នេហេមា 4:14-18

នេហេមា 4:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ខ្ញុំ​បាន​ត្រួត​ពិនិត្យ​មើលរួច​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង ហើយ​ពោល​ទៅកាន់​ពួក​អភិជន និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ប្រជា‌ជន​ឯ​ទៀត​ៗ​ថា៖ «កុំ​ខ្លាចពួក‌គេ​ឡើយ ចូរ​នឹកចាំ​ពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ហើយ​ត្រូវ​ប្រយុទ្ធ​ការពារ​ពួក​បង‌ប្អូន កូន​ប្រុស កូន​ស្រី ប្រពន្ធ និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។ កាល​ខ្មាំង​សត្រូវ​របស់​យើង​បាន​ឮ​ថា យើង​ដឹង​គំនិត​របស់​គេ ហើយ​ថា ព្រះ​បាន​រំលាយ​ផែន​ការ​របស់​គេ នោះ​យើង​ទាំង​អស់​គ្នា​ក៏​វិល​ទៅ​សង់​កំផែង តាម​កិច្ច​ការ​របស់​យើង​រៀង​ៗ​ខ្លួន​វិញ។ ដូច្នេះ ចាប់​ពី​ថ្ងៃ​នោះ​មក ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ពាក់​កណ្ដាល​បាន​ធ្វើ​ការ ហើយ​ពាក់​កណ្ដាល​ទៀត កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេដឹក​នាំ ក៏​ឈរ​នៅ​ពី​ក្រោយ​ពួក​វង្ស​យូដា​ទាំង​មូល ដែល​កំពុង​សង់​កំផែង។ អស់​អ្នក​ដែល​លីសែង ហើយដឹក​ជញ្ជូន គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ។ ឯ​ពួក​ជាង​សង់ សុទ្ធ​តែ​ស្ពាយ​ដាវ​ជាប់​នឹង​ខ្លួន ហើយ​ធ្វើ​ការ ឯ​អ្នក​ដែល​ផ្លុំ​ត្រែឈរ​នៅ​ក្បែរ​ខ្ញុំ។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ពិនិត្យ​សព្វ​គ្រប់​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការ‌ពារ​បងប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។ ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះ‌ជាម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។ ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។ រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការ‌ងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ នឹង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធនឹង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។ កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន ដូច្នេះ ចាប់​តាំង​ពី​វេលា​នោះ​ទៅ ពួក​របស់​ខ្ញុំ​ពាក់​កណ្តាល​ក៏​ធ្វើ​ការ ហើយ​ពាក់​កណ្តាល​ទៀត ក៏​កាន់​លំពែង ខែល ធ្នូ នឹង​អាវ​ក្រោះ ឯ​ពួក​មេ ក៏​ជួយ​ទប់‌ទល់​ពួក​វង្ស​របស់​យូដា​ទាំង​ប៉ុន្មាន​ដែរ ចំណែក​ពួក​អ្នក ដែល​ធ្វើ​កំផែង នឹង​ពួក​អ្នក ដែល​លី‌សែង ហើយ​ពួក​អ្នក​ដែល​ជញ្ជូន​ដាក់ គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ ពួក​ជាង​ថ្ម​គេ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ក៏​ធ្វើ​ការ​ទាំង​ដូច្នោះ ឯ​អ្នក​ដែល​ផ្លុំ​ត្រែ នោះ​ក៏​នៅ​ជិត​ខ្ញុំ

ចែក​រំលែក
អាន នេហេមា 4