នេហេមា 5:9-19
នេហេមា 5:9-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំក៏និយាយថា៖ «ការដែលអស់លោកធ្វើនេះមិនល្អទេ តើអស់លោកមិនគួរប្រព្រឹត្ត ដោយគោរពកោតខ្លាចដល់ព្រះនៃយើង ដើម្បីកុំឲ្យសាសន៍ដទៃដែលជាខ្មាំងសត្រូវរបស់យើង ត្មះតិះដៀលយើងទេឬ? ចំណែកខ្ញុំ ពួកបងប្អូនរបស់ខ្ញុំ និងពួកអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវទៅពួកគេខ្ចីដែរ។ ដូច្នេះ សូមឈប់យកការពីពួកគេទៅ។ សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។ ពេលនោះ គេឆ្លើយថា៖ «យើងខ្ញុំនឹងប្រគល់ឲ្យពួកគេវិញ ក៏នឹងលែងយកការពីពួកគេទៀតដែរ យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកមានប្រសាសន៍»។ ខ្ញុំក៏ហៅពួកសង្ឃមក ហើយបង្ខំឲ្យអ្នកទាំងនោះស្បថថា ពួកគេនឹងធ្វើតាមពាក្យសន្យា។ ខ្ញុំក៏រលាស់ថ្នក់អាវរបស់ខ្ញុំ ហើយពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសន្យានេះ សូមឲ្យព្រះរលាស់អ្នកនោះចេញពីផ្ទះ និងពីកិច្ចការរបស់ខ្លួនយ៉ាងនេះដែរ។ យ៉ាងនោះ សូមឲ្យគេខ្ទាតចេញ ហើយនៅខ្លួនទទេទៅ»។ អង្គប្រជុំទាំងមូលក៏ឆ្លើយឡើងថា "អាម៉ែន" ហើយសរសើរតម្កើងព្រះយេហូវ៉ា។ ប្រជាជនក៏ធ្វើតាមពាក្យដែលខ្លួនបានសន្យា។ ម្យ៉ាងទៀត ចាប់តាំងពីថ្ងៃដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលរបស់ពួកគេនៅស្រុកយូដា គឺពីឆ្នាំទីម្ភៃ រហូតដល់ឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺរយៈពេលដប់ពីរឆ្នាំ នោះខ្ញុំ និងបងប្អូនរបស់ខ្ញុំ មិនបានទទួលទានរបបអាហារ ដោយអាងបុណ្យជាទេសាភិបាលឡើយ។ ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។ ប្រការមួយទៀត ខ្ញុំក៏បាននៅជាប់នឹងកិច្ចការសង់កំផែងនេះដែរ យើងមិនបានទិញដីឯណាឡើយ ឯពួកអ្នកបម្រើរបស់ខ្ញុំទាំងប៉ុន្មាន សុទ្ធតែបានមូលមកជួយធ្វើកិច្ចការនេះ។ ម្យ៉ាងទៀត មានពួកយូដា និងពួកមេគ្រប់គ្រងមួយរយហាសិបនាក់ បរិភោគអាហាររួមតុជាមួយខ្ញុំ ឥតរាប់ពួកអ្នកដែលមកឯយើង ពីពួកសាសន៍ដទៃនៅជុំវិញឡើយ។ រីឯភោជនាហារដែលត្រូវរៀបចំក្នុងមួយថ្ងៃៗ គឺគោមួយ ចៀមសម្រាំងប្រាំមួយ ព្រមទាំងសត្វស្លាបដែរ ដែលគេរៀបចំឲ្យខ្ញុំ ហើយដប់ថ្ងៃម្ដង មានស្រាទំពាំងបាយជូរគ្រប់ប្រភេទជាបរិបូរទៀតផង ប៉ុន្តែ ទោះបើច្រើនដល់ម៉្លេះ ក៏ខ្ញុំមិនបានទាមទាររបបអាហារ ដោយអាងសិទ្ធិជាទេសាភិបាលឡើយ ព្រោះបន្ទុកនៃការសាងសង់នេះ ធ្ងន់ដល់ប្រជាជនស្រេចទៅហើយ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការល្អរបស់ទូលបង្គំផង គឺការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ។
នេហេមា 5:9-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះមិនល្អទេ! អស់លោកគួរតែរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំឲ្យសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។ ចំពោះរូបខ្ញុំផ្ទាល់ ព្រមទាំងបងប្អូន និងអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវ ទៅពួកគេខ្ចីដែរ។ ដូច្នេះ យើងមិនត្រូវទារបំណុលពីពួកគេឡើយ។ ចូរប្រគល់ដីស្រែចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះរបស់គេឲ្យគេវិញនៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេង ដែលអស់លោកចាត់ទុកជាការនោះដែរ»។ អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ បន្ទាប់មក ខ្ញុំរលាស់ហោប៉ៅអាវធំរបស់ខ្ញុំ ទាំងពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសម្ដីរបស់ខ្លួនទេ សូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរ។ សូមឲ្យគេបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ សូមកុំឲ្យគេនៅសល់អ្វីសោះឡើយ!»។ អង្គប្រជុំទាំងមូលឆ្លើយថា “អាម៉ែន!” រួចគេនាំគ្នាលើកតម្កើងព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យា។ ចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។ លើសពីនោះ ខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុង។ មួយវិញទៀត ខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចម្ការណាឡើយ រីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំ ក៏ធ្វើដូចខ្ញុំដែរ។ អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ រៀងរាល់ថ្ងៃ គេតែងសម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដង គេយកស្រាទំពាំងបាយជូរដ៏ច្រើនមកឲ្យខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយ។ «ឱព្រះនៃទូលបង្គំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ទូលបង្គំផង»។
នេហេមា 5:9-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏និយាយថា ការដែលអ្នករាល់គ្នាធ្វើនេះមិនល្អទេ គួរគប្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយសេចក្ដីកោតខ្លាចដល់ព្រះនៃយើងរាល់គ្នាវិញទេតើ គឺដោយព្រោះសេចក្ដីត្មះតិះដៀលនៃពួកសាសន៍ដទៃ ជាខ្មាំងសត្រូវយើង ចំណែកខ្ញុំ ពួកបងប្អូន នឹងពួកអ្នកបំរើខ្ញុំ ក៏អាចនឹងឲ្យគេខ្ចីប្រាក់ នឹងស្រូវ ឲ្យបានការដូចគ្នាបានដែរ ដូច្នេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាលែងយកការទៅ សូមប្រគល់ស្រែចំការ ដំណាំ នឹងផ្ទះគេទៅគេវិញ នៅថ្ងៃនេះឯង ព្រមទាំង១ភាគក្នុង១០០នៃប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងដែលអ្នករាល់គ្នាបានយកការពីគេផង នោះគេឆ្លើយថា យើងខ្ញុំនឹងប្រគល់ទៅវិញ ហើយនឹងលែងយកការពីគេតរៀងទៅ យើងខ្ញុំនឹងធ្វើដូចជាលោកមានប្រសាសន៍ រួចខ្ញុំហៅពួកសង្ឃមក ចាប់ឲ្យអ្នកទាំងនោះស្បថថា នឹងធ្វើតាមពាក្យសន្យានោះ ខ្ញុំក៏រលាស់ថ្នក់អាវខ្ញុំពោលថា បើអ្នកណាមិនប្រព្រឹត្តតាមពាក្យសន្យានេះ នោះសូមឲ្យព្រះរលាស់អ្នកនោះ ចេញពីផ្ទះនឹងពីការរបស់ខ្លួនយ៉ាងនេះដែរ សូមតែឲ្យគេត្រូវរលាស់ចេញចុះ ហើយចោលនៅទទេផង ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយឡើងថា អាម៉ែន ហើយគេសរសើរដល់ព្រះយេហូវ៉ា រួចក៏ធ្វើតាមពាក្យសន្យានោះ។ រីឯចាប់តាំងពីថ្ងៃដែលស្តេចបានតាំងខ្ញុំឡើងធ្វើជាចៅហ្វាយលើគេនៅស្រុកយូដា គឺពីឆ្នាំទី២០ដរាបដល់ឆ្នាំ៣២ ក្នុងរាជ្យស្តេចអើថាស៊ើកសេស រួមជា១២ឆ្នាំ នោះខ្ញុំ នឹងបងប្អូនខ្ញុំ មិនបានទទួលទានភោជនាហារ ដោយអាងបុណ្យជាចៅហ្វាយនោះទេ ឯពួកចៅហ្វាយដែលនៅមុនខ្ញុំ នោះបាននៅដោយសារពួករាស្ត្រ គេបានទារយកអាហារ នឹងស្រាទំពាំងបាយជូររបស់ខ្លួនពីរាស្ត្រ ព្រមទាំងប្រាក់៤០រៀងផង អើ សូម្បីតែពួកអ្នកបំរើរបស់គេក៏មានអំណាចលើបណ្តាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ដោយមានសេចក្ដីកោតខ្លាចដល់ព្រះវិញ ប្រការមួយទៀត ខ្ញុំបាននៅជាប់នឹងការសង់កំផែងនេះឡើងដែរ យើងរាល់គ្នាមិនបានទាំងទិញដីឯណាផង ហើយពួកបំរើរបស់ខ្ញុំបានមូលមក ជួយធ្វើការនេះដែរ ហើយនេះទៀត មានពួកយូដា នឹងពួកនាយដំរួត១៥០នាក់ បរិភោគអាហារនៅតុខ្ញុំផង ឥតរាប់ពួកអ្នកដែលមកឯយើងរាល់គ្នា ពីពួកសាសន៍ដទៃនៅជុំវិញឡើយ រីឯភោជនាហារដែលត្រូវរៀបក្នុង១ថ្ងៃ នោះគឺគោ១ នឹងចៀមសំរាំង៦ ព្រមទាំងសត្វបក្សី ដែលគេរៀបឲ្យខ្ញុំដែរ ហើយក្នុង១០ថ្ងៃ នោះគេយកស្រាទំពាំងបាយជូរគ្រប់យ៉ាងមក១ដង ប៉ុន្តែ ទុកជាច្រើនដល់ម៉្លេះ គង់តែខ្ញុំមិនបានអាងបុណ្យជាចៅហ្វាយ នឹងទារភោជនាហារដែរ ពីព្រោះពួកបណ្តាជនមានបន្ទុកធ្ងន់ណាស់ទៅហើយ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹករឭក ដោយចំរើនព្រះគុណដល់ទូលបង្គំផង ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលទូលបង្គំបានអនុគ្រោះដល់បណ្តាជននេះ។