នេហេមា 2:4-8

នេហេមា 2:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី?» ដូច្នេះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ រួច​ខ្ញុំ​ទូលទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​ទូល‌បង្គំ នោះ​សូម​ព្រះ​ករុណា​ចាត់​ទូល‌បង្គំឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ទី​ក្រុង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ផង»។ ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ ទាំង​មាន​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ផង​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ហើយ​ពេល​ណា​ទើប​លោក​ត្រឡប់​មក​វិញ?» ដូច្នេះ កាល​ខ្ញុំ​បាន​កំណត់​ពេល​ថ្វាយ​ស្ដេច​រួច​ហើយ ស្ដេច​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចាត់​ខ្ញុំ​ឲ្យ​ទៅ។ មួយ​ទៀត ខ្ញុំ​បាន​ទូល​ទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រទាន​រាជ​សារ​ឲ្យ​ទូល‌បង្គំ យក​ទៅ​ជូនអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ រហូត​ដល់​ស្រុក​យូដា និង​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​អេសាភ ជា​មេ​ព្រៃ​របស់​ព្រះ​ករុណា ដើម្បី​ឲ្យ​លោក​ផ្ដល់​ឈើ​មក​ទូល‌បង្គំ​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​សម្រាប់​ធ្វើ​កំផែងទី​ក្រុង ហើយ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​ស្នាក់​នៅ​ផង»។ ស្តេច​ក៏​អនុ‌ញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ។

ចែក​រំលែក
អាន នេហេមា 2

នេហេមា 2:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​អធិរាជ​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរម‌សុខ រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ ហើយ​បើ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។ ព្រះ‌រាជា​ដោយ​មាន​ព្រះ‌មហេសី​គង់​នៅ​ក្បែរ​ផង សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្ដេច​ក៏​យល់​ព្រម​ឲ្យ​ខ្ញុំ​ចេញ​ដំណើរ។ បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា ហើយ​រាជ‌សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះ‌ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះ‌ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ ព្រះចៅ​អធិរាជ​ប្រទាន​រាជ‌សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។

ចែក​រំលែក
អាន នេហេមា 2

នេហេមា 2:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា ដូច្នេះ តើ​អ្នក​ចង់​បាន​អ្វី ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ រួច​ខ្ញុំ​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​យ៉ាង​នេះ ហើយ​បើ​ទ្រង់​អាណិត​មេត្តា​ដល់​ទូលបង្គំ នោះ​សូម​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​ទៅ​ឯ​ស្រុក​យូដា ដល់​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច របស់​ឰយុកោ​ទូលបង្គំ ឲ្យ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ចុះ ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ កំពុង​ដែល​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ទ្រង់​ថា តើ​អ្នក​ចង់​ទៅ​ជា​យូរ​ប៉ុន្មាន កាល​ណា​នឹង​ត្រឡប់​មក​វិញ ដូច្នេះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ចាត់​ឲ្យ​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​ក៏​កំណត់​ពេល​ថ្វាយ​ទ្រង់​ជ្រាប មួយ​ទៀតខ្ញុំ​បាន​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ឲ្យ​ទូលបង្គំ​បាន​ព្រះ‌រាជ‌សាសន៍​កាន់​យក​ទៅ ជូន​ពួក​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ឲ្យ​លោក​បាន​បើក​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ រហូត​ដល់​ស្រុក​យូដា នឹង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូលបង្គំ សំរាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ នឹង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សំរាប់​ផ្ទះ ដែល​ទូលបង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ

ចែក​រំលែក
អាន នេហេមា 2