នេហេមា 6:5-9
នេហេមា 6:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក សានបាឡាតចាត់អ្នកបម្រើម្នាក់ឲ្យមកជួបខ្ញុំ តាមបែបដដែល ជាលើកទីប្រាំ មានទាំងកាន់សំបុត្រដែលបើកចំហនៅដៃផង។ ក្នុងសំបុត្រនោះ មានសរសេរថា៖ «មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែម ជាសាក្សីថា លោក និងពួកយូដាមានបំណងនឹងបះបោរ ហេតុនេះហើយបានជាលោកសង់កំផែងនេះឡើង ហើយថា តាមពាក្យដែលគេនិយាយនេះ លោកចង់ឡើងធ្វើជាស្តេចរបស់គេ។ លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា "មានស្តេចមួយអង្គនៅស្រុកយូដាហើយ" ដំណឹងនេះនឹងឮដល់ស្តេចមិនខាន ដូច្នេះ សូមអញ្ជើញមកឥឡូវនេះ យើងនឹងពិភាក្សាគ្នា»។ ខ្ញុំតបទៅគាត់វិញថា៖ «គ្មានការបែបនេះកើតឡើងដូចជាលោករៀបរាប់ទេ គឺលោកបានប្រឌិតរឿងទាំងនេះ ដោយគំនិតខ្លួនឯងប៉ុណ្ណោះ»។ ដ្បិតអ្នកទាំងនោះមានបំណងនឹងគំរាមពួកយើង ដោយគិតថា ពួកយើងនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។
នេហេមា 6:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាន់បាឡាត់ចាត់អ្នកជំនិតរបស់គាត់ឲ្យនាំពាក្យដដែលមកជាលើកទីប្រាំ។ អ្នកនាំសារនោះកាន់សំបុត្រដែលបើកចំហមកជាមួយផង។ សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និងជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសែមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្ដេចរបស់គេ។ លោកក៏បានតែងតាំងពួកព្យាការីឲ្យប្រកាសនៅក្រុងយេរូសាឡឹម ស្ដីអំពីរូបលោកថា មានស្ដេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះមុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។ ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។ ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងឲ្យទូលបង្គំឥឡូវនេះផង!
នេហេមា 6:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកសានបាឡាតចាត់អ្នកបំរើម្នាក់មកឯខ្ញុំ តាមបែបដដែល នោះជាគំរប់៥ដង មានទាំងសំបុត្របើកចំហនៅដៃផង ក្នុងសំបុត្រនោះមានសេចក្ដីថា មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែមជាសាក្សីថា អ្នក ហើយនឹងពួកយូដាគិតបះបោរ បានជាសង់កំផែងនេះឡើង គឺថា អ្នកចង់ធ្វើជាស្តេចគេ តាមដែលឮនិយាយនោះ អ្នកក៏បានដំរូវឲ្យមានពួកហោរាប្រកាសប្រាប់ពីអ្នក នៅក្រុងយេរូសាឡិមថា មានស្តេចគ្រងរាជ្យនៅស្រុកយូដាហើយ ពាក្យយ៉ាងនោះយើងនឹងបញ្ជូនដល់ស្តេចឥឡូវ ដូច្នេះ ចូរមកឲ្យយើងបានពិគ្រោះគ្នាសិន ខ្ញុំតបទៅថា គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះ តាមតែចិត្តអ្នកវិញប៉ុណ្ណោះ ពួកអ្នកទាំងនោះចង់តែគំរាម ឲ្យយើងភ័យខ្លាច ដោយគិតថា យើងនឹងថយកំឡាំងដៃ ឲ្យសំរេចការមិនបាន ឥឡូវនេះ ឱព្រះអង្គអើយ សូមចំរើនកំឡាំងដៃទូលបង្គំវិញ។