នេហេមា 4:1-23

នេហេមា 4:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាន‌បាឡាត់​បាន​ឮ​ថា យើង​កំពុង​សង់​កំផែង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​ចំអក​ឲ្យ​ពួក​យូដា។ គាត់​និយាយ​នៅ​មុខ​ពួក​បង‌ប្អូន​របស់​គាត់ និង​នៅ​មុខ​ពល​ទ័ព​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​កម្សោយ​នេះ​កំពុង​ធ្វើ​ស្អីនឹង? តើ​គេ​សង់កំផែង​នេះ​សម្រាប់​ខ្លួន​គេ​ឬ? តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ឬ? តើ​គេ​បង្ហើយកំផែង​នេះ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ឬ? តើ​គេ​យក​ថ្ម​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ទៅហើយ មក​រៀប​ឡើងវិញកើត​ឬ?» នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ក្បែរ​គាត់ ក៏​បន្ទរ​ឡើង​ថា៖ «មែន​ហើយ សំណង់​ដែល​ពួក‌គេ​កំពុង​សង់​នេះ បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន!»។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ស្តាប់​ចុះ ដ្បិត​គេ​មើល​ងាយ​យើង​ខ្ញុំ​ហើយ។ សូម​បង្វែរ​ពាក្យ​ឡក​ឡើយ​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សូម​ប្រគល់​គេ​ឲ្យ​សត្រូវ​រឹបអូស នៅ​ក្នុង​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​នោះទៅ។ សូម​កុំ​គ្រប​បាំង​ទោស​របស់​គេ ហើយ​កុំ​លុប​អំពើ​បាប​របស់​គេ ចេញ​ពី​ព្រះ​នេត្រ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គេ​បាន​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ នៅ​ចំពោះ​ពួក​អ្នក​សង់​កំផែង​នេះ​ឡើង​វិញ។ ដូច្នេះ ពួក​យើង​នាំ​គ្នា​សង់​កំផែង​ឡើង ហើយ​កំផែង​ក៏​បាន​ត​ភ្ជាប់​គ្នា​ជុំ​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ធ្វើ​ការ​យ៉ាង​ស្វា​ហាប់។ ប៉ុន្ដែ កាល​សាន‌បាឡាត និង​ថូប៊ីយ៉ា ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ព្រម​ទាំង​ពួក​អាសដូឌ​បាន​ឮ​ថា ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចម្រើន​ឡើង ហើយ​ថា កន្លែង​បាក់​បែក​ចាប់​ផ្ដើម‌ភ្ជិត​ឡើង​វិញ នោះ​ពួក‌គេ​ខឹង​ជា​ខ្លាំង ហើយ​គេក៏​ប្រឹក្សា​គ្នា​ដើម្បី​មកវាយ​ក្រុង​យេរូ‌សាឡិម ហើយ​បង្ក​ឲ្យ​មាន​ការ​ច្របូក​ច្របល់។ ដូច្នេះ យើង​ក៏​បាន​អធិស្ឋានដល់​ព្រះ​នៃ​យើង ហើយ​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម​ល្បាត ដើម្បី​ការ​ពារ​ទាំង​យប់​ទាំង​ថ្ងៃ។ ពេល​នោះ ពួក​យូដា​ពោល​ថា៖ «កម្លាំង​របស់​អស់​អ្នក​ដែល​លី​សែងចេះ​តែ​ចុះ​ខ្សោយ​ហើយ គំនរ​បែក​បាក់មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំផែង​ឡើង​វិញ​បាន​ទេ»។ មួយ​ទៀត ខ្មាំង​សត្រូវ​របស់​យើងពោល​ថា៖ «មុន​ពេល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ដែល​កើ​តឡើង យើង​នឹង​ចូល​ទៅ​ក្នុង​ចំណោម​ពួក‌គេ ហើយ​សម្លាប់​ពួក‌គេ ដើម្បី​បញ្ឈប់​កិច្ច​ការ​នោះ»។ នៅ​ពេល​សាសន៍​យូដា​ដែល​រស់‌នៅ​ក្បែរ​ពួក‌គេ​មក​ដល់ គេ​ប្រាប់​យើង​ដល់​ទៅដប់​ដង​ថា៖ «គេ​នឹង​ឡើង​មក​ពី​គ្រប់​ទី​កន្លែង​របស់​គេ ដើម្បី​មក​ទាស់​នឹង​ពួក​យើង »។ ដូច្នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ​រ​បស់​គេ ឲ្យ​ឈរ​នៅ​កន្លែង​ទាបៗ​ពី​ក្រោយ​កំផែង នៅ​កន្លែង​ដែល​មើល​ឃើញ​ច្បាស់ តាម​អំបូរ​របស់​គេ​រៀង​ខ្លួន។ កាល​ខ្ញុំ​បាន​ត្រួត​ពិនិត្យ​មើលរួច​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង ហើយ​ពោល​ទៅកាន់​ពួក​អភិជន និង​ពួក​អ្នក​គ្រប់​គ្រង ព្រម​ទាំង​ប្រជា‌ជន​ឯ​ទៀត​ៗ​ថា៖ «កុំ​ខ្លាចពួក‌គេ​ឡើយ ចូរ​នឹកចាំ​ពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ហើយ​ត្រូវ​ប្រយុទ្ធ​ការពារ​ពួក​បង‌ប្អូន កូន​ប្រុស កូន​ស្រី ប្រពន្ធ និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។ កាល​ខ្មាំង​សត្រូវ​របស់​យើង​បាន​ឮ​ថា យើង​ដឹង​គំនិត​របស់​គេ ហើយ​ថា ព្រះ​បាន​រំលាយ​ផែន​ការ​របស់​គេ នោះ​យើង​ទាំង​អស់​គ្នា​ក៏​វិល​ទៅ​សង់​កំផែង តាម​កិច្ច​ការ​របស់​យើង​រៀង​ៗ​ខ្លួន​វិញ។ ដូច្នេះ ចាប់​ពី​ថ្ងៃ​នោះ​មក ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ពាក់​កណ្ដាល​បាន​ធ្វើ​ការ ហើយ​ពាក់​កណ្ដាល​ទៀត កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេដឹក​នាំ ក៏​ឈរ​នៅ​ពី​ក្រោយ​ពួក​វង្ស​យូដា​ទាំង​មូល ដែល​កំពុង​សង់​កំផែង។ អស់​អ្នក​ដែល​លីសែង ហើយដឹក​ជញ្ជូន គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ។ ឯ​ពួក​ជាង​សង់ សុទ្ធ​តែ​ស្ពាយ​ដាវ​ជាប់​នឹង​ខ្លួន ហើយ​ធ្វើ​ការ ឯ​អ្នក​ដែល​ផ្លុំ​ត្រែឈរ​នៅ​ក្បែរ​ខ្ញុំ។ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជនឯ​ទៀត​ៗ​ថា៖ «កិច្ច​ការ​នេះ​ធំ ហើយ​លាត​សន្ធឹង​យ៉ាង​វែង យើងក៏​នៅ​ដាច់​ពី​គ្នានៅ​លើ​កំផែង​ទៀត។ ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ប្រមូល​គ្នា​មក​ឯ​យើង​នៅ​ទី​នោះ។ ព្រះ​នៃ​យើង​នឹង​ប្រយុទ្ធ​ជំនួស​យើង»។ ដូច្នេះ យើងក៏​ខំ​ប្រឹង​ធ្វើ​ការ ហើយ​ពួក‌គេ​ពាក់​កណ្ដាល​កាន់​លំពែង ចាប់​តាំង​ពី​ថ្ងៃ​រះ រហូត​ដល់​ផ្កាយ​លេច​ចេញ​មក។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ប្រជា‌ជន​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​អ្នក​បម្រើ​របស់​ខ្លួន ដេក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​គេ​ជួយ​ការ​ពារ​យើង​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។ ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​បង‌ប្អូន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ឬ​ពួកអ្នកការ​ពារ​ដែល​មក​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ ម្នាក់ៗ​កាន់​អាវុធ​ជាប់​នឹង​ដៃ​ស្ដាំ​ជានិច្ច។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​សាន់បា‌ឡាត់​ទទួល​ដំណឹង​ថា ពួក​យើង​ជួស‌ជុល​កំពែង​ក្រុង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​មួ‌ម៉ៅ​ជា​ខ្លាំង។ គាត់​ចំអក​ឲ្យ​ជន‌ជាតិ​យូដា ដោយ​ពោល​នៅ​មុខ​បងប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។ លោក​ថូប៊ី‌យ៉ា ជា​ជន‌ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ ពោល​ឡើង​ថា៖ «ទុក​ឲ្យ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។ «ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌សណ្ដាប់​ចុះ ពួក​គេ​មើល‌ងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​ឲ្យ​ពាក្យ​ប្រមាថ​មាក់‌ងាយ​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។ ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កម្ពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា ព្រម​ទាំង​ជន‌ជាតិ​អារ៉ាប់ ជន‌ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាស‌ដូឌ ទទួល​ដំណឹង​ថា ការ​ជួស‌ជុល​កំពែង​ក្រុង​យេរូ‌សាឡឹម មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ នោះ​ពួក​គេ​ខឹង​ជា​ខ្លាំង។ ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត។ ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង​កាន់​តែ​ចុះ​អន់‌ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។ បច្ចា‌មិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។ ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។ ហេតុ​នេះ ខ្ញុំ​ក៏​ដាក់​ប្រជា‌ជន​តាម​អំបូរ​របស់​ពួក​គេ ឲ្យ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។ ពេល​ពិនិត្យ​សព្វ​គ្រប់​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការ‌ពារ​បងប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។ ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះ‌ជាម្ចាស់​រំលាយ​ផែន‌ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។ ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។ រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការ‌ងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «យើង​នៅ​សល់​កិច្ចការ​ច្រើន​ណាស់ ព្រោះ​កំពែង​វែង ហើយ​យើង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។ ហេតុ​នេះ ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ចូរ​ប្រមូល​គ្នា​មក​ជិត​យើង។ ព្រះ​របស់​យើង​នឹង​ប្រយុទ្ធ ដើម្បី​យើង​ទាំង​អស់​គ្នា»។ យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ នៅ​គ្រា​ដដែល​នោះ ខ្ញុំ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «នៅ​ពេល​យប់ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​អ្នក​បម្រើ​របស់​ខ្លួន គឺ​យើង​ត្រូវ​យាម​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។ ដូច្នេះ ខ្ញុំ និង​បងប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជានិច្ច។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សាន‌បា‌ឡា​ត់​បាន​ឮ​ថា យើង​កំពុង​តែ​សង់​កំផែង​ឡើង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ក្រោធ ហើយ​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ចំអក​ឡក‌ឡឺយ​ដល់​ពួក​យូដា ក៏​និយាយ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន នឹង​ពួក​ពល​ទ័ព​ស្រុក​សាម៉ារី​ថា ពួក​យូដា​កំសោយ​នេះ​ធ្វើ​អ្វី​ដូច្នេះ គេ​គិត​ការ‌ពារ​ខ្លួន​ឬ តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដែរ​ឬ តើ​គេ​នឹង​ធ្វើ​បង្ហើយ​ក្នុង​មួយ​ថ្ងៃ​បាន​ឬ តើ​គេ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​ចេញ​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ហើយ បាន​កើត​ឡើង​ដែរ​ឬ នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ជិត​លោក ក៏​និយាយ​ឡើង​ថា បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​នឹង​ធ្វើ​ឲ្យ​រលំ​ទៅ​ហើយ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​ចុះ ដ្បិត​គេ​មើល‌ងាយ​យើង​ខ្ញុំ​ណាស់ សូម​ទំលាក់​សេចក្ដី​ដំនៀល​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រឹប​ជាន់ នៅ​ក្នុង​ស្រុក​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ សូម​ទ្រង់​កុំ​គ្រប​បាំង​សេចក្ដី​ទុច្ចរិត​របស់​គេ ឬ​លុប​បាប​គេ ពី​ចំពោះ​ទ្រង់​ចេញ​ឡើយ ពី​ព្រោះ​គេ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង នៅ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តាជន​គេ​មាន​ចិត្ត​ឧស្សាហ៍។ កាល​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ នឹង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចំរើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង ហើយ​ដោយ​ព្រោះ​គេ បាន​ជា​យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំ​យាម ឲ្យ​រវាំង​ទាំង​យប់​ទាំង​ថ្ងៃ ឯ​ពួក​យូដា​គេ​និយាយ​ថា កំឡាំង​របស់​ពួក​អ្នក​លី‌សែង​បាន​អន់​ថយ​ទៅ​ហើយ សំរាម​ក៏​មាន​យ៉ាង​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​យើង​នឹង​សង់​កំផែង​ឡើង​វិញ​ពុំ​បាន មួយ​ទៀត ពួក​ខ្មាំង​សត្រូវ​របស់​យើង គេ​និយាយ​ថា យើង​នឹង​លោ​ចូល​ទៅ​ដល់​កណ្តាល​គេ រួច​សំឡាប់​គេ​បង់ ហើយ​បញ្ឈប់​ការ​នោះ មុន​ដែល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ផង ឯ​ពួក​សាសន៍​យូដា ដែល​មាន​ទី​លំនៅ​នៅ​ជិត​គេ នោះ​ក៏​មក​ពី​គ្រប់​ទី​កន្លែង​របស់​ខ្លួន ប្រាប់​យើង​រាល់​គ្នា​ដល់​ទាំង​១០​ដង​ថា គេ​នឹង​សង្ឃក​មក​លើ​យើង ដូច្នេះ ខ្ញុំ​ក៏​ដាក់​ពួក​បណ្តាជន ឲ្យ​កាន់​ដាវលំពែងនឹង​ធ្នូ​របស់​គេ ឈរ​នៅ​ត្រង់​កន្លែង​កំផែង​ទាបៗ ហើយ​នៅ​ខាង​លើ​ផង តាម​វង្ស​របស់​គេ ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ នឹង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធនឹង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។ កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន ដូច្នេះ ចាប់​តាំង​ពី​វេលា​នោះ​ទៅ ពួក​របស់​ខ្ញុំ​ពាក់​កណ្តាល​ក៏​ធ្វើ​ការ ហើយ​ពាក់​កណ្តាល​ទៀត ក៏​កាន់​លំពែង ខែល ធ្នូ នឹង​អាវ​ក្រោះ ឯ​ពួក​មេ ក៏​ជួយ​ទប់‌ទល់​ពួក​វង្ស​របស់​យូដា​ទាំង​ប៉ុន្មាន​ដែរ ចំណែក​ពួក​អ្នក ដែល​ធ្វើ​កំផែង នឹង​ពួក​អ្នក ដែល​លី‌សែង ហើយ​ពួក​អ្នក​ដែល​ជញ្ជូន​ដាក់ គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ ពួក​ជាង​ថ្ម​គេ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ក៏​ធ្វើ​ការ​ទាំង​ដូច្នោះ ឯ​អ្នក​ដែល​ផ្លុំ​ត្រែ នោះ​ក៏​នៅ​ជិត​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ដល់​ពួក​អ្នក​ធំ ពួក​មេ នឹង​ពួក​បណ្តាជន​ទាំង​ពួង​ថា ការ​នេះ​ជា​ការ​ធំវែង​ពេក​ណាស់ យើង​រាល់​គ្នា​ឃ្លាត​ឆ្ងាយ​ពី​គ្នា នៅ​លើ​កំផែង​ផង ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មូល​មក​ឯ​យើង​នៅ​ទី​នោះ ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​តស៊ូ​ជំនួស​យើង។ យ៉ាង​នោះ យើង​រាល់​គ្នា​ចេះ​តែ​ធ្វើ​ការ​ទៅ មនុស្ស​ពាក់​កណ្តាល​បាន​កាន់​លំពែង​ចាប់​តាំង​ពី​ថ្ងៃ​រះ ដរាប​ដល់​ផ្កាយ​លេច​ចេញ​មក នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ពួក​ជន​ថា ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​អ្នក​បំរើ​របស់ខ្លួន ដេក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ការ‌ពារ​យើង​រាល់​គ្នា នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ ដូច្នេះ ទោះ​ខ្ញុំ ឬ​បង​ប្អូន ពួក​អ្នក​បំរើ​ខ្ញុំ ឬ​ពួក​ចាំ​យាម​ដែល​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សំលៀក‌បំពាក់​ចេញ​ឡើយ លើក​តែ​មាន​ការ​បោក​ទឹក​ប៉ុណ្ណោះ។

ចែក​រំលែក
អាន នេហេមា 4