នេហេមា 3:1-5
នេហេមា 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ និងពួកសង្ឃដែលជាបងប្អូនរបស់លោក បានក្រោកឡើង ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉មហាណានាល។ នៅជាប់នឹងពួកលោក មានពួកអ្នកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនរបស់អ៊ីមរីបានសង់។ កូនចៅរបស់សេណាអានាំគ្នាសង់ទ្វារត្រី។ គេបានដាក់ធ្នឹម និងដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ នៅជាប់នឹងពួកលោក មានម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានមស៊ូឡាម ជាកូនរបស់បេរេគា និងជាចៅរបស់មសេសាបេល បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានសាដុក ជាកូនរបស់ប្អាណា បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានពួកត្កូអាបានជួសជុល ប៉ុន្ដែ ពួកអ្នកមានត្រកូលខ្ពស់របស់គេ មិនបានចូលរួមធ្វើការតាមពួកមេដឹកនាំរបស់ខ្លួនឡើយ។
នេហេមា 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហាបូជាចារ្យ បានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។ នៅក្បែរពួកលោក មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។ កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។ នៅក្បែរនោះ មានអ្នកស្រុកតូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។
នេហេមា 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ នឹងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង បន្ទាប់នឹងគេមានពួកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនអ៊ីមរីបានសង់។ ឯទ្វារត្រីនោះ ពួកកូនចៅសេណាអាក៏សង់ គេបានដាក់ធ្នឹមឡើង ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ ហើយនឹងរនុកផង បន្ទាប់ពីពួកនោះ ម្រេម៉ូត ជាកូនអ៊ូរីយ៉ា ដែលជាកូនហាកូស គាត់ក៏ជួសជុល ហើយបន្ទាប់នឹងគាត់មានមស៊ូឡាម ជាកូនបេរេគា ដែលជាកូនមសេសាបេល គាត់ជួសជុល ហើយបន្ទាប់ពីគាត់មានសាដុក ជាកូនប្អាណាបានជួសជុល បន្ទាប់ពីនោះទៅ មានពួកត្កូអាបានជួសជុល តែពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេ ឥតបានជួយធ្វើការរបស់ព្រះអម្ចាស់នៃគេឡើយ។