នេហេមា 6:1-16

នេហេមា 6:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាន‌បាឡាត ថូប៊ីយ៉ា និង​កេសែម ជា​សាសន៍​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​របស់​យើង​បានឮ​ថា ខ្ញុំ​បានសង់​កំផែង​ឡើង ហើយគ្មាន​កន្លែង​បាក់​បែក​ណា​នៅ​សល់​ទៀត (ទោះ​ជាពេល​នោះ ខ្ញុំ​មិន​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ តាម​ទ្វារ​នៅ​ឡើយ​ក៏​ដោយ) សាន‌បាឡាត និង​កេសែម ចាត់​គេ​មក​ជួប​ខ្ញុំ និយាយ​ថា៖ «សូម​អញ្ជើញ​មក យើង​នឹងពិភាក្សា​គ្នា​នៅ​ភូមិ​ណា​មួយ ក្នុង​ជ្រលង​ភ្នំ​អូណូរ»។ ប៉ុន្ដែ គេ​មាន​បំណង​នឹង​ធ្វើ​បាប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​គេ​វិញ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឈប់ ដោយ​ទុក​ចោល​ការ​ងារ​នេះ ហើយ​ចុះ​ទៅ​ជួបលោក​ដូច្នេះ?» គេ​បាន​ចាត់​មនុស្ស​មក​ប្រាប់​ខ្ញុំតាមបែប​ដដែល​នេះ ដល់​ទៅ​បួន​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ទៅ​គេ​វិញ។ បន្ទាប់​មក សាន‌បាឡាត​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ខ្ញុំ តាម​បែប​ដដែល ជា​លើក​ទី​ប្រាំ មាន​ទាំង​កាន់​សំបុត្រដែល​បើក​ចំហ​នៅ​ដៃ​ផង។ ក្នុង​សំបុត្រ​នោះ មានសរសេរ​ថា៖ «មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម ជា​សាក្សី​ថា លោក និង​ពួក​យូដា​មាន​បំណង​នឹង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំផែង​នេះ​ឡើង ហើយ​ថា តាម​ពាក្យ​ដែល​គេ​និយាយ​នេះ លោក​ចង់​ឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ លោក​ក៏​បាន​តែង​តាំង​ពួក​ហោរា​ឲ្យ​ប្រកាស​អំ​ពីរូប​លោក នៅ​ក្រុង​យេរូ‌សាឡិម​ថា "មាន​ស្តេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ" ដំណឹង​នេះ​នឹង​ឮ​ដល់​ស្តេច​មិន​ខាន ដូច្នេះ សូមអញ្ជើញ​មកឥឡូវ​នេះ យើង​នឹងពិភាក្សា​គ្នា»។ ខ្ញុំ​តប​ទៅ​គាត់​វិញ​ថា៖ «គ្មាន​ការ​បែប​នេះ​កើត​ឡើង​ដូច​ជា​លោក​រៀប​រាប់​ទេ គឺ​លោក​បាន​ប្រឌិត​រឿងទាំង​នេះ ដោយ​គំនិត​ខ្លួន​ឯង​ប៉ុណ្ណោះ»។ ដ្បិត​អ្នក​ទាំង​នោះ​មានបំណង​នឹង​គំរាមពួក​យើង ដោយ​គិត​ថា ពួក​យើង​នឹង​ថយ​កម្លាំង​ដៃ ហើយ​លែង​ធ្វើ​ការ​នោះ​ត​ទៅ​ទៀត។ ប៉ុន្ដែ ឥឡូវ​នេះ ឱ​ព្រះ‌អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​ផង។ គ្រា​នោះ កាល​ខ្ញុំ​ចូល​ទៅ​ផ្ទះ​របស់​សេម៉ា‌យ៉ា ជា​កូន​ដេឡា‌យ៉ា ដែល​ជា​កូន​មហេ‌ថាបែល គាត់មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ គាត់​និយាយ​ថា៖ «សូម​យើង​ទៅ​ជួប​គ្នា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារឲ្យ​ជិត​ទៅ ដ្បិត​គេ​នឹង​មក​សម្លាប់​លោក គឺ​គេ​នឹង​មក​សម្លាប់​លោក នៅ​ពេល​យប់»។ ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ថា៖ «តើ​គួរ​ឲ្យ​មនុស្ស​ដូច​ខ្ញុំរត់​គេច​ឬ? តើ​មនុស្ស​ដូច​ខ្ញុំនេះ អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​រួច​ជីវិត​ឬ? ខ្ញុំ​មិន​ចូល​ទៅក្នុង​ព្រះ​វិហារទេ!»។ ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​បាន​ចាត់​គាត់ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ គឺ​គាត់​បាន​ថ្លែង​ទំនាយ​នេះទាស់​នឹង​ខ្ញុំ ព្រោះ​ថូប៊ី‌យ៉ា និង​សាន‌បាឡាត​បាន​ជួល​គាត់។ ដ្បិត​គេ​បាន​ជួល​គាត់​ឲ្យ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច ឲ្យ​ខ្ញុំ​ធ្វើ​តាម ហើយ​ប្រព្រឹត្ត​អំពើ​បាប ប្រ‌យោជន៍​ឲ្យ​គេ​បាន​រឿងនឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះ‌ដៀល​ខ្ញុំ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ថូប៊ី‌យ៉ា និង​សាន‌បាឡាត តាម​ការ​ទាំង​នេះ​ដែលគេ​បាន​ប្រព្រឹត្ត ហើយសូមនឹក​ចាំ​ពី​នាង​ណូ‌អាឌា ជា​ហោរា និង​ហោរា​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូល‌បង្គំ​ផង។ ដូច្នេះ កំផែង​បានសង់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃទី​ម្ភៃ​ប្រាំ ខែ​ភទ្រ‌បទ គឺ​ក្នុងរយៈ​ពេលហា​សិប​ពីរ​ថ្ងៃ។ កាល​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮដំណឹង​នេះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ចំពោះ​ភ្នែករបស់​ខ្លួន ដ្បិត​គេ​យល់​ឃើញ​ថា កិច្ច​ការ​នេះ​កើត​ឡើង​ដោយ​សារ​ជំនួយ​របស់​ព្រះ​នៃ​យើង។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា លោក​កេសែម ជា​ជន‌ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួស‌ជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ - លោក​សាន់បា‌ឡាត់ និង​លោក​កេសែម ក៏​ចាត់​គេ​ឲ្យ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភី‌រីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការ‌ងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំ‌ខាន»។ ពួក​គេ​ចាត់​មនុស្ស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។ លោក​សាន់បា‌ឡាត់​ចាត់​អ្នក​ជំនិត​របស់​គាត់​ឲ្យ​នាំ​ពាក្យ​ដដែល​មក​ជា​លើក​ទី​ប្រាំ។ អ្នក​នាំ​សារ​នោះ​កាន់​សំបុត្រ​ដែល​បើក​ចំហ​មក​ជា​មួយ​ផង។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា លោក និង​ជន‌ជាតិ​យូដា​មាន​បំណង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។ លោក​ក៏​បាន​តែង‌តាំង​ពួក​ព្យាការី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។ ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាម‌អារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។ អ្នក​ទាំង​នោះ​មាន​បំណង​បំភ័យ​ពួក​យើង ដោយ​គិត​ថា​ពួក​យើង​មុខ​ជា​បាក់​ទឹក​ចិត្ត លែង​ធ្វើ​ការ​ត​ទៅ​មុខ​ទៀត។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​ឥឡូវ​នេះ​ផង! ខ្ញុំ​ទៅ​ផ្ទះ​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ដេឡា‌យ៉ា និង​ជា​ចៅ​របស់​លោក​មហេ‌ថាបែល ដ្បិត​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​យើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នា រួច​ចូល​ទៅ​ខាង​ក្នុង​ទីសក្ការៈ និង​បិទ​ទ្វារ​យ៉ាង​ជិត ដ្បិត​ពួក​គេ​នាំ​គ្នា​មក​រក​សម្លាប់​លោក នៅ​ពេល​យប់»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទីសក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ឡើយ»។ ខ្ញុំ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា​សូក​គាត់។ ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។ «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អំពើ​ដែល​លោក​ថូប៊ី‌យ៉ា និង​លោក​សាន់បា‌ឡាត់​បាន​ប្រព្រឹត្ត ហើយ​សូម​នឹក​ចាំ​ពី​ព្យាកា‌រិនី​ណូអា‌ឌា និង​ព្យាការី​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូលបង្គំ​ដែរ»។ កំពែង​ក្រុង​ត្រូវ​បាន​ជួស‌ជុល​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​ភទ្របទ គឺ​អស់​រយៈ​ពេល​ហា‌សិប​ពីរ​ថ្ងៃ។ ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​យើង​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សម្រេច​ជា​រូប​រាង​ឡើង ដោយ‌សារ​ព្រះ​នៃ​យើង​បាន​ជួយ។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ នឹង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ នោះ​សាន‌បា‌ឡាត នឹង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន នឹង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ រួច​មក​សាន‌បា‌ឡាត​ចាត់​អ្នក​បំរើ​ម្នាក់​មក​ឯ​ខ្ញុំ តាម​បែប​ដដែល នោះ​ជា​គំរប់​៥​ដង មាន​ទាំង​សំបុត្រ​បើក​ចំហ​នៅ​ដៃ​ផង ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក ហើយ​នឹង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ អ្នក​ក៏​បាន​ដំរូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន ខ្ញុំ​តប​ទៅ​ថា គ្មាន​អ្វី​ដូច​ជា​អ្នក​ថា​នោះ​ទេ គឺ​អ្នក​បង្កើត​រឿង​នេះ តាម​តែ​ចិត្ត​អ្នក​វិញ​ប៉ុណ្ណោះ ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កំឡាំង​ដៃ ឲ្យ​សំរេច​ការ​មិន​បាន ឥឡូវ​នេះ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ដៃ​ទូលបង្គំ​វិញ។ គ្រា​នោះ ខ្ញុំ​បាន​ទៅ​ឯ​ផ្ទះ​របស់​សេម៉ាយ៉ា កូន​ដេឡាយ៉ា ដែល​ជា​កូន​មហេ‌ថា‌បែល គាត់​កំពុង​បំពួន​ខ្លួន គាត់​និយាយ​ឡើង​ថា សូម​យើង​ទៅ​ជួប​គ្នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារ​ភ្ជិត​ទៅ ដ្បិត​គេ​នឹង​មក​សំឡាប់​លោក គឺ​គេ​នឹង​មក​នៅ​ពេល​យប់​ជា​មិន​ខាន ដើម្បី​នឹង​សំឡាប់​លោក​បង់ តែ​ខ្ញុំ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​មនុស្ស​បែប​យ៉ាង​ខ្ញុំ​រត់​ឬ​អី តើ​មាន​អ្នក​ឯ​ណា​មួយ​ដូច​ខ្ញុំ ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​តែ​រួច​ជីវិត​នោះ ខ្ញុំ​មិន​ព្រម​ចូល​ទៅ​ទេ ខ្ញុំ​ក៏​ពិចារណា​យល់​ឃើញ​ថា មិន​មែន​ជា​ព្រះ​ដែល​បង្គាប់​ដល់​គាត់​ដូច្នោះ​ទេ គឺ​គាត់​បាន​ទាយ​ទំនាយ​នេះ ទាស់​នឹង​ខ្ញុំ​វិញ ហើយ​គឺ​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត​បាន​ជួល​គាត់​ផង គេ​បាន​ជួល​គាត់ប្រាថ្នា​ចង់​គំរាម ឲ្យ​ខ្ញុំ​ភ័យ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​តាម ហើយ​មាន​បាប​ដូច្នោះ ប្រយោជន៍​ឲ្យ​គេ​បាន​រឿង នឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះដៀល​ដល់​ខ្ញុំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត តាម​ការ​ដែល​គេ​ធ្វើ​ទាំង​នេះ ហើយ​ពី​នាង​ណូអាឌា ជា​ហោរា នឹង​ពួក​ហោរា​ឯ​ទៀត ដែល​ចង់​ឲ្យ​ទូលបង្គំ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ផង។ ដូច្នេះ នៅ​ថ្ងៃ​២៥ ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ

ចែក​រំលែក
អាន នេហេមា 6