នេហេមា 5:1-13

នេហេមា 5:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ មាន​សម្រែក​ជា​ខ្លាំង​របស់ប្រជា‌ជន និង​ប្រពន្ធ​របស់​ពួក‌គេ ស្រែក​ឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។ ដ្បិត​មាន​អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ មាន​គ្នា​ជា​ច្រើន សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅផង»។ មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ និង​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ​អស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង»។ មាន​អ្នក​ខ្លះ​ផ្សេង​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្តេច ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ មាន​សាច់​ឈាម​ដូច​គ្នា កូន​ចៅ​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​ពួក‌គេ​ដែរ តែ​មើល៍ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ទាសករ​របស់​គេ យើង​ខ្ញុំ​ទាល់​ច្រក​ហើយ ដ្បិត​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នកដទៃ​ដែរ»។ កាល​ខ្ញុំ​បាន​ឮ​សម្រែក​របស់​ពួកគេ ហើយ​ឮ​ពាក្យ​ទាំងនេះ ខ្ញុំ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។ ដូច្នេះ ខ្ញុំ​ក៏​និយាយ​ថា៖ «ការ​ដែល​អស់​លោក​ធ្វើ​នេះ​មិន​ល្អ​ទេ តើ​អស់​លោក​មិន​គួរ​ប្រព្រឹត្ត ដោយ​គោរព​កោត​ខ្លាច​ដល់​ព្រះ​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ត្មះ‌តិះ‌ដៀល​យើង​ទេឬ? ចំណែក​ខ្ញុំ ពួក​បង‌ប្អូនរបស់​ខ្ញុំ និង​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ក៏​បានឲ្យ​ប្រាក់ និង​ស្រូវទៅ​ពួក‌គេ​ខ្ចី​ដែរ។ ដូច្នេះ សូម​ឈប់​យក​ការ​ពី​ពួក‌គេ​ទៅ។ សូម​ប្រគល់​ស្រែ ចម្ការ​ទំពាំង​បាយ​ជូរ ចម្ការ​អូលីវ និង​ផ្ទះ​សំបែង​របស់​គេ ទៅ​គេ​វិញ​នៅ​ថ្ងៃ​នេះ​ទៅ ព្រម​ទាំង​កុំ​ទារ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដែល​អស់​លោក​បាន​យក​ការ​ពី​គេ​នោះ​ផង»។ ពេលនោះ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​ពួក‌គេ​វិញ ក៏​នឹង​លែង​យក​ការ​ពី​ពួក‌គេ​ទៀត​ដែរ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍»។ ខ្ញុំ​ក៏​ហៅ​ពួក​សង្ឃ​មក ហើយ​បង្ខំ​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា ពួក‌គេ​នឹង​ធ្វើ​តាម​ពាក្យ​សន្យា។ ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​របស់​ខ្ញុំ ហើយ​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សន្យា​នេះ សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ​ចេញ​ពី​ផ្ទះ និង​ពី​កិច្ច​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ។ យ៉ាង​នោះ សូម​ឲ្យ​គេ​ខ្ទាត​ចេញ ហើយ​នៅ​ខ្លួន​ទទេ​ទៅ»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​ឆ្លើយ​ឡើង​ថា "អាម៉ែន" ហើយ​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។

ចែក​រំលែក
អាន នេហេមា 5

នេហេមា 5:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ មាន​ប្រជា‌ជន​យូដា​ទាំង​ប្រុស ទាំង​ស្រី នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំនួន។ អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ យើង​ខ្ញុំ​ចង់​បាន​ស្រូវ​មក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត»។ អ្នក​ខ្លះ​ពោល​ថា៖ «នៅ​ពេល​អត់​ឃ្លាន យើង​ខ្ញុំ​បញ្ចាំ​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ និង​ផ្ទះ​សំបែង»។ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្ដេច។ សាច់​ឈាម​របស់​យើង​ខ្ញុំ​មិន​ខុស​ពី​សាច់​ឈាម​បងប្អូន​របស់​យើង​ខ្ញុំ​ទេ កូន​ប្រុស​របស់​យើង​ខ្ញុំ​ក៏​មិន​ខុស​ពី​កូន​ប្រុស​របស់​គេ​ដែរ ប៉ុន្តែ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ។ កូន​ស្រី​របស់​យើង​ខ្ញុំ​ជា​ច្រើន​នាក់​លក់​ខ្លួន​ទៅ​ឲ្យ​គេ ព្រោះ​យើង​ខ្ញុំ​ទាល់​ច្រក។ រីឯ​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង​ខ្ញុំ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ម្ចាស់​បំណុល​ដែរ»។ ពេល​ខ្ញុំ​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​អ្នក​ទាំង​នេះ ខ្ញុំ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្ដី​បន្ទោស​ពួក​អភិជន និង​ពួក​អ្នក​គ្រប់‌គ្រង។ ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «អស់​លោក​ឲ្យ​ប្រាក់​បងប្អូន​រួម​ជាតិ​ខ្ចី ដោយ​យក​ការ​យ៉ាង​ធ្ងន់​បែប​នេះ​ឬ!»។ ខ្ញុំ​បាន​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «យើង​តែងតែ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​លោះ​ជន​រួម​ជាតិ​របស់​យើង ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ។ ចំណែក​ឯ​អស់​លោក​វិញ អស់​លោក​បែរ​ជា​យក​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ជន‌ជាតិ​យូដា​ដូច​គ្នា!»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា រក​ពាក្យ​ឆ្លើយ​មិន​បាន​ឡើយ។ ខ្ញុំ​ក៏​ពោល​ទៀត​ថា៖ «អស់​លោក​ប្រព្រឹត្ត​បែប​នេះ​មិន​ល្អ​ទេ! អស់​លោក​គួរ​តែ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង​ប្រមាថ​មាក់‌ងាយ​យើង​បាន។ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ព្រម​ទាំង​បងប្អូន និង​អ្នក​បម្រើ​របស់​ខ្ញុំ ក៏​បាន​ឲ្យ​ប្រាក់ និង​ស្រូវ ទៅ​ពួក​គេ​ខ្ចី​ដែរ។ ដូច្នេះ យើង​មិន​ត្រូវ​ទារ​បំណុល​ពី​ពួក​គេ​ឡើយ។ ចូរ​ប្រគល់​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ ចម្ការ​អូលីវ និង​ផ្ទះ​របស់​គេ​ឲ្យ​គេ​វិញ​នៅ​ថ្ងៃ​នេះ​ទៅ ហើយ​ក៏​កុំ​ទារ​ប្រាក់ ស្រូវ ស្រា និង​ប្រេង ដែល​អស់​លោក​ចាត់​ទុក​ជា​ការ​នោះ​ដែរ»។ អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ឲ្យ​ពួក​គេ​វិញ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាម‌ទារ​អ្វី​ពី​ពួក​គេ​ទៀត​ដែរ យើង​ខ្ញុំ​ធ្វើ​តាម​ពាក្យ​របស់​លោក»។ ពេល​នោះ ខ្ញុំ​បាន​ហៅ​អស់​លោក​បូជា‌ចារ្យ​មក ហើយ​ខ្ញុំ​ឲ្យ​ម្ចាស់​បំណុល​ស្បថ​នៅ​មុខ​បូជា‌ចារ្យ​ទាំង​នោះ​ថា ពួក​គេ​នឹង​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន។ បន្ទាប់​មក ខ្ញុំ​រលាស់​ហោ‌ប៉ៅ​អាវ​ធំ​របស់​ខ្ញុំ ទាំង​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ទេ សូម​ព្រះ‌ជាម្ចាស់​រលាស់​អ្នក​នោះ​ដូច្នេះ​ដែរ។ សូម​ឲ្យ​គេ​បាត់​បង់​ផ្ទះ​សំបែង និង​ទ្រព្យ‌សម្បត្តិ សូម​កុំ​ឲ្យ​គេ​នៅ​សល់​អ្វី​សោះ​ឡើយ!»។ អង្គ​ប្រជុំ​ទាំង​មូល​ឆ្លើយ​ថា “អាម៉ែន!” រួច​គេ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់។ បន្ទាប់​មក ប្រជា‌ជន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។

ចែក​រំលែក
អាន នេហេមា 5

នេហេមា 5:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ មាន​សូរ​សំរែក​ជា​ខ្លាំង​នៃ​ពួក​ជន នឹង​ប្រពន្ធ​គេ កើត​ឡើង​ទាស់​នឹង​ពួក​បង​ប្អូន ជា​សាសន៍​យូដា មាន​ខ្លះ​និយាយ​ថា ពួក​យើង​ខ្ញុំ នឹង​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ មាន​គ្នា​ច្រើន សូម​ឲ្យ​យើង​បាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅ មាន​ខ្លះ​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចំការ នឹង​ផ្ទះ‌សំបែង​របស់​យើង​ខ្ញុំ​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​បាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង ហើយ​មាន​ខ្លះ​ផ្សេង​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចំការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​បង់​ពន្ធ​ថ្វាយ​ស្តេច ប៉ុន្តែយើង​ខ្ញុំ នឹង​ពួក​បង​ប្អូន​នោះ មាន​សាច់​ដូច​គ្នា កូន​ចៅ​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​គេ​ដែរ តែ​មើល យើង​ខ្ញុំ​នាំ​ឲ្យ​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ​ទៅ​ជា​ខ្ញុំ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ខ្ញុំ​គេ​ហើយ យើង​ខ្ញុំ​ក៏​ចៀស​មិន​រួច​ដែរ ដ្បិត​អ្នក​ឯ​ទៀត​បាន​ស្រែ​ចំការ របស់​យើង​ខ្ញុំ​ទៅ​ហើយ។ កាល​ខ្ញុំ​បាន​ឮ​សំរែក​របស់​គេ នឹង​ពាក្យ​ទាំង​នោះ​ហើយ នោះ​ខ្ញុំ​ក៏​មាន​ចិត្ត​ឈឺ‌ចាប់​ជា​ខ្លាំង ខ្ញុំ​ក៏​ពិចារណា​ក្នុង​ខ្លួន រួច​បន្ទោស​ដល់​ពួក​អ្នក​ធំ នឹង​ពួក​មេ​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា អ្នក​រាល់​គ្នា​តែង‌តែ​យក​ការ គឺ​គ្រប់​គ្នា​យក​ពី​ពួក​បង​ប្អូន​ផង ខ្ញុំ​ក៏​ប្រជុំ​ជំនុំ​យ៉ាង​ធំ​ទាស់​នឹង​គេ រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា តាម​កំឡាំង​របស់​យើង​រាល់​គ្នា នោះ​យើង​បាន​លោះ​ពួក​បង​ប្អូន​ជា​សាសន៍​យូដា ដែល​ត្រូវ​លក់​ដល់​សាសន៍​ដទៃ ឲ្យ​រួច​មក​វិញ ចុះ​តើ​អ្នក​រាល់​គ្នា​ចង់​លក់​បង​ប្អូន​ខ្លួន​ទៀត​ឬ​អី ដែល​នឹង​លក់​គេ​ក្នុង​ពួក​គ្នា​យើង នោះ​តើ​គួរ​គប្បី​ដែរឬ ដូច្នេះ គេ​ក៏​ស្ងៀម​នៅ រក​ឆ្លើយ​មិន​បាន ខ្ញុំ​ក៏​និយាយ​ថា ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នេះ​មិន​ល្អ​ទេ គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ​ទេ​តើ គឺ​ដោយ​ព្រោះ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​ពួក​សាសន៍​ដទៃ ជា​ខ្មាំង​សត្រូវ​យើង ចំណែក​ខ្ញុំ ពួក​បង​ប្អូន នឹង​ពួក​អ្នក​បំរើ​ខ្ញុំ ក៏​អាច​នឹង​ឲ្យ​គេ​ខ្ចី​ប្រាក់ នឹង​ស្រូវ ឲ្យ​បាន​ការ​ដូច​គ្នា​បាន​ដែរ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​លែង​យក​ការ​ទៅ សូម​ប្រគល់​ស្រែ​ចំការ ដំណាំ នឹង​ផ្ទះ​គេ​ទៅ​គេ​វិញ នៅ​ថ្ងៃ​នេះ​ឯង ព្រម​ទាំង​១​ភាគ​ក្នុង​១០០​នៃ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​ដែល​អ្នក​រាល់​គ្នា​បាន​យក​ការ​ពី​គេ​ផង នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ប្រគល់​ទៅ​វិញ ហើយ​នឹង​លែង​យក​ការ​ពី​គេ​ត​រៀង​ទៅ យើង​ខ្ញុំ​នឹង​ធ្វើ​ដូច​ជា​លោក​មាន​ប្រសាសន៍ រួច​ខ្ញុំ​ហៅ​ពួក​សង្ឃ​មក ចាប់​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា នឹង​ធ្វើ​តាម​ពាក្យ​សន្យា​នោះ ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​ខ្ញុំ​ពោល​ថា បើ​អ្នក​ណា​មិន​ប្រព្រឹត្ត​តាម​ពាក្យ​សន្យា​នេះ នោះ​សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ ចេញ​ពី​ផ្ទះនឹង​ពី​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ សូម​តែ​ឲ្យ​គេត្រូវ​រលាស់​ចេញ​ចុះ ហើយ​ចោល​នៅ​ទទេ​ផង ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា អាម៉ែន ហើយ​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា រួច​ក៏​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។

ចែក​រំលែក
អាន នេហេមា 5