នេហេមា 3:1-32

នេហេមា 3:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។ នៅ​ជាប់​នឹង​ពួក​លោក មាន​ពួក​អ្នក​ក្រុង​យេរីខូរបាន​សង់ ហើយ​បន្ទាប់​ពី​នោះ មាន​សាគើរ ជា​កូនរបស់​អ៊ីមរី​បាន​សង់។ កូន​ចៅ​របស់​សេណាអា​នាំ​គ្នា​សង់​ទ្វារ​ត្រី។ គេ​បាន​ដាក់​ធ្នឹម និង​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ នៅ​ជាប់​នឹង​ពួក​លោក មាន​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​ប្អាណា បាន​ជួស​ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។ យ៉ូយ៉ាដា ជា​កូន​របស់​ផាសេហា និង​មស៊ូ‌ឡាម ជា​កូន​របស់​បេសូឌា បាន​ជួស‌ជុល​ទ្វារ​យេសាណា ។ គេ​ដាក់​ធ្នឹម និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ បាន​ជួស‌ជុល។ នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​អ៊ូស៊ាល ជា​កូនរបស់​ហារ‌ហាយ៉ា ជា​ពួក​ជាង​ទង បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​លាយ​គ្រឿង​ក្រអូប បាន​ជួស‌ជុល ពួក‌គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​ឡើង​វិញ រហូត​ដល់​កំផែង​ធំ។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​រេផា‌យ៉ា ជា​កូន​របស់​ហ៊ើរ ដែល​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃក្រុង​យេរូ‌សាឡិម បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មានយេដា‌យ៉ា ជា​កូន​របស់​ហារូ‌ម៉ាប បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់ ហើយ​នៅ​ជាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​របស់​ហា‌សាប‌នា បាន​ជួស‌ជុល។ ម៉ាលគា ជា​កូន​របស់​ហារីម និង​ហាស៊ូម ជា​កូនរបស់​ផាហាត-ម៉ូអាប់ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង។ នៅ​ជាប់​នឹង​ពួក​គាត់ មាន​សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជាមេដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់ បាន​ជួស‌ជុល។ ហានូន និង​អ្នក​ស្រុក​សាណូអា បាន​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក ក៏​បាន​ជួស​ជុល​កំផែង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។ ម៉ាលគា កូន​របស់​រេកាប ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ហា‌កេរែម បាន​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ សាលូន កូន​កុល-ហូសេ ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មីសប៉ា បាន​ជួស‌ជុល​ទ្វារ​ក្បាល​ទឹក។ គាត់​បាន​សង់ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក រួច​គាត់​សង់​កំផែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ​ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ។ បន្ទាប់​ពី​គាត់ មាន​នេហេមា ជា​កូន​របស់​អាសប៊ូក និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ស៊ើរ​មួយ​ចំហៀង បាន​ជួស‌ជុល​រហូត​ដល់​ចំណុច​មួយ​ទល់​មុខ​ផ្នូរ​ព្រះ​បាទ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​របស់ពួក​ខ្លាំង​ពូកែ។ បន្ទាប់​ពី​គាត់ មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហា‌សាប‌យ៉ា ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង បាន​ជួស‌ជុល​ជំនួស​ឲ្យ​សង្កាត់របស់​គាត់។ បន្ទាប់​ពី​គាត់ មាន​ពួក​បង‌ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ ជា​កូន​របស់​ហេណាដាឌ និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង។ នៅ​ជាប់​នឹង​គាត់ មាន​អេស៊ើរ កូន​របស់​យេសួរ ជាមេ​ដឹក​នាំ​លើ​ស្រុក​មីសប៉ា បាន​ជួស‌ជុល​មួយផ្នែក​ទៀត ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​ចន្ទល់​កំផែង។ បន្ទាប់​ពី​គាត់ មាន​បារូក ជា​កូន​របស់​សាប់បាយ បាន​ជួស​ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ចន្ទល់​កំផែង រហូត​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ។ បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូនរបស់​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​របស់​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​គាត់ មាន​ពួក​សង្ឃ គឺ​ពួក​សង្ឃ​ដែល​នៅ​តំបន់​ជុំ​វិញ បាន​ជួស‌ជុល។ បន្ទាប់​ពី​អ្នក​ទាំង​នោះ មាន​បេនយ៉ាមីន និង​ហាស៊ូប​បាន​ជួស‌ជុល​នៅ​មុខ​ផ្ទះ​របស់​ពួក‌គេ ហើយ​បន្ទាប់​មក​ទៀត មាន​អ័សារា ជា​កូន​របស់​ម្អាសេយ៉ា និង​ជា​ចៅរបស់​អ័ណានា បាន​ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន។ បន្ទាប់​ពី​គាត់ មាន​ប៊ីនុយ ជា​កូនរបស់​ហេណាដាឌ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​របស់​អ័សារា រហូត​ដល់ចន្ទល់​កំផែង និងរហូត​ដល់​កាច់​ជ្រុង។ ប៉ាឡាល ជា​កូន​របស់​អ៊ូសាយ បាន​ជួស​ជុល​នៅ​មុខ​ចន្ទល់​កំផែង និង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ នៅ​ក្បែរ​ទី​ធ្លា​របស់​ក្រុម​រក្សា​ស្ដេច ហើយ​បន្ទាប់​ពី​គាត់ មាន​ពេដាយ៉ា ជា​កូន​របស់​ប៉ារ៉ូស ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ ដែល​រស់​នៅ​លើ​អូផែល បាន​ជួស​ជុល​ចំណុច​មួយ​នៅ​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ​នោះ។ បន្ទាប់​មក មាន​ពួក​ត្កូអា បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត នៅ​ទល់​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​កំផែង​អូផែល។ ឯ​ខាង​លើ​ទ្វារ​សេះ ពួក​សង្ឃ​បាន​ជួស​ជុល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន។ បន្ទាប់​ពី​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​អ៊ីមមើរ បាន​ជួស‌ជុលនៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន។ បន្ទាប់​ពី​គាត់ មាន​សេម៉ាយ៉ា កូន​របស់​សេកានា ជា​ឆ្មាំ​ទ្វារ​ខាង​កើត បាន​ជួស‌ជុល។ បន្ទាប់​ពី​គាត់ មាន​ហាណានា ជា​កូនរបស់​សេលេមា និង​ហានូន ជា​កូន​ទី​ប្រាំមួយ​របស់​សាឡាប បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត។ បន្ទាប់​ពី​គាត់ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​គាត់។ បន្ទាប់​ពី​គាត់ មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ជាង​ទង បាន​ជួស​ជុល រហូត​ដល់​ផ្ទះ​របស់​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​ផ្ទះ​របស់​ពួក​អ្នក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​ត្រួត​ពិនិត្យ ហើយ​រហូត​ដល់​បន្ទប់​ខាង​លើ ត្រង់​ជ្រុង​កំផែង។ មួយ​ផ្នែក​នៅ​ចន្លោះបន្ទប់​ខាង​លើ​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម ពួក​ជាង​ទង និង​ពួកអ្នក​ជំនួញ​បាន​ជួស‌ជុល។

ចែក​រំលែក
អាន នេហេមា 3

នេហេមា 3:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ លោក​អេលីយ៉ាស៊ីប ជា​មហា‌បូជា‌ចារ្យ បាន​ក្រោក​ឡើង​ជា​មួយ​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បងប្អូន​របស់​លោក ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក​គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ ជា​សក្ការៈ​នៅ​ពេល​ដាក់​សន្លឹក​ទ្វារ ពួក​គេ​ក៏​ធ្វើ​ពិធី​ញែក​កំពែង​ក្រុង​ត្រង់​នោះ​ជា​សក្ការៈ ចាប់​ពី​ប៉ម​ហាមេ‌អា​រហូត​ដល់​ប៉ម​ហាណា‌នាល​ដែរ។ នៅ​ក្បែរ​ពួក​លោក មាន​អ្នក​ក្រុង​យេរីខូ​នាំ​គ្នា​សង់​មួយ​ផ្នែក​ទៀត ហើយ​បន្ទាប់​មក មាន​លោក​សាគើរ ជា​កូន​របស់​លោក​អ៊ីមរី។ កូន​ចៅ​របស់​លោក​សេណា‌អា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។ នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។ នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។ លោក​យ៉ូយ៉ា‌ដា ជា​កូន​របស់​លោក​ផាសេ‌ហា និង​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេសូ‌ឌា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។ នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។ នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​ហារ‌ហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​កំពែង​ធំ។ លោក​រេផា‌យ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។ បន្ទាប់​មក មាន​លោក​យ៉ាដា‌យ៉ា ជា​កូន​របស់​លោក​ហារូ‌ម៉ាប​ធ្វើ​ការ​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ លោក​ហាធូស ជា​កូន​របស់​លោក​ហាសាប‌នា​ធ្វើ​ការ​នៅ​ក្បែរ​គាត់។ លោក​ម៉ាល់‌គា​ជា​កូន​របស់​លោក​ហារីម និង​លោក​ហាស៊ូប ជា​កូន​របស់​លោក​ផាហាត-‌ម៉ូអាប់ ជួស‌ជុល​កំពែង​ក្រុង​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ឡ​ភ្លើង។ នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។ លោក​ហានូន និង​អ្នក​ស្រុក​សាណូ‌អា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។ លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហា‌កេរែម ជា​អ្នក​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លោក​សាលូន ជា​កូន​របស់​លោក​កុល-‌ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួស‌ជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ គាត់​បាន​ជួស‌ជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ​ចុះ​មក​ពី​បុរី​ព្រះ‌បាទ​ដាវីឌ។ បន្ទាប់​ពី​គាត់ មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាស‌ប៊ូក និង​ជា​ចៅ​សង្កាត់​បេត-‌ស៊ើរ មួយ​ចំហៀង គាត់​ជួស‌ជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះ‌បាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរ‌ជន។ បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាប‌យ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។ បន្ទាប់​មក មាន​បងប្អូន​របស់​ពួក​គេ គឺ​លោក​បាវ៉ាយ​ជា​កូន​របស់​លោក​ហេណា‌ដាដ និង​ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង​ទៀត។ បន្ទាប់​មក លោក​អេ‌ស៊ើរ​ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅហ្វាយ​ក្រុង​មីសប៉ា ជួស‌ជុល​ផ្នែក​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​សស្ត្រា‌វុធ​ត្រង់​មុម​កំពែង។ បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលីយ៉ាស៊ីប។ បន្ទាប់​មក មាន​លោក​ម្រេម៉ូត​ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជួស‌ជុល មួយ​ផ្នែក​ទៀត ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលីយ៉ាស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។ បន្ទាប់​មក ពួក​បូជា‌ចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ជួស‌ជុល​នៅ​ក្បែរ​គាត់។ បន្ទាប់​មក មាន​លោក​បេន‌យ៉ាមីន និង​លោក​ហាស៊ូប ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសា‌រា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា និង​ជា​ចៅ​របស់​លោក​អណា‌នា ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។ បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ ជា​កូន​របស់​លោក​ហេណា‌ដាឌ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។ លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួស‌ជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្ដេច​ជិត​ទីធ្លា​ក្រុម​អង្គ‌រក្ស។ បន្ទាប់​មក មាន​លោក​ពេដា‌យ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ដែល​រស់​នៅ​លើ​អូផែល ជួស‌ជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។ បន្ទាប់​មក មាន​អ្នក​ស្រុក​តូអា​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។ នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជា‌ចារ្យ​ជួល​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​សាដុក ជា​កូន​លោក​អ៊ីម‌មើរ ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក មាន​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​សេកា‌នា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។ បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួស‌ជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​លោក។ បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។ ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។

ចែក​រំលែក
អាន នេហេមា 3

នេហេមា 3:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង បន្ទាប់​នឹង​គេមាន​ពួក​ក្រុង​យេរីខូរ​បាន​សង់ ហើយ​បន្ទាប់​ពី​នោះ មាន​សាគើរ ជា​កូន​អ៊ីមរី​បាន​សង់។ ឯ​ទ្វារ​ត្រី​នោះ ពួក​កូន​ចៅ​សេណាអា​ក៏​សង់ គេ​បាន​ដាក់​ធ្នឹម​ឡើង ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ ហើយ​នឹង​រនុក​ផង បន្ទាប់​ពី​ពួក​នោះ ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស គាត់​ក៏​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់មាន​មស៊ូឡាម ជា​កូន​បេរេគា ដែល​ជា​កូន​មសេ‌សាបេល គាត់​ជួស‌ជុល ហើយ​បន្ទាប់​ពី​គាត់​មាន​សាដុក ជា​កូន​ប្អាណា​បាន​ជួស‌ជុល បន្ទាប់​ពី​នោះ​ទៅ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។ យ៉ូយ៉ាដា ជា​កូន​ផាសេហា នឹង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹមនឹង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​នឹង​រនុក​ឡើង បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន នឹង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន នឹង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ បន្ទាប់​នឹង​គេ មាន​រេផាយ៉ា ជា​កូន​ហ៊ើរ ដែល​ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គាត់​បាន​ជួស‌ជុល បន្ទាប់​ពី​គាត់មាន យេដាយ៉ា ជា​កូន​ហារូម៉ាប គាត់​ជួស‌ជុល​ប្រទល់​មុខ​នឹង​ផ្ទះ​គាត់ ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​ហាសាបនា បាន​ជួស‌ជុល ម៉ាលគា ជា​កូន​ហារីម នឹង​ហាស៊ូប ជា​កូន​ផាហាត-ម៉ូអាប់ គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង បន្ទាប់​ពី​នោះ សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គឺ​គាត់នឹង​ពួក​កូន​ស្រី​របស់​គាត់​បាន​ជួស‌ជុល។ ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន នឹង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។ ឯ​ទ្វារ​សំរាម​នោះ គឺ​ម៉ាលគា កូន​រេកាប ជា​នាយ​ដំរួត​ឃុំ​បេត-ហា‌កេរែម​បាន​ជួស‌ជុល គាត់​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង។ ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​ដំរួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ បន្ទាប់​នឹង​គាត់​មាន​នេហេមា កូន​អាសប៊ូក ជា​នាយ​ដំរួត​ឃុំ​បេត-ស៊ើរ​មួយ​ចំហៀង គេ​បាន​ជួស‌ជុល​រហូត​ដល់​ទល់​មុខ​នឹង​ផ្នូរ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក នឹង​ដល់​ផ្ទះ​ពួក​មនុស្ស​ខ្លាំង​ពូកែ បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀងបាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់ បន្ទាប់​នឹង​គាត់មាន​ពួក​បង​ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ កូន​ហេណា‌ដាឌ ជា​នាយ​ដំរួត​ឃុំ​កៃឡា​មួយ​ចំហៀង បន្ទាប់​នឹង​គាត់មាន​អេស៊ើរ កូន​យេសួរ ជា​នាយ​ដំរួត​លើ​ស្រុក​មីសប៉ា គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​រំពត់‌កំផែង បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រហូតដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​លោក បន្ទាប់​នឹង​គាត់មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ បន្ទាប់​នឹង​គេ មាន​បេន‌យ៉ាមីន នឹង​ហាស៊ូប​បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គេ នោះ​មាន​អ័សារា កូន​ម្អាសេយ៉ា ដែល​ជា​កូន​អ័ណានា​បាន​ជួស‌ជុល​ក្បែរ​ផ្ទះ​ខ្លួន បន្ទាប់​នឹង​គាត់ មាន​ប៊ីនុយ ជា​កូន​ហេណា‌ដាឌ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​អ័សារា​រហូត​ដល់​រំពត់‌កំផែង ហើយ​ទៅ​ដល់​ទី​ជ្រុង​ផង ប៉ាឡាល ជា​កូន​អ៊ូសាយ​បាន​ធ្វើ​នៅ​មុខ​រំពត់‌កំផែង នឹង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ ដែល​នៅ​ក្បែរ​ទី‌ធ្លា​របស់​ក្រុម​រក្សា​អង្គ ហើយ​បន្ទាប់​នឹង​គាត់មាន​ពេដាយ៉ា ជា​កូន​ប៉ារ៉ូស​បាន​ធ្វើ រីឯ​ពួក​នេធីនិមដែល​នៅ​ត្រង់​អូផែល គេ​ក៏​ធ្វើ​រហូត​ដល់​ទី​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត ហើយ​មក​ដល់​ប៉ម​ដែល​លយ​ចេញ​នោះ បន្ទាប់​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ទល់​មុខ​នឹង​ប៉ម​ធំ ដែល​លយ​ចេញ​រហូត​ដល់​កំផែង​អូផែល។ ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន បន្ទាប់​នឹង​គេ នោះ​មាន​សាដុក ជា​កូន​អ៊ីមមើរ បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គាត់មាន​សេម៉ាយ៉ា កូន​សេកានា ជា​អ្នក​ឆ្មាំ​ទ្វារ​ទិស​ខាង​កើត បាន​ជួស‌ជុល បន្ទាប់​នឹង​គាត់មាន​ហាណានា ជា​កូន​សេលេមា នឹង​ហានូន ជា​កូន​ទី​៦​របស់​សាឡាប គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត បន្ទាប់​នឹង​គេនោះ​មាន​មស៊ូឡាម ជា​កូន​បេរេគា បាន​ជួស‌ជុល​ទល់​មុខ​នឹង​បន្ទប់​របស់​ខ្លួន បន្ទាប់​នឹង​គាត់មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម នឹង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង ហើយ​មួយ​ដុំ​នៅ​កណ្តាល​ទី​ជណ្តើរ​ឡើង​ត្រង់​ជ្រុង​កំផែងនឹង​ទ្វារ​ចៀម នោះ​គឺ​ពួក​ជាង​ទង នឹង​ពួក​ជំនួញ​បាន​ជួស‌ជុល​ឡើង។

ចែក​រំលែក
អាន នេហេមា 3