នេហេមា 6:1-4

នេហេមា 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាន‌បាឡាត ថូប៊ីយ៉ា និង​កេសែម ជា​សាសន៍​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​របស់​យើង​បានឮ​ថា ខ្ញុំ​បានសង់​កំផែង​ឡើង ហើយគ្មាន​កន្លែង​បាក់​បែក​ណា​នៅ​សល់​ទៀត (ទោះ​ជាពេល​នោះ ខ្ញុំ​មិន​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ តាម​ទ្វារ​នៅ​ឡើយ​ក៏​ដោយ) សាន‌បាឡាត និង​កេសែម ចាត់​គេ​មក​ជួប​ខ្ញុំ និយាយ​ថា៖ «សូម​អញ្ជើញ​មក យើង​នឹងពិភាក្សា​គ្នា​នៅ​ភូមិ​ណា​មួយ ក្នុង​ជ្រលង​ភ្នំ​អូណូរ»។ ប៉ុន្ដែ គេ​មាន​បំណង​នឹង​ធ្វើ​បាប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​គេ​វិញ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឈប់ ដោយ​ទុក​ចោល​ការ​ងារ​នេះ ហើយ​ចុះ​ទៅ​ជួបលោក​ដូច្នេះ?» គេ​បាន​ចាត់​មនុស្ស​មក​ប្រាប់​ខ្ញុំតាមបែប​ដដែល​នេះ ដល់​ទៅ​បួន​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ទៅ​គេ​វិញ។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ - លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការ‌ងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំ‌ខាន»។ ពួក​គេ​ចាត់​មនុស្ស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ នឹង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ នោះ​សាន‌បា‌ឡាត នឹង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន នឹង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ

ចែក​រំលែក
អាន នេហេមា 6