នេហេមា 13:4-14

នេហេមា 13:4-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មុន​ហេតុ‌ការណ៍​នេះ សង្ឃ​អេលី‌យ៉ាស៊ីប ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​ដែល​បាន​ភ្ជាប់​សាច់​ញាតិ​នឹង​ថូ‌ប៊ីយា លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ថូ‌ប៊ីយា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយតាម​បង្គាប់ សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ។ កាល​ហេតុ‌ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន ខ្ញុំ​បាន​វិល​ទៅ​គាល់​ស្តេច។ រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំក៏​បាន​សូមរាជានុញ្ញាត​ពី​ស្តេច វិល​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​នោះ ខ្ញុំ​ឃើញ​អំពើ​អា‌ក្រក់​ដែល​អេលី‌យ៉ាស៊ីប​បាន​ប្រព្រឹត្ត ដោយ​រៀបចំ​បន្ទប់​មួយ​សម្រាប់​ថូ‌ប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌ដំណាក់​របស់​ព្រះ។ ខ្ញុំ​ខឹង​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​យក​ប្រដាប់‌ប្រដា​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ថូ‌ប៊ីយ៉ា បោះ​ចេញ​ទៅ​ខាង​ក្រៅ​បន្ទប់។ បន្ទាប់​មក ខ្ញុំ​បង្គាប់​ឲ្យ​គេ​សម្អាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ ព្រម​ទាំង​តង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​នៅ​ទី​នោះ​ជំនួស​វិញ។ ខ្ញុំ​ក៏​យល់​ឃើញ​ថា គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ពួក​លេវី​ទេ ដូច្នេះ ពួក​លេវី និង​ពួក​ចម្រៀង ដែល​ត្រូវ​បំពេញ​មុខ​ងារ​បម្រើ គេ​ក៏​នាំ​គ្នា​វិល​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​វិញ។ ដូច្នេះ ខ្ញុំ​បាន​បន្ទោស​ពួក​មេ​គ្រប់​គ្រង​ថា៖ «ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​ដូច្នេះ?» ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី ហើយ​ដាក់​ពួក​គេឲ្យ​បំ​ពេញ​តួនាទី​របស់​ខ្លួន​វិញ។ ពេល​នោះ ពួក​យូដា​ទាំង​អស់ ក៏​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង។ ខ្ញុំ​បាន​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ទាំង​នោះ មាន​សង្ឃ​សេ‌លេមា ស្មៀន​សាដុក និង​ពេ‌ដាយ៉ា ជា​ពួក​លេវី ហើយ​ក៏​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​គេ​រាប់​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ពួក​ដល់​បង‌ប្អូន​របស់​ខ្លួន។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​អំពី​ដំណើរ​នេះ​ផង ហើយ​សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សម្រាប់​កិច្ច​ការ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ឡើយ។

ចែក​រំលែក
អាន នេហេមា 13

នេហេមា 13:4-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មុន​ពេល​នោះ គេ​តែង‌តាំង​លោក​បូជា‌ចារ្យ​អេលីយ៉ាស៊ីប ឲ្យ​មើល​ខុស​ត្រូវ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ ដោយ​លោក​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​ថូប៊ី‌យ៉ា លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ទទួល​លោក​ថូប៊ី‌យ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​តង្វាយ​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ព្រះ‌វិហារ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំង‌បាយជូរ និង​ប្រេង​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សម្រាប់​ពួក​លេវី ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សម្រាប់​ក្រុម​បូជា‌ចារ្យ។ ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​គាល់​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​រាជា‌នុញ្ញាត វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលីយ៉ាស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀបចំ​បន្ទប់​មួយ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​លោក​ថូប៊ី‌យ៉ា។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​ឲ្យ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ី‌យ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់ ខ្ញុំ​ឲ្យ​គេ​ធ្វើ​ពិធី​ជម្រះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ តង្វាយ និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។ ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចម្រៀង​ដែល​ត្រូវ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។ ខ្ញុំ​ស្ដី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចម្រៀង ឲ្យ​មក​បំពេញ​មុខងារ​របស់​ខ្លួន​វិញ។ ពេល​នោះ ប្រជា‌ជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ដែល​ជា​តង្វាយ​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។ ខ្ញុំ​បាន​ប្រគល់​ភារ‌កិច្ច​មើល​ខុស​ត្រូវ​ឃ្លាំង​ទៅ​លោក​សេលេ‌មា ជា​បូជា‌ចារ្យ លោក​សាដុក ជា​បណ្ឌិត​ខាង​វិន័យ និង​លោក​ពេដា‌យ៉ា ពី​ក្រុម​លេវី ហើយ​ក៏​មាន​លោក​ហាណាន ជា​កូន​របស់​លោក​សាគើរ និង​ជា​ចៅ​របស់​លោក​ម៉ាថា‌នា ធ្វើ​ការ​រួម​ជា​មួយ​ដែរ។ ប្រជា‌ជន​ទទួល​ស្គាល់​ថា​លោក​ទាំង​នោះ​ជា​មនុស្ស​ស្មោះ​ត្រង់ ដូច្នេះ ពួក​គេ​មាន​ភារ‌កិច្ច​ចែក​របប​ឲ្យ​បងប្អូន​របស់​ខ្លួន។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូលបង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះអង្គ។

ចែក​រំលែក
អាន នេហេមា 13

នេហេមា 13:4-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​មុន​ដំណើរ​នេះ អេលី‌យ៉ាស៊ីប​ដ៏​ជា​សង្ឃ​ដែល​បាន​តាំង​ឡើង ឲ្យ​ត្រួត​លើ​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា លោក​បាន​ភ្ជាប់​ញាតិ​នឹង​ថូប៊ីយ៉ា ដូច្នេះ លោក​បាន​រៀបចំ​បន្ទប់​ធំ​១ ទុក​សំរាប់​ថូប៊ីយ៉ា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​ដង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង ដែល​គេ​យក​មក​ថ្វាយ តាម​បង្គាប់​សំរាប់​ពួក​លេវី ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​ដង្វាយ​លើក​ចុះ​ឡើង សំរាប់​ពួក​សង្ឃ​ដែរ តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ីឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ កាល​ខ្ញុំ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ខ្ញុំ​ឃើញ​ការ​អាក្រក់ ដែល​អេលី‌យ៉ាស៊ីប​បាន​ធ្វើ ដោយ​រៀបចំ​បន្ទប់​១​សំរាប់​ថូប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ ការ​នោះ​បាន​ទំនាស់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ហេតុ​នោះ​ខ្ញុំ​ក៏​យក​អស់​ទាំង​ប្រដាប់‌ប្រដា​របស់​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់​ចេញ ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។ ខ្ញុំ​ក៏​យល់​ឃើញ​ថាគេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី នឹង​ពួក​ចំរៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចំការ​របស់​ខ្លួន​វិញ ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ ហើយ​ពួក​យូដា​ទាំង​អស់​គ្នា គេ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង មក​ដាក់​ក្នុង​ឃ្លាំង ហើយ​ខ្ញុំ​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ឃ្លាំង​ទាំង​នោះ គឺ​សេលេមា​ដ៏​ជា​សង្ឃ ស្មៀន​សាដុក ហើយ​ពេដាយ៉ា ជា​ពួក​លេវី បន្ទាប់​មក​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​បាន​រាប់​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ដល់​បង​ប្អូន​ខ្លួន ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូលបង្គំ ពី​ដំណើរ​ការ‌​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូលបង្គំ នឹង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។

ចែក​រំលែក
អាន នេហេមា 13