នេហេមា 6:1-9
នេហេមា 6:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលសានបាឡាត ថូប៊ីយ៉ា និងកេសែម ជាសាសន៍អារ៉ាប់ ព្រមទាំងខ្មាំងសត្រូវរបស់យើងបានឮថា ខ្ញុំបានសង់កំផែងឡើង ហើយគ្មានកន្លែងបាក់បែកណានៅសល់ទៀត (ទោះជាពេលនោះ ខ្ញុំមិនទាន់បានដាក់សន្លឹកទ្វារ តាមទ្វារនៅឡើយក៏ដោយ) សានបាឡាត និងកេសែម ចាត់គេមកជួបខ្ញុំ និយាយថា៖ «សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នានៅភូមិណាមួយ ក្នុងជ្រលងភ្នំអូណូរ»។ ប៉ុន្ដែ គេមានបំណងនឹងធ្វើបាបខ្ញុំ។ ដូច្នេះ ខ្ញុំក៏ចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកចោលការងារនេះ ហើយចុះទៅជួបលោកដូច្នេះ?» គេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។ បន្ទាប់មក សានបាឡាតចាត់អ្នកបម្រើម្នាក់ឲ្យមកជួបខ្ញុំ តាមបែបដដែល ជាលើកទីប្រាំ មានទាំងកាន់សំបុត្រដែលបើកចំហនៅដៃផង។ ក្នុងសំបុត្រនោះ មានសរសេរថា៖ «មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែម ជាសាក្សីថា លោក និងពួកយូដាមានបំណងនឹងបះបោរ ហេតុនេះហើយបានជាលោកសង់កំផែងនេះឡើង ហើយថា តាមពាក្យដែលគេនិយាយនេះ លោកចង់ឡើងធ្វើជាស្តេចរបស់គេ។ លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា "មានស្តេចមួយអង្គនៅស្រុកយូដាហើយ" ដំណឹងនេះនឹងឮដល់ស្តេចមិនខាន ដូច្នេះ សូមអញ្ជើញមកឥឡូវនេះ យើងនឹងពិភាក្សាគ្នា»។ ខ្ញុំតបទៅគាត់វិញថា៖ «គ្មានការបែបនេះកើតឡើងដូចជាលោករៀបរាប់ទេ គឺលោកបានប្រឌិតរឿងទាំងនេះ ដោយគំនិតខ្លួនឯងប៉ុណ្ណោះ»។ ដ្បិតអ្នកទាំងនោះមានបំណងនឹងគំរាមពួកយើង ដោយគិតថា ពួកយើងនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។
នេហេមា 6:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា លោកកេសែម ជាជនជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗទទួលដំណឹងថា ខ្ញុំបានសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួសជុលហើយ - នៅគ្រានោះ ខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ - លោកសាន់បាឡាត់ និងលោកកេសែម ក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។ ពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្ដល់ចម្លើយដដែលទៅពួកគេវិញ។ លោកសាន់បាឡាត់ចាត់អ្នកជំនិតរបស់គាត់ឲ្យនាំពាក្យដដែលមកជាលើកទីប្រាំ។ អ្នកនាំសារនោះកាន់សំបុត្រដែលបើកចំហមកជាមួយផង។ សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និងជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសែមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្ដេចរបស់គេ។ លោកក៏បានតែងតាំងពួកព្យាការីឲ្យប្រកាសនៅក្រុងយេរូសាឡឹម ស្ដីអំពីរូបលោកថា មានស្ដេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះមុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។ ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។ ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងឲ្យទូលបង្គំឥឡូវនេះផង!
នេហេមា 6:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលដំណឹងបានឮទៅដល់សានបាឡាត នឹងថូប៊ីយ៉ា ព្រមទាំងកេសែម ជាសាសន៍អារ៉ាប់ នឹងពួកខ្មាំងសត្រូវយើងឯទៀតថា ខ្ញុំបានធ្វើកំផែងរួចជាស្រេច ឥតមានទីបាក់បែកណានៅសល់ទៀតឡើយ ទោះបើគ្រានោះមិនទាន់បានដាក់ផ្ទាំងសន្លឹកទ្វារឡើង ក្នុងអស់ទាំងទ្វារនៅឡើយក៏ដោយ នោះសានបាឡាត នឹងកេសែមចាត់គេមកឯខ្ញុំនិយាយថា អញ្ជើញមក យើងនឹងពិគ្រោះគ្នានៅភូមិណាមួយក្នុងច្រកភ្នំអូណូរ គឺគេគិតប្រទូស្តដល់ខ្ញុំទេ តែខ្ញុំចាត់មនុស្សឲ្យទៅប្រាប់វិញថា ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន នឹងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ រួចមកសានបាឡាតចាត់អ្នកបំរើម្នាក់មកឯខ្ញុំ តាមបែបដដែល នោះជាគំរប់៥ដង មានទាំងសំបុត្របើកចំហនៅដៃផង ក្នុងសំបុត្រនោះមានសេចក្ដីថា មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែមជាសាក្សីថា អ្នក ហើយនឹងពួកយូដាគិតបះបោរ បានជាសង់កំផែងនេះឡើង គឺថា អ្នកចង់ធ្វើជាស្តេចគេ តាមដែលឮនិយាយនោះ អ្នកក៏បានដំរូវឲ្យមានពួកហោរាប្រកាសប្រាប់ពីអ្នក នៅក្រុងយេរូសាឡិមថា មានស្តេចគ្រងរាជ្យនៅស្រុកយូដាហើយ ពាក្យយ៉ាងនោះយើងនឹងបញ្ជូនដល់ស្តេចឥឡូវ ដូច្នេះ ចូរមកឲ្យយើងបានពិគ្រោះគ្នាសិន ខ្ញុំតបទៅថា គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះ តាមតែចិត្តអ្នកវិញប៉ុណ្ណោះ ពួកអ្នកទាំងនោះចង់តែគំរាម ឲ្យយើងភ័យខ្លាច ដោយគិតថា យើងនឹងថយកំឡាំងដៃ ឲ្យសំរេចការមិនបាន ឥឡូវនេះ ឱព្រះអង្គអើយ សូមចំរើនកំឡាំងដៃទូលបង្គំវិញ។