នេហេមា 4:1-9

នេហេមា 4:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាន‌បាឡាត់​បាន​ឮ​ថា យើង​កំពុង​សង់​កំផែង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​ចំអក​ឲ្យ​ពួក​យូដា។ គាត់​និយាយ​នៅ​មុខ​ពួក​បង‌ប្អូន​របស់​គាត់ និង​នៅ​មុខ​ពល​ទ័ព​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​កម្សោយ​នេះ​កំពុង​ធ្វើ​ស្អីនឹង? តើ​គេ​សង់កំផែង​នេះ​សម្រាប់​ខ្លួន​គេ​ឬ? តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ឬ? តើ​គេ​បង្ហើយកំផែង​នេះ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ឬ? តើ​គេ​យក​ថ្ម​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ទៅហើយ មក​រៀប​ឡើងវិញកើត​ឬ?» នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ក្បែរ​គាត់ ក៏​បន្ទរ​ឡើង​ថា៖ «មែន​ហើយ សំណង់​ដែល​ពួក‌គេ​កំពុង​សង់​នេះ បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន!»។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ស្តាប់​ចុះ ដ្បិត​គេ​មើល​ងាយ​យើង​ខ្ញុំ​ហើយ។ សូម​បង្វែរ​ពាក្យ​ឡក​ឡើយ​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សូម​ប្រគល់​គេ​ឲ្យ​សត្រូវ​រឹបអូស នៅ​ក្នុង​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​នោះទៅ។ សូម​កុំ​គ្រប​បាំង​ទោស​របស់​គេ ហើយ​កុំ​លុប​អំពើ​បាប​របស់​គេ ចេញ​ពី​ព្រះ​នេត្រ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គេ​បាន​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ នៅ​ចំពោះ​ពួក​អ្នក​សង់​កំផែង​នេះ​ឡើង​វិញ។ ដូច្នេះ ពួក​យើង​នាំ​គ្នា​សង់​កំផែង​ឡើង ហើយ​កំផែង​ក៏​បាន​ត​ភ្ជាប់​គ្នា​ជុំ​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ធ្វើ​ការ​យ៉ាង​ស្វា​ហាប់។ ប៉ុន្ដែ កាល​សាន‌បាឡាត និង​ថូប៊ីយ៉ា ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ព្រម​ទាំង​ពួក​អាសដូឌ​បាន​ឮ​ថា ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចម្រើន​ឡើង ហើយ​ថា កន្លែង​បាក់​បែក​ចាប់​ផ្ដើម‌ភ្ជិត​ឡើង​វិញ នោះ​ពួក‌គេ​ខឹង​ជា​ខ្លាំង ហើយ​គេក៏​ប្រឹក្សា​គ្នា​ដើម្បី​មកវាយ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ក​ឲ្យ​មាន​ការ​ច្របូក​ច្របល់។ ដូច្នេះ យើង​ក៏​បាន​អធិស្ឋានដល់​ព្រះ​នៃ​យើង ហើយ​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម​ល្បាត ដើម្បី​ការ​ពារ​ទាំង​យប់​ទាំង​ថ្ងៃ។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​សាន់បា‌ឡាត់​ទទួល​ដំណឹង​ថា ពួក​យើង​ជួស‌ជុល​កំពែង​ក្រុង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​មួ‌ម៉ៅ​ជា​ខ្លាំង។ គាត់​ចំអក​ឲ្យ​ជន‌ជាតិ​យូដា ដោយ​ពោល​នៅ​មុខ​បងប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។ លោក​ថូប៊ី‌យ៉ា ជា​ជន‌ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ ពោល​ឡើង​ថា៖ «ទុក​ឲ្យ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។ «ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌សណ្ដាប់​ចុះ ពួក​គេ​មើល‌ងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​ឲ្យ​ពាក្យ​ប្រមាថ​មាក់‌ងាយ​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។ ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា ព្រម​ទាំង​ជន‌ជាតិ​អារ៉ាប់ ជន‌ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាស‌ដូឌ ទទួល​ដំណឹង​ថា ការ​ជួស‌ជុល​កំពែង​ក្រុង​យេរូ‌សាឡឹម មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ នោះ​ពួក​គេ​ខឹង​ជា​ខ្លាំង។ ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត។ ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សាន‌បា‌ឡា​ត់​បាន​ឮ​ថា យើង​កំពុង​តែ​សង់​កំផែង​ឡើង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ក្រោធ ហើយ​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ចំអក​ឡក‌ឡឺយ​ដល់​ពួក​យូដា ក៏​និយាយ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន នឹង​ពួក​ពល​ទ័ព​ស្រុក​សាម៉ារី​ថា ពួក​យូដា​កំសោយ​នេះ​ធ្វើ​អ្វី​ដូច្នេះ គេ​គិត​ការ‌ពារ​ខ្លួន​ឬ តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដែរ​ឬ តើ​គេ​នឹង​ធ្វើ​បង្ហើយ​ក្នុង​មួយ​ថ្ងៃ​បាន​ឬ តើ​គេ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​ចេញ​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ហើយ បាន​កើត​ឡើង​ដែរ​ឬ នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ជិត​លោក ក៏​និយាយ​ឡើង​ថា បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​នឹង​ធ្វើ​ឲ្យ​រលំ​ទៅ​ហើយ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​ចុះ ដ្បិត​គេ​មើល‌ងាយ​យើង​ខ្ញុំ​ណាស់ សូម​ទំលាក់​សេចក្ដី​ដំនៀល​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រឹប​ជាន់ នៅ​ក្នុង​ស្រុក​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ សូម​ទ្រង់​កុំ​គ្រប​បាំង​សេចក្ដី​ទុច្ចរិត​របស់​គេ ឬ​លុប​បាប​គេ ពី​ចំពោះ​ទ្រង់​ចេញ​ឡើយ ពី​ព្រោះ​គេ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង នៅ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តាជន​គេ​មាន​ចិត្ត​ឧស្សាហ៍។ កាល​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ នឹង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចំរើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង ហើយ​ដោយ​ព្រោះ​គេ បាន​ជា​យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំ​យាម ឲ្យ​រវាំង​ទាំង​យប់​ទាំង​ថ្ងៃ

ចែក​រំលែក
អាន នេហេមា 4