នេហេមា 6:15-19

នេហេមា 6:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កំផែង​បានសង់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃទី​ម្ភៃ​ប្រាំ ខែ​ភទ្រ‌បទ គឺ​ក្នុងរយៈ​ពេលហា​សិប​ពីរ​ថ្ងៃ។ កាល​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮដំណឹង​នេះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ចំពោះ​ភ្នែករបស់​ខ្លួន ដ្បិត​គេ​យល់​ឃើញ​ថា កិច្ច​ការ​នេះ​កើត​ឡើង​ដោយ​សារ​ជំនួយ​របស់​ព្រះ​នៃ​យើង។ ម្យ៉ាង​ទៀត ក្នុង​គ្រា​នោះ ពួក​អភិជន​ក្នុង​សាសន៍​យូដា បាន​ផ្ញើ​សំបុត្រ​ជា​ច្រើន​ទៅ​ថូប៊ី‌យ៉ា ក៏​មាន​សំបុត្រ​របស់​ថូប៊ី‌យ៉ា ផ្ញើ​មក​ពួក‌គេ​វិញ​ដែរ។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា ជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​របស់​អើរ៉ាស ហើយ​យ៉ូ‌ហា‌ណាន​ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា ធ្វើ​ជា​ប្រពន្ធ។ គេ​ក៏​បាន​និយាយ​ពី​អំពើ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យរបស់​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ី‌យ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​បំភ័យខ្ញុំ។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កំពែង​ក្រុង​ត្រូវ​បាន​ជួស‌ជុល​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​ភទ្របទ គឺ​អស់​រយៈ​ពេល​ហា‌សិប​ពីរ​ថ្ងៃ។ ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​យើង​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សម្រេច​ជា​រូប​រាង​ឡើង ដោយ‌សារ​ព្រះ​នៃ​យើង​បាន​ជួយ។ នៅ​គ្រា​នោះ ពួក​អភិជន​នៅ​ស្រុក​យូដា​តែងតែ​សរសេរ​លិខិត​ឆ្លើយ​ឆ្លង ជា​មួយ​លោក​ថូប៊ី‌យ៉ា​ជា​ញឹក​ញាប់ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់‌ព័ន្ធ​ជា​មួយ​គាត់ ដោយ‌សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​សេកា‌នា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា។ អ្នក​ទាំង​នោះ​ចេះ​តែ​និយាយ​សរសើរ​គាត់​នៅ​មុខ​ខ្ញុំ ហើយ​ថែម​ទាំង​នាំ​ពាក្យ​ដែល​ខ្ញុំ​និយាយ យក​ទៅ​ប្រាប់​គាត់​ទៀត​ផង។ លោក​ថូប៊ី‌យ៉ា​តែងតែ​ផ្ញើ​សំបុត្រ​មក​បំភ័យ​ខ្ញុំ។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ នៅ​ថ្ងៃ​២៥ ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ ក្នុង​រវាង​នោះ ពួក​អ្នក​ធំ​ក្នុង​សាសន៍​យូដា គេ​ក៏​ផ្ញើ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​ថូប៊ីយ៉ា ហើយ​មាន​សំបុត្រ​របស់​ថូប៊ីយ៉ា​មក​ដល់​គេ​វិញ​ដែរ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា បាន​ស្បថ​នឹង​គាត់ ដោយ​ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​អើរ៉ាស មួយ​ទៀត​យ៉ូហា‌ណាន ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូឡាម ជា​កូន​បេរេគា ធ្វើ​ជា​ប្រពន្ធ គេ​ក៏​និយាយ​ពី​ការ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យ​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ីយ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​គំរាម ឲ្យ​ខ្ញុំ​ភ័យ។

ចែក​រំលែក
អាន នេហេមា 6