នេហេមា 2:1-20
នេហេមា 2:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។ ដូច្នេះ ស្ដេចមានព្រះបន្ទូលសួរខ្ញុំថា៖ «អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខក្រៀមក្រំដូច្នេះ? នេះគ្មានអ្វីក្រៅពីមានទុក្ខព្រួយនៅក្នុងចិត្តឡើយ»។ ពេលនោះ ខ្ញុំភ័យខ្លាចណាស់។ ខ្ញុំទូលស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយដូច្នេះ?» ពេលនោះ ស្ដេចមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វី?» ដូច្នេះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌។ រួចខ្ញុំទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានសង់ទីក្រុងនោះឡើងវិញផង»។ ស្ដេចមានរាជឱង្ការមកខ្ញុំ ទាំងមានអគ្គមហេសីគង់នៅក្បែរផងថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ហើយពេលណាទើបលោកត្រឡប់មកវិញ?» ដូច្នេះ កាលខ្ញុំបានកំណត់ពេលថ្វាយស្ដេចរួចហើយ ស្ដេចក៏សព្វព្រះហឫទ័យចាត់ខ្ញុំឲ្យទៅ។ មួយទៀត ខ្ញុំបានទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំ យកទៅជូនអស់លោកចៅហ្វាយខេត្តនៅខាងនាយទន្លេ ដើម្បីឲ្យលោកទាំងនោះអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរឆ្លងកាត់ រហូតដល់ស្រុកយូដា និងរាជសារមួយច្បាប់ជូនលោកអេសាភ ជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យលោកផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ។ បន្ទាប់មក ខ្ញុំបានទៅជួបអស់លោកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយជូនរាជសាររបស់ស្ដេចដល់ពួកលោក។ គ្រានោះ ស្ដេចបានចាត់ពួកមេទ័ព និងពលសេះ ឲ្យទៅជាមួយខ្ញុំដែរ។ ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនសប្បាយចិត្តសោះ ព្រោះមានមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យពួកកូនចៅអ៊ីស្រាអែល។ ដូច្នេះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ហើយនៅទីនោះរយៈពេលបីថ្ងៃ។ បន្ទាប់មក ខ្ញុំក្រោកឡើងនៅពេលយប់ ហើយមានអ្នកខ្លះនៅជាមួយខ្ញុំ តែខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ឲ្យដឹងពីអ្វីដែលព្រះនៃខ្ញុំ បានដាក់ក្នុងចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡិមឡើយ។ គ្មានសត្វណានៅជាមួយខ្ញុំឡើយ មានតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ។ ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារជ្រលងភ្នំ តម្រង់ទៅអណ្តូងនាគ និងទ្វារសំរាម រួចខ្ញុំបានពិនិត្យមើលកំផែងក្រុងយេរូសាឡិមដែលបាក់បែក និងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ បន្ទាប់មក ខ្ញុំបន្តដំណើរទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានឡើយ។ ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទាំងយប់ ហើយពិនិត្យមើលកំផែង រួចខ្ញុំត្រឡប់ក្រោយ ចូលតាមទ្វារជ្រលងភ្នំ ហើយក៏វិលមកវិញ។ ឯពួកអ្នកគ្រប់គ្រងទីក្រុងពុំបានដឹងថាខ្ញុំទៅណា ឬបានធ្វើអ្វីទេ ខ្ញុំមិនបានប្រាប់ពួកយូដា ពួកសង្ឃ ឬពួកអភិជន ពួកអ្នកគ្រប់គ្រង ឬពួកអ្នកឯទៀត ដែលត្រូវបំពេញកិច្ចការនោះឡើយ។ បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។ រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។ ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮដំណឹងនេះ គេនាំគ្នាសើចចំអក ហើយមើលងាយយើងថា៖ «តើអ្នករាល់គ្នាកំពុងធ្វើកិច្ចការស្អីហ្នឹង? តើអ្នករាល់គ្នាបះបោរប្រឆាំងនឹងស្តេចឬ?» ខ្ញុំក៏ឆ្លើយទៅគេថា៖ «ព្រះនៃស្ថានសួគ៌នឹងជួយពួកយើងឲ្យចម្រុងចម្រើន ហើយពួកយើងជាអ្នកបម្រើព្រះអង្គ នឹងក្រោកឡើង ហើយនាំគ្នាសង់ តែអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានសិទ្ធិ ឬគុណបំណាច់អ្វីនៅក្រុងយេរូសាឡិមឡើយ»។
នេហេមា 2:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភ័ក្ត្រស្ដេចឡើយ។ ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។ ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ រួចខ្ញុំទូលស្ដេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។ ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។ បន្ទាប់មក ខ្ញុំទូលព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរ រហូតដល់ស្រុកយូដា ហើយរាជសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យគាត់ផ្ដល់ឈើមកទូលបង្គំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។ ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពររបស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។ ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។ ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។ ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។ បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។ នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។ ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅ ទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញ ដោយចូលតាមទ្វារជ្រលងភ្នំ។ ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។ បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កម្រិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។ ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។ លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូណែម លោកថូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសែមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។ ខ្ញុំឆ្លើយទៅពួកគេថា៖ «ព្រះនៃស្ថានបរមសុខមុខជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ព្រះអង្គ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
នេហេមា 2:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ខែចេត្រ ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្តេចអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកថ្វាយដល់ទ្រង់ ឯពីមុន ខ្ញុំមិនដែលមានសេចក្ដីព្រួយ នៅចំពោះទ្រង់ឡើយ ដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរខ្ញុំថា អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ នេះកើតតែពីសេចក្ដីទុក្ខក្នុងចិត្តទេ នោះខ្ញុំក៏ភ័យខ្លាចណាស់ តែខ្ញុំទូលដល់ស្តេចថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើនចុះ ធ្វើដូចម្តេចមិនឲ្យទូលបង្គំមានទឹកមុខព្រួយបាន បើទីក្រុង ជាទីមានផ្នូរខ្មោចរបស់ពួកឰយុកោរបស់ទូលបង្គំនៅតែគ្រាំគ្រា ហើយទ្វារក៏ឆេះអស់ហើយដូច្នេះ ស្តេចទ្រង់មានបន្ទូលសួរខ្ញុំថា ដូច្នេះ តើអ្នកចង់បានអ្វី ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌ រួចខ្ញុំទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យយ៉ាងនេះ ហើយបើទ្រង់អាណិតមេត្តាដល់ទូលបង្គំ នោះសូមទ្រង់ចាត់ទូលបង្គំ ឲ្យទៅឯស្រុកយូដា ដល់ទីក្រុង ជាទីមានផ្នូរខ្មោច របស់ឰយុកោទូលបង្គំ ឲ្យបានសង់ទីក្រុងនោះឡើងវិញចុះ ឯស្តេចទ្រង់មានបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប មួយទៀតខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា នឹងព្រះរាជសាសន៍មួយច្បាប់ដល់អេសាភ ជាមេព្រៃហ្លួង ឲ្យលោកបានបើកឈើដល់ទូលបង្គំ សំរាប់ធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ នឹងទ្វារកំផែងនៃទីក្រុង ហើយសំរាប់ផ្ទះ ដែលទូលបង្គំត្រូវអាស្រ័យនៅផង ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ រួចមកខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព នឹងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម នឹងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្ដីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង យ៉ាងនោះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ក៏នៅទីនោះអស់៣ថ្ងៃ រួចខ្ញុំ នឹងអ្នកខ្លះឯទៀតក៏ក្រោកឡើងជាមួយគ្នានៅពេលយប់ តែខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសំរាប់ក្រុងយេរូសាឡិមឡើយ ក៏គ្មានសត្វណានៅជាមួយនឹងខ្ញុំដែរ លើកតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក នឹងទ្វារទាំងប៉ុន្មានដែលឆេះហើយ រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក នឹងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំ យ៉ាងនោះបានដល់ផ្ទះវិញ ឯពួកដំរួតទីក្រុង ឥតបានដឹងជាខ្ញុំទៅឯណា ឬបានធ្វើអ្វីទេ ខ្ញុំក៏មិនទាន់បានប្រាប់ដល់ពួកយូដា ពួកសង្ឃ ឬពួកអ្នកមានត្រកូលខ្ពស់ ពួកដំរួត ឬពួកអ្នកឯទៀត ដែលរកស៊ីធ្វើការ នៅឡើយដែរ។ រួចមក ខ្ញុំនិយាយនឹងគេថា អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់យើងរាល់គ្នានេះ ហើយថា ក្រុងយេរូសាឡិមនៅតែគ្រាំគ្រា ហើយទ្វារក្រុងទាំងប៉ុន្មានភ្លើងឆេះអស់ ដូច្នេះចូរមក យើងសង់កំផែងក្រុងយេរូសាឡិមឡើង ដើម្បីកុំឲ្យមានគេត្មះតិះដៀលដល់យើងទៀត រួចខ្ញុំនិយាយប្រាប់គេ ពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតនៅលើខ្ញុំ នឹងពីព្រះបន្ទូលនៃស្តេច ដែលទ្រង់បានមានបន្ទូលមកខ្ញុំ ដូច្នេះ គេក៏និយាយឡើងថា ចូរយើងលើកគ្នាធ្វើឡើង យ៉ាងនោះគេបានចំរើនកំឡាំងគ្នា ដើម្បីនឹងធ្វើការល្អនោះ តែកាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម នឹងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាជំនិតលោក ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮ នោះគេក៏សើចចំអក ហើយមើលងាយដល់យើងថា តើឯងរាល់គ្នាធ្វើអ្វីនេះ តើគិតបះបោរនឹងស្តេចឬអី ខ្ញុំក៏ឆ្លើយទៅគេថា ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចំរើនដល់យើងរាល់គ្នា ហេតុនោះយើងរាល់គ្នា ជាពួកបំរើទ្រង់ នឹងលើកគ្នាឡើងធ្វើ តែឯអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានច្បាប់ ឬទីនឹករឭកនៅក្រុងយេរូសាឡិមឡើយ។