នេហេមា 2:1-16

នេហេមា 2:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។ ដូច្នេះ ស្ដេច​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ដូច្នេះ? នេះ​គ្មាន​អ្វី​ក្រៅ​ពី​មាន​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ឡើយ»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ណាស់។ ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?» ពេល​នោះ ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី?» ដូច្នេះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ រួច​ខ្ញុំ​ទូលទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​ទូល‌បង្គំ នោះ​សូម​ព្រះ​ករុណា​ចាត់​ទូល‌បង្គំឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ទី​ក្រុង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ផង»។ ស្ដេច​មាន​រាជ​ឱង្ការ​មក​ខ្ញុំ ទាំង​មាន​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ផង​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ហើយ​ពេល​ណា​ទើប​លោក​ត្រឡប់​មក​វិញ?» ដូច្នេះ កាល​ខ្ញុំ​បាន​កំណត់​ពេល​ថ្វាយ​ស្ដេច​រួច​ហើយ ស្ដេច​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​ចាត់​ខ្ញុំ​ឲ្យ​ទៅ។ មួយ​ទៀត ខ្ញុំ​បាន​ទូល​ទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រទាន​រាជ​សារ​ឲ្យ​ទូល‌បង្គំ យក​ទៅ​ជូនអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ រហូត​ដល់​ស្រុក​យូដា និង​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​អេសាភ ជា​មេ​ព្រៃ​របស់​ព្រះ​ករុណា ដើម្បី​ឲ្យ​លោក​ផ្ដល់​ឈើ​មក​ទូល‌បង្គំ​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​សម្រាប់​ធ្វើ​កំផែងទី​ក្រុង ហើយ​សម្រាប់​ធ្វើ​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​ស្នាក់​នៅ​ផង»។ ស្តេច​ក៏​អនុ‌ញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ។ បន្ទាប់​មក ខ្ញុំ​បាន​ទៅ​ជួបអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​ជូន​រាជ‌សាររបស់​ស្ដេច​ដល់​ពួក​លោក។ គ្រា​នោះ ស្ដេច​បាន​ចាត់​ពួក​មេ‌ទ័ព និង​ពល​សេះ ឲ្យ​ទៅ​ជា​មួយ​ខ្ញុំ​ដែរ។ ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន បាន​ឮ​ដំណឹង​នេះ ពួកគេ​មិន​សប្បាយ​ចិត្តសោះ ព្រោះ​មាន​មនុស្ស​ម្នាក់​មករក​ផល​ប្រយោជន៍​ឲ្យ​ពួក​កូនចៅ​អ៊ីស្រា‌អែល។ ដូច្នេះ ខ្ញុំ​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​នោះ​រយៈ​ពេល​បី​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​ក្រោក​ឡើង​នៅ​ពេល​យប់ ហើយ​មាន​អ្នក​ខ្លះ​នៅ​ជា​មួយ​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​ណា​ម្នាក់​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះ​នៃ​ខ្ញុំ បាន​ដាក់​ក្នុង​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សម្រាប់​ក្រុង​យេរូ‌សាឡិម​ឡើយ។ គ្មាន​សត្វ​ណា​នៅ​ជា​មួយ​ខ្ញុំឡើយ មាន​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​អណ្តូង​នាគ និង​ទ្វារ​សំរាម រួច​ខ្ញុំ​បាន​ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម​ដែល​បាក់​បែក និង​ទ្វារ​ក្រុង​ដែលត្រូវភ្លើង​ឆេះ។ បន្ទាប់​មក ខ្ញុំ​បន្ត​ដំណើរ​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក និង​ស្រះ​ហ្លួង តែ​គ្មាន​ផ្លូវ​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​ដើរ​ទៅ​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទាំង​យប់ ហើយ​ពិនិត្យ​មើល​កំផែង រួច​ខ្ញុំ​ត្រឡប់​ក្រោយ ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ ហើយ​ក៏​វិល​មក​វិញ។ ឯ​ពួក​អ្នក​គ្រប់​គ្រង​ទី​ក្រុងពុំ​បាន​ដឹង​ថា​ខ្ញុំ​ទៅ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​មិន​បាន​ប្រាប់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង ឬ​ពួក​អ្នក​ឯ​ទៀត ដែល​ត្រូវ​បំពេញ​កិច្ច​ការ​នោះ​ឡើយ។

ចែក​រំលែក
អាន នេហេមា 2

នេហេមា 2:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះ‌ស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ឡើយ។ ព្រះចៅ​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​វិញ​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។ ព្រះចៅ​អធិរាជ​មាន​រាជ‌ឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរម‌សុខ រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ ហើយ​បើ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។ ព្រះ‌រាជា​ដោយ​មាន​ព្រះ‌មហេសី​គង់​នៅ​ក្បែរ​ផង សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្ដេច​ក៏​យល់​ព្រម​ឲ្យ​ខ្ញុំ​ចេញ​ដំណើរ។ បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា ហើយ​រាជ‌សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះ‌ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះ‌ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ ព្រះចៅ​អធិរាជ​ប្រទាន​រាជ‌សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។ ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ព្រះចៅ​អធិរាជ​ជូន​ពួក​លោក។ ព្រះចៅ​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កង‌ពល​សេះ ឲ្យ​ជូន​ដំណើរ​ខ្ញុំ​ដែរ។ ពេល​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​លោក​ថូប៊ី‌យ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​ក្រោក​នៅ​ពេល​យប់ ហើយ​នាំ​អ្នក​ខ្លះ​ទៅ​ជា​មួយ តែ​ខ្ញុំ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង​អំពី​គម្រោង‌ការ ដែល​ព្រះ​របស់​ខ្ញុំ​បណ្ដាល​ចិត្ត​ខ្ញុំ ឲ្យ​គិត‌គូរ​ធ្វើ​ចំពោះ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ ក្រៅ​ពី​សត្វ​លា​ដែល​ខ្ញុំ​ជិះ គ្មាន​សត្វ​ណា​ផ្សេង​ទៀត​នៅ​ជា​មួយ​ខ្ញុំ​ទេ។ នៅ​ពេល​យប់ ខ្ញុំ​ចាក​ចេញ​ពី​ក្រុង តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​ប្រភព​ទឹក​នាគ​រាជ និង​ទ្វារ​សំរាម។ ខ្ញុំ​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូ‌សាឡឹម ត្រង់​កន្លែង​បាក់​បែក ព្រម​ទាំង​ទ្វារ​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ។ ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ហ្លួង ប៉ុន្តែ គ្មាន​ច្រក​អាច​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​ក៏​ឡើង​តាម​ជ្រោះ​ទៅ ទាំង​យប់ ដើម្បី​ពិនិត្យ​មើល​កំពែង​ក្រុង រួច​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ដោយ​ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ។ ពួក​អ្នក​គ្រប់‌គ្រង​ក្រុង​ពុំ​បាន​ដឹង​ថា ខ្ញុំ​ទៅ​ទី​ណា ហើយ​ខ្ញុំ​ធ្វើ​អ្វី​ទេ។ មក​ទល់​ពេល​នេះ ខ្ញុំ​ពុំ​បាន​ប្រាប់​ប្រជា‌ជន​យូដា​ពួក​បូជា‌ចារ្យ ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង ឬ​មេ​ជាង​សំណង់​ឯ​ទៀតៗ ឲ្យ​ដឹង​ពី​គម្រោង‌ការ​របស់​ខ្ញុំ​ឡើយ។

ចែក​រំលែក
អាន នេហេមា 2

នេហេមា 2:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ នេះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត​ទេ នោះ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ណាស់ តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា ដូច្នេះ តើ​អ្នក​ចង់​បាន​អ្វី ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ រួច​ខ្ញុំ​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​យ៉ាង​នេះ ហើយ​បើ​ទ្រង់​អាណិត​មេត្តា​ដល់​ទូលបង្គំ នោះ​សូម​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​ទៅ​ឯ​ស្រុក​យូដា ដល់​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច របស់​ឰយុកោ​ទូលបង្គំ ឲ្យ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ចុះ ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ កំពុង​ដែល​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ទ្រង់​ថា តើ​អ្នក​ចង់​ទៅ​ជា​យូរ​ប៉ុន្មាន កាល​ណា​នឹង​ត្រឡប់​មក​វិញ ដូច្នេះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ចាត់​ឲ្យ​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​ក៏​កំណត់​ពេល​ថ្វាយ​ទ្រង់​ជ្រាប មួយ​ទៀតខ្ញុំ​បាន​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ឲ្យ​ទូលបង្គំ​បាន​ព្រះ‌រាជ‌សាសន៍​កាន់​យក​ទៅ ជូន​ពួក​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ឲ្យ​លោក​បាន​បើក​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ រហូត​ដល់​ស្រុក​យូដា នឹង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូលបង្គំ សំរាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ នឹង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សំរាប់​ផ្ទះ ដែល​ទូលបង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ រួច​មកខ្ញុំ​បាន​ទៅ​ដល់​ពួក​ចៅហ្វាយ នៅ​ខាង​នាយ​ទន្លេ ជូន​ព្រះ‌រាជ‌សាសន៍​នោះ​ដល់​គេ ឯ​ស្តេច​ទ្រង់​បាន​ចាត់​មេ‌ទ័ព នឹង​ទ័ព​សេះ ឲ្យ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ដូច្នេះ កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម នឹង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​អ្នក​ជំនិត​លោក​បាន​ឮ​ហើយ សេចក្ដី​នោះ​ក៏​នាំ​ឲ្យ​ទំនាស់​ចិត្ត​គេ​ជា​ខ្លាំង ដោយ​ព្រោះ​មាន​មនុស្ស​មក បំរុង​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សណ្ឋាន​ល្អ​ឡើង យ៉ាង​នោះ ខ្ញុំ​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ទី​នោះ​អស់​៣​ថ្ងៃ រួច​ខ្ញុំ នឹង​អ្នក​ខ្លះ​ឯ​ទៀត​ក៏​ក្រោក​ឡើង​ជា​មួយ​គ្នា​នៅ​ពេល​យប់ តែ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​ការ​ដែល​ព្រះ​នៃ​ខ្ញុំ ទ្រង់​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សំរាប់​ក្រុង​យេរូ‌សាឡិម​ឡើយ ក៏​គ្មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ច្រក​ភ្នំ ដំរង់​ទៅ​ឯ​អណ្តូង​នាគ ដល់​ទ្វារ​សំរាម ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម ដែល​បាក់​បែក នឹង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​ឆេះ​ហើយ រួច​ខ្ញុំ​ក៏​ហួស​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក នឹង​ស្រះ​ហ្លួង តែ​គ្មាន​ផ្លូវ​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​ដើរ​ទៅ​បាន​ទេ ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទឹក បាន​ពិនិត្យ​មើល​កំផែង​ទាំង​យប់ រួច​វិល​ទៅ​ចូល​តាម​ទ្វារ​ច្រក​ភ្នំ យ៉ាង​នោះ​បាន​ដល់​ផ្ទះ​វិញ ឯ​ពួក​ដំរួត​ទី​ក្រុង ឥត​បាន​ដឹង​ជា​ខ្ញុំ​ទៅ​ឯ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​ក៏​មិន​ទាន់​បាន​ប្រាប់​ដល់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ពួក​ដំរួត ឬ​ពួក​អ្នក​ឯ​ទៀត ដែល​រក​ស៊ី​ធ្វើ​ការ នៅ​ឡើយ​ដែរ។

ចែក​រំលែក
អាន នេហេមា 2