណូរមាន ៧២១ នាក់ កូនចៅសេណាអាមាន ៣ ៩៣០ នាក់។ ឯពួកសង្ឃគឺ កូនចៅយេដាយ៉ា ខាងវង្សរបស់យេសួរមាន ៩៧៣ នាក់ កូនចៅអ៊ីមមើរមាន ១ ០៥២ នាក់ កូនចៅផាសហ៊ើរមាន ១ ២៤៧ នាក់ កូនចៅហារីមមាន ១ ០១៧ នាក់។ ឯពួកលេវីគឺ កូនចៅយេសួរ និងកាឌមាលខាងវង្សរបស់ហូដាវាមាន ៧៤ នាក់។ ឯពួកចម្រៀងគឺ កូនចៅអសាភមាន ១៤៨ នាក់។ ពួកឆ្មាំទ្វារគឺ កូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា និងកូនចៅសូបាយ មាន ១៣៨ នាក់។ ឯពួកអ្នកបម្រើព្រះវិហារ មានកូនចៅស៊ីហា កូនចៅហាស៊ូផា និងកូនចៅថាបាអូត កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន កូនចៅលេបាណា កូនចៅហាកាបា កូនចៅសាលម៉ាយ កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ កូនចៅរីអាយ៉ា កូនចៅរេស៊ីន កូនចៅនេកូដា កូនចៅកាសាម កូនចៅអ៊ូសា កូនចៅផាសេហា កូនចៅបេសាយ កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា កូនចៅនេស៊ីយ៉ា និងកូនចៅហាធីផា។ ឯកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន មានកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន។ ពួកអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន សរុបទាំងអស់មាន ៣៩២ នាក់។ ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន គឺកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា ទាំងអស់មាន ៦៤២ នាក់។ ខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ (ដែលបានយកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះរបស់គេ)។ អ្នកទាំងនោះបានរកនាមត្រកូលតាមបញ្ជីពង្សាវតាររបស់ខ្លួនមិនឃើញទេ ដូច្នេះ គេត្រូវផាត់ចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង ហើយលោកទេសាភិបាលប្រាប់ពួកគេថា គេមិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់ ដែលមានយូរីម និងធូមីម បានតាំងឡើង។ ក្រុមជំនុំទាំងអស់គ្នាមាន ៤២ ៣៦០ នាក់ ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលមានចំនួន ៧ ៣៣៧ នាក់ទេ ហើយគេមានពួកចម្រៀងទាំងប្រុសទាំងស្រីចំនួន ២៤៥ នាក់។ សេះរបស់គេមាន ៧៣៦ ក្បាល លាកាត់មាន ២៤៥ ក្បាល អូដ្ឋមាន ៤៣៥ ក្បាល និងលាមាន ៦ ៧២០ ក្បាល។ មានពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយតង្វាយសម្រាប់ការងារនេះ។ លោកទេសាភិបាល បានថ្វាយដាក់ក្នុងឃ្លាំង ជាមាស ១ ០០០ ដារីក ពែងមាស ៥០ សម្លៀកបំពាក់ពួកសង្ឃ ៥៣០ សម្រាប់ ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយមាស ២០ ០០០ ដារីក និងប្រាក់ ២ ២០០ ម៉ានេ ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។ ឯតង្វាយរបស់ប្រជាជនឯទៀតៗមាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រមទាំងសម្លៀកបំពាក់ពួកសង្ឃ ៦៧ សម្រាប់។ ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ប្រជាជនខ្លះ ពួកអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងអស់ បានវិលត្រឡប់ទៅក្រុងរបស់ពួកគេវិញ។
នេហេមា 7:1-73 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។ ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។ យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។ ព្រះរបស់ខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ: ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអសារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ: កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់ កូនចៅរបស់លោកសេផាធាមាន ៣៧២នាក់ កូនចៅរបស់លោកអើរ៉ាសមាន ៦៥២នាក់ កូនចៅរបស់លោកផាហាត-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់មាន ២ ៨១៨នាក់ កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់ កូនចៅរបស់លោកសាធូមាន ៨៤៥នាក់ កូនចៅរបស់លោកសាកាយមាន ៧៦០នាក់ កូនចៅរបស់លោកប៊ីនុយមាន ៦៤៨នាក់ កូនចៅរបស់លោកបេបាយមាន ៦២៨នាក់ កូនចៅរបស់លោកអាសកាដមាន ២ ៣២២នាក់ កូនចៅរបស់លោកអដូនីកាំមាន ៦៦៧នាក់ កូនចៅរបស់លោកប៊ីគវ៉ៃមាន ២ ០៦៧នាក់ កូនចៅរបស់លោកអេឌីនមាន ៦៥៥នាក់ កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគាមាន ៩៨នាក់ កូនចៅរបស់លោកហាស៊ូមមាន ៣២៨នាក់ កូនចៅរបស់លោកបេសាយមាន ៣២៤នាក់ កូនចៅរបស់លោកហារេបមាន ១១២នាក់ កូនចៅរបស់អ្នកស្រុកគីបៀនមាន ៩៥នាក់ អ្នកភូមិបេថ្លេហិម និងនថូផាមាន១៨៨នាក់ អ្នកភូមិអាណាថោតមាន ១២៨នាក់ អ្នកភូមិបេតអាសម៉ាវែតមាន ៤២នាក់ អ្នកក្រុងគារយ៉ាត-យ៉ារីម កេភីរ៉ា និងបៀរ៉ុតមាន ៧៤៣នាក់ អ្នកក្រុងរ៉ាម៉ា និងកេបាមាន ៦២១នាក់ អ្នកក្រុងមីកម៉ាសមាន ១២២នាក់ អ្នកក្រុងបេតអែល និងអៃមាន ១២៣នាក់ អ្នកភូមិនេបូរមួយទៀតមាន ៥២នាក់ កូនចៅរបស់លោកអេឡាំម្នាក់ទៀតមាន ១ ២៥៤នាក់ កូនចៅរបស់លោកហារីមមាន ៣២០នាក់ អ្នកក្រុងយេរីខូមាន ៣៤៥នាក់ អ្នកក្រុងឡូដ ហាឌីដ និងអូណូមាន ៧២១នាក់ អ្នកក្រុងសេណាអាមាន ៣ ៩៣០ នាក់។ ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយេសួរមាន ៩៧៣នាក់ កូនចៅរបស់លោកអ៊ីមមើរមាន ១ ០៥២នាក់ កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់ កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។ ក្រុមលេវីជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់។ ក្រុមចម្រៀង ជាកូនចៅរបស់លោកអេសាភមាន ១៤៨នាក់។ ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយមាន ១៣៨នាក់។ ក្រុមអ្នកបម្រើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា កូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា កូនចៅរបស់លោកយាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត-ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។ រីឯអស់អ្នកដែលមកពីធេល-មែឡា ធេលហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។ ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និងធូមីម* ជាមុនសិន។ សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០នាក់ ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេ មានអ្នកចម្រៀងប្រុសស្រី ២៤៥នាក់។ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល អូដ្ឋ ៤៣៥ក្បាល និងលា ៦ ៧២០ក្បាល។ មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានថ្វាយប្រាក់ សម្រាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សម្រាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យចំនួនប្រាំរយសាមសិបសម្រាប់។ មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យហុកសិបប្រាំពីរសម្រាប់។ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ប្រជាជន ក្រុមអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
នេហេមា 7:1-73 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលកំផែងបានសង់ឡើងជាស្រេច ហើយខ្ញុំបានដាក់ផ្ទាំងសន្លឹកទ្វារទាំងប៉ុន្មាន រួចបានដំរូវពួកឆ្មាំទ្វារ ពួកចំរៀង នឹងពួកលេវី ឲ្យធ្វើការងារទៅ នោះខ្ញុំបានប្រគល់អំណាចត្រួតត្រាក្រុងយេរូសាឡិម ដល់ហាណានី ជាបងប្អូនខ្ញុំ នឹងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន ហើយខ្ញុំបានហាមគេថា កុំឲ្យបើកទ្វារក្រុងយេរូសាឡិម មុនដែលថ្ងៃភ្លឺក្តៅឡើយ ហើយកាលគេនៅចាំយាម នោះត្រូវបិទហើយខ្ទាស់រនុកទៅវិញ ក៏ត្រូវដំរូវពួកអ្នកខ្លះនៅក្រុងយេរូសាឡិម ឲ្យចាំយាមតាមវេនគេ នៅទល់មុខនឹងផ្ទះគេរៀងខ្លួន រីឯទីក្រុងក៏ធំទូលាយណាស់ តែបណ្តាជនមានគ្នាតិចពេក ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។ គ្រានោះ ព្រះនៃខ្ញុំទ្រង់បណ្តាលចិត្តខ្ញុំ ឲ្យប្រមូលពួកអ្នកធំ ពួកមេ នឹងពួកជន ដើម្បីនឹងរាប់គេតាមពង្សាវតារ ខ្ញុំក៏រកឃើញបញ្ជីពង្សាវតារនៃពួកអ្នក ដែលឡើងមកជាន់មុន ហើយខ្ញុំឃើញមានសេចក្ដីកត់ទុកក្នុងបញ្ជីនោះថា នេះជាពួកអ្នកស្រុក ដែលចេញពីសណ្ឋានជាឈ្លើយ ពីពួកអស់អ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានដឹកនាំទៅនោះ ហើយបានវិលមកឯក្រុងយេរូសាឡិម នឹងស្រុកយូដាវិញ គ្រប់គ្នាដល់ទីក្រុងរបស់គេរៀងខ្លួន ជាពួកអ្នកដែលបានមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម នឹងប្អាណា។ នេះជាចំនួននៃពួកមនុស្សសាសន៍អ៊ីស្រាអែល គឺពួកប៉ារ៉ូស មាន២១៧២នាក់ ពួកសេផាធា មាន៣៧២នាក់ ពួកអើរ៉ាស មាន៦៥២នាក់ ពួកផាហាត-ម៉ូអាប់ ខាងកូនចៅយេសួរ នឹងយ៉ូអាប់ មាន២៨១៨នាក់ ពួកអេឡាំ មាន១២៥៤នាក់ ពួកសាធូរ មាន៨៤៥នាក់ ពួកសាកាយ មាន៧៦០នាក់ ពួកប៊ីនុយ មាន៦៤៨នាក់ ពួកបេបាយ មាន៦២៨នាក់ ពួកអាសកាឌ មាន២៣២២នាក់ ពួកអ័ដូនីកាម មាន៦៦៧នាក់ ពួកប៊ីកវ៉ាយ មាន២០៦៧នាក់ ពួកអេឌីន មាន៦៥៥នាក់ ពួកអេធើ ខាងហេសេគា មាន៩៨នាក់ ពួកហាស៊ូម មាន៣២៨នាក់ ពួកបេសាយ មាន៣២៤នាក់ ពួកហារេប មាន១១២នាក់ ពួកគីបៀន មាន៩៥នាក់ ពួកបេថ្លេហិម នឹងពួកនថូផា មាន១៨៨នាក់ ពួកអាន៉ាថោត មាន១២៨នាក់ ពួកបេត-អាសម៉ាវែត មាន៤២នាក់ ពួកគារយ៉ាត់-យារីម កេភីរ៉ា នឹងប្អៀរ៉ុត មាន៧៤៣នាក់ ពួករ៉ាម៉ា នឹងកេបា មាន៦២១នាក់ ពួកមីកម៉ាស មាន១២២នាក់ ពួកបេត-អែល នឹងអៃយ មាន១២៣នាក់ ពួកនៅក្រុងនេបូរ១ទៀត មាន៥២នាក់ ពួកអេឡាំ១ទៀតមាន១២៥៤នាក់ ពួកហារីម មាន៣២០នាក់ ពួកយេរីខូរ មាន៣៤៥នាក់ ពួកឡូឌ ហាឌីឌ នឹងអូណូរ មាន៧២១នាក់ ពួកសេណាអា មាន៣៩៣០នាក់។ ឯពួកសង្ឃ ក្នុងពួកកូនចៅយេដាយ៉ា ខាងវង្សរបស់យេសួរ មាន៩៧៣នាក់ កូនចៅអ៊ីមមើរ មាន១០៥២នាក់ កូនចៅផាសហ៊ើរ មាន១២៤៧នាក់ កូនចៅហារីម មាន១០១៧នាក់។ ឯពួកលេវី ក្នុងពួកកូនចៅយេសួរ នឹងកាឌមាលខាងវង្សរបស់ហូដាវា មាន៧៤នាក់ ឯពួកចំរៀង ក្នុងពួកកូនចៅអេសាភ មាន១៤៨នាក់ ឯពួកឆ្មាំទ្វារ ក្នុងពួកកូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា នឹងកូនចៅសូបាយ រួមទាំងអស់ មាន១៣៨នាក់។ ឯពួកនេធីនិម គឺមានពួកកូនចៅស៊ីហា កូនចៅហាស៊ូផា នឹងកូនចៅថាបាអូត កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន កូនចៅលេបាណា កូនចៅហាកាបា កូនចៅសាលម៉ាយ កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ កូនចៅរីអាយ៉ា កូនចៅរេស៊ីន កូនចៅនេកូដា កូនចៅកាសាម កូនចៅអ៊ូសា កូនចៅផាសេហា កូនចៅបេសាយ កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា កូនចៅនេស៊ីយ៉ា នឹងកូនចៅហាធីផា។ ឯពួកកូនចៅរបស់ពួកអ្នកបំរើសាឡូម៉ូន គឺកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម នឹងកូនចៅអាំម៉ូន ឯពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើសាឡូម៉ូន ទាំងអស់រួមគ្នា មាន៣៩២នាក់។ ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន នឹងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា នឹងកូនចៅនេកូដា ទាំងអស់មាន៦៤២នាក់ ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះគេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង ហើយលោកចៅហ្វាយក៏ប្រាប់គេថា មិនត្រូវឲ្យគេបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ចាំទំរាំដល់មានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម នឹងធូមីម។ ពួកជំនុំទាំងអស់គ្នា មាន៤ម៉ឺន២ពាន់៣៦០នាក់ ឥតរាប់ពួកអ្នកបំរើប្រុសស្រីរបស់គេ ដែលមានចំនួន៧៣៣៧នាក់ទៀតនោះទេ ក៏មានពួកចំរៀងទាំងប្រុសទាំងស្រីចំនួន២៤៥នាក់ដែរ ឯសេះរបស់គេ មាន៧៣៦ លាកាត់ មាន២៤៥ អូដ្ឋ មាន៤៣៥ នឹងលា មាន៦៧២០។ មានពួកអ្នកជាកំពូលលើវង្សឪពុកគេខ្លះ បានថ្វាយដង្វាយសំរាប់ការនោះ លោកចៅហ្វាយថ្វាយដាក់ក្នុងឃ្លាំង ជាមាស១ពាន់ដារីក ពែងមាស៥០ សំលៀកបំពាក់ពួកសង្ឃ៥៣០សំរាប់ ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក នឹងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសំរាប់ការ ឯដង្វាយរបស់ពួកបណ្តាជនឯទៀត គឺមាស២ម៉ឺនដារីក ប្រាក់២ពាន់នាលិ ហើយសំលៀកបំពាក់ពួកសង្ឃ៦៧សំរាប់ ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកបណ្តាជនខ្លះ ពួកនេធីនិម នឹងពួកអ៊ីស្រាអែល ទាំងអស់បាននៅក្នុងទីក្រុងរបស់គេរៀងខ្លួនហើយ។