នេហេមា 2:1-5
នេហេមា 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។ ដូច្នេះ ស្ដេចមានព្រះបន្ទូលសួរខ្ញុំថា៖ «អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខក្រៀមក្រំដូច្នេះ? នេះគ្មានអ្វីក្រៅពីមានទុក្ខព្រួយនៅក្នុងចិត្តឡើយ»។ ពេលនោះ ខ្ញុំភ័យខ្លាចណាស់។ ខ្ញុំទូលស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយដូច្នេះ?» ពេលនោះ ស្ដេចមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វី?» ដូច្នេះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌។ រួចខ្ញុំទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានសង់ទីក្រុងនោះឡើងវិញផង»។
នេហេមា 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភ័ក្ត្រស្ដេចឡើយ។ ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។ ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ រួចខ្ញុំទូលស្ដេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។
នេហេមា 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ខែចេត្រ ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្តេចអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកថ្វាយដល់ទ្រង់ ឯពីមុន ខ្ញុំមិនដែលមានសេចក្ដីព្រួយ នៅចំពោះទ្រង់ឡើយ ដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរខ្ញុំថា អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ នេះកើតតែពីសេចក្ដីទុក្ខក្នុងចិត្តទេ នោះខ្ញុំក៏ភ័យខ្លាចណាស់ តែខ្ញុំទូលដល់ស្តេចថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើនចុះ ធ្វើដូចម្តេចមិនឲ្យទូលបង្គំមានទឹកមុខព្រួយបាន បើទីក្រុង ជាទីមានផ្នូរខ្មោចរបស់ពួកឰយុកោរបស់ទូលបង្គំនៅតែគ្រាំគ្រា ហើយទ្វារក៏ឆេះអស់ហើយដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌ រួចខ្ញុំទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យយ៉ាងនេះ ហើយបើទ្រង់អាណិតមេត្តាដល់ទូលបង្គំ នោះសូមទ្រង់ចាត់ទូលបង្គំ ឲ្យទៅឯស្រុកយូដា ដល់ទីក្រុង ជាទីមានផ្នូរខ្មោច របស់ឰយុកោទូលបង្គំ ឲ្យបានសង់ទីក្រុងនោះឡើងវិញចុះ