នេហេមា 6:2-9

នេហេមា 6:2-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សាន‌បាឡាត និង​កេសែម ចាត់​គេ​មក​ជួប​ខ្ញុំ និយាយ​ថា៖ «សូម​អញ្ជើញ​មក យើង​នឹងពិភាក្សា​គ្នា​នៅ​ភូមិ​ណា​មួយ ក្នុង​ជ្រលង​ភ្នំ​អូណូរ»។ ប៉ុន្ដែ គេ​មាន​បំណង​នឹង​ធ្វើ​បាប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​គេ​វិញ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឈប់ ដោយ​ទុក​ចោល​ការ​ងារ​នេះ ហើយ​ចុះ​ទៅ​ជួបលោក​ដូច្នេះ?» គេ​បាន​ចាត់​មនុស្ស​មក​ប្រាប់​ខ្ញុំតាមបែប​ដដែល​នេះ ដល់​ទៅ​បួន​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ទៅ​គេ​វិញ។ បន្ទាប់​មក សាន‌បាឡាត​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ខ្ញុំ តាម​បែប​ដដែល ជា​លើក​ទី​ប្រាំ មាន​ទាំង​កាន់​សំបុត្រដែល​បើក​ចំហ​នៅ​ដៃ​ផង។ ក្នុង​សំបុត្រ​នោះ មានសរសេរ​ថា៖ «មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម ជា​សាក្សី​ថា លោក និង​ពួក​យូដា​មាន​បំណង​នឹង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំផែង​នេះ​ឡើង ហើយ​ថា តាម​ពាក្យ​ដែល​គេ​និយាយ​នេះ លោក​ចង់​ឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ លោក​ក៏​បាន​តែង​តាំង​ពួក​ហោរា​ឲ្យ​ប្រកាស​អំ​ពីរូប​លោក នៅ​ក្រុង​យេរូ‌សាឡិម​ថា "មាន​ស្តេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ" ដំណឹង​នេះ​នឹង​ឮ​ដល់​ស្តេច​មិន​ខាន ដូច្នេះ សូមអញ្ជើញ​មកឥឡូវ​នេះ យើង​នឹងពិភាក្សា​គ្នា»។ ខ្ញុំ​តប​ទៅ​គាត់​វិញ​ថា៖ «គ្មាន​ការ​បែប​នេះ​កើត​ឡើង​ដូច​ជា​លោក​រៀប​រាប់​ទេ គឺ​លោក​បាន​ប្រឌិត​រឿងទាំង​នេះ ដោយ​គំនិត​ខ្លួន​ឯង​ប៉ុណ្ណោះ»។ ដ្បិត​អ្នក​ទាំង​នោះ​មានបំណង​នឹង​គំរាមពួក​យើង ដោយ​គិត​ថា ពួក​យើង​នឹង​ថយ​កម្លាំង​ដៃ ហើយ​លែង​ធ្វើ​ការ​នោះ​ត​ទៅ​ទៀត។ ប៉ុន្ដែ ឥឡូវ​នេះ ឱ​ព្រះ‌អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​ផង។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:2-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការ‌ងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំ‌ខាន»។ ពួក​គេ​ចាត់​មនុស្ស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។ លោក​សាន់បា‌ឡាត់​ចាត់​អ្នក​ជំនិត​របស់​គាត់​ឲ្យ​នាំ​ពាក្យ​ដដែល​មក​ជា​លើក​ទី​ប្រាំ។ អ្នក​នាំ​សារ​នោះ​កាន់​សំបុត្រ​ដែល​បើក​ចំហ​មក​ជា​មួយ​ផង។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា លោក និង​ជន‌ជាតិ​យូដា​មាន​បំណង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។ លោក​ក៏​បាន​តែង‌តាំង​ពួក​ព្យាការី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។ ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាម‌អារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។ អ្នក​ទាំង​នោះ​មាន​បំណង​បំភ័យ​ពួក​យើង ដោយ​គិត​ថា​ពួក​យើង​មុខ​ជា​បាក់​ទឹក​ចិត្ត លែង​ធ្វើ​ការ​ត​ទៅ​មុខ​ទៀត។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​ឥឡូវ​នេះ​ផង!

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:2-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សាន‌បា‌ឡាត នឹង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន នឹង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ រួច​មក​សាន‌បា‌ឡាត​ចាត់​អ្នក​បំរើ​ម្នាក់​មក​ឯ​ខ្ញុំ តាម​បែប​ដដែល នោះ​ជា​គំរប់​៥​ដង មាន​ទាំង​សំបុត្រ​បើក​ចំហ​នៅ​ដៃ​ផង ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក ហើយ​នឹង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ អ្នក​ក៏​បាន​ដំរូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន ខ្ញុំ​តប​ទៅ​ថា គ្មាន​អ្វី​ដូច​ជា​អ្នក​ថា​នោះ​ទេ គឺ​អ្នក​បង្កើត​រឿង​នេះ តាម​តែ​ចិត្ត​អ្នក​វិញ​ប៉ុណ្ណោះ ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កំឡាំង​ដៃ ឲ្យ​សំរេច​ការ​មិន​បាន ឥឡូវ​នេះ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ដៃ​ទូលបង្គំ​វិញ។

ចែក​រំលែក
អាន នេហេមា 6