នេហេមា 4:15-23
នេហេមា 4:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្មាំងសត្រូវរបស់យើងបានឮថា យើងដឹងគំនិតរបស់គេ ហើយថា ព្រះបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅសង់កំផែង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។ ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាលបានធ្វើការ ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងអាវក្រោះ ឯពួកមេដឹកនាំ ក៏ឈរនៅពីក្រោយពួកវង្សយូដាទាំងមូល ដែលកំពុងសង់កំផែង។ អស់អ្នកដែលលីសែង ហើយដឹកជញ្ជូន គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ។ ឯពួកជាងសង់ សុទ្ធតែស្ពាយដាវជាប់នឹងខ្លួន ហើយធ្វើការ ឯអ្នកដែលផ្លុំត្រែឈរនៅក្បែរខ្ញុំ។ ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កិច្ចការនេះធំ ហើយលាតសន្ធឹងយ៉ាងវែង យើងក៏នៅដាច់ពីគ្នានៅលើកំផែងទៀត។ ដូច្នេះ នៅកន្លែងណាដែលអ្នករាល់គ្នាឮសូរត្រែ នោះត្រូវប្រមូលគ្នាមកឯយើងនៅទីនោះ។ ព្រះនៃយើងនឹងប្រយុទ្ធជំនួសយើង»។ ដូច្នេះ យើងក៏ខំប្រឹងធ្វើការ ហើយពួកគេពាក់កណ្ដាលកាន់លំពែង ចាប់តាំងពីថ្ងៃរះ រហូតដល់ផ្កាយលេចចេញមក។ នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ ដូច្នេះ ទោះជាខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើរបស់ខ្ញុំ ឬពួកអ្នកការពារដែលមកតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ ម្នាក់ៗកាន់អាវុធជាប់នឹងដៃស្ដាំជានិច្ច។
នេហេមា 4:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។ ចាប់ពីថ្ងៃនោះមក គ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែង កាន់ខែល កាន់ធ្នូ និងប្រដាប់ការពារខ្លួន។ ពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នា។ អស់អ្នកដែលសង់កំពែង អស់អ្នកដែលលីសែង ឬដឹកជញ្ជូន ធ្វើការដៃម្ខាង កាន់អាវុធដៃម្ខាង។ រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «យើងនៅសល់កិច្ចការច្រើនណាស់ ព្រោះកំពែងវែង ហើយយើងក៏នៅឆ្ងាយពីគ្នាទៀត។ ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ ព្រះរបស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។ យើងបានបន្តសំណង់របស់យើងរបៀបនេះ គឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែង តាំងពីព្រលឹមទល់ព្រលប់។ នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបម្រើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។
នេហេមា 4:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកខ្មាំងសត្រូវបានឮថា យើងរាល់គ្នាដឹងក្នុងគំនិតគេ ហើយថា ព្រះបាននាំឲ្យសេចក្ដីប្រឹក្សារបស់គេខូចបង់ទៅដូច្នោះ នោះយើងទាំងអស់គ្នា ក៏វិលទៅធ្វើកំផែង តាមការយើងរៀងខ្លួន ដូច្នេះ ចាប់តាំងពីវេលានោះទៅ ពួករបស់ខ្ញុំពាក់កណ្តាលក៏ធ្វើការ ហើយពាក់កណ្តាលទៀត ក៏កាន់លំពែង ខែល ធ្នូ នឹងអាវក្រោះ ឯពួកមេ ក៏ជួយទប់ទល់ពួកវង្សរបស់យូដាទាំងប៉ុន្មានដែរ ចំណែកពួកអ្នក ដែលធ្វើកំផែង នឹងពួកអ្នក ដែលលីសែង ហើយពួកអ្នកដែលជញ្ជូនដាក់ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ ពួកជាងថ្មគេក្រវាត់ដាវនៅចង្កេះ ហើយក៏ធ្វើការទាំងដូច្នោះ ឯអ្នកដែលផ្លុំត្រែ នោះក៏នៅជិតខ្ញុំ ហើយខ្ញុំប្រាប់ដល់ពួកអ្នកធំ ពួកមេ នឹងពួកបណ្តាជនទាំងពួងថា ការនេះជាការធំវែងពេកណាស់ យើងរាល់គ្នាឃ្លាតឆ្ងាយពីគ្នា នៅលើកំផែងផង ដូច្នេះ នៅកន្លែងណាដែលអ្នករាល់គ្នាឮសូរត្រែ នោះត្រូវឲ្យអ្នករាល់គ្នាមូលមកឯយើងនៅទីនោះ ព្រះនៃយើងរាល់គ្នា ទ្រង់នឹងតស៊ូជំនួសយើង។ យ៉ាងនោះ យើងរាល់គ្នាចេះតែធ្វើការទៅ មនុស្សពាក់កណ្តាលបានកាន់លំពែងចាប់តាំងពីថ្ងៃរះ ដរាបដល់ផ្កាយលេចចេញមក នៅគ្រានោះ ខ្ញុំក៏ប្រាប់ពួកជនថា ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបំរើរបស់ខ្លួន ដេកនៅក្នុងក្រុងយេរូសាឡិម ដើម្បីនឹងជួយការពារយើងរាល់គ្នា នៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ ដូច្នេះ ទោះខ្ញុំ ឬបងប្អូន ពួកអ្នកបំរើខ្ញុំ ឬពួកចាំយាមដែលតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសំលៀកបំពាក់ចេញឡើយ លើកតែមានការបោកទឹកប៉ុណ្ណោះ។