នេហេមា 2:1-4

នេហេមា 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។ ដូច្នេះ ស្ដេច​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ដូច្នេះ? នេះ​គ្មាន​អ្វី​ក្រៅ​ពី​មាន​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ឡើយ»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ណាស់។ ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?» ពេល​នោះ ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី?» ដូច្នេះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។

ចែក​រំលែក
អាន នេហេមា 2

នេហេមា 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះ‌ស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ឡើយ។ ព្រះចៅ​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។ ព្រះចៅ​អធិរាជ​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរម‌សុខ

ចែក​រំលែក
អាន នេហេមា 2

នេហេមា 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ នេះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត​ទេ នោះ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ណាស់ តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា ដូច្នេះ តើ​អ្នក​ចង់​បាន​អ្វី ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌

ចែក​រំលែក
អាន នេហេមា 2