នេហេមា 13:1-31
នេហេមា 13:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។ កាលប្រជាជនបានឮក្រឹត្យវិន័យនេះភ្លាម គេក៏ញែកសាសន៍អ៊ីស្រាអែល ចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន។ មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ដែលត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយដែលបានភ្ជាប់សាច់ញាតិនឹងថូប៊ីយា លោកបានរៀបចំបន្ទប់មួយធំសម្រាប់ថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកសង្ឃ។ កាលហេតុការណ៍នេះកើតឡើង ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន ខ្ញុំបានវិលទៅគាល់ស្តេច។ រួចក្រោយយូរបន្តិចមក ខ្ញុំក៏បានសូមរាជានុញ្ញាតពីស្តេច វិលមកក្រុងយេរូសាឡិមវិញ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះ។ ខ្ញុំខឹងជាខ្លាំង ហើយខ្ញុំក៏យកប្រដាប់ប្រដានៅក្នុងផ្ទះទាំងប៉ុន្មាន ដែលជារបស់ថូប៊ីយ៉ា បោះចេញទៅខាងក្រៅបន្ទប់។ បន្ទាប់មក ខ្ញុំបង្គាប់ឲ្យគេសម្អាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះ ព្រមទាំងតង្វាយម្សៅ និងកំញាន ទៅដាក់នៅទីនោះជំនួសវិញ។ ខ្ញុំក៏យល់ឃើញថា គេមិនបានចែកចំណែកឲ្យពួកលេវីទេ ដូច្នេះ ពួកលេវី និងពួកចម្រៀង ដែលត្រូវបំពេញមុខងារបម្រើ គេក៏នាំគ្នាវិលទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។ ដូច្នេះ ខ្ញុំបានបន្ទោសពួកមេគ្រប់គ្រងថា៖ «ហេតុអ្វីបានជាបោះបង់ចោលព្រះដំណាក់របស់ព្រះដូច្នេះ?» ខ្ញុំក៏ប្រមូលពួកលេវី ហើយដាក់ពួកគេឲ្យបំពេញតួនាទីរបស់ខ្លួនវិញ។ ពេលនោះ ពួកយូដាទាំងអស់ ក៏យកតង្វាយមួយភាគក្នុងដប់ ពីស្រូវ ស្រាទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងឃ្លាំង។ ខ្ញុំបានតែងតាំងឲ្យមានអ្នកមើលខុសត្រូវលើឃ្លាំងទាំងនោះ មានសង្ឃសេលេមា ស្មៀនសាដុក និងពេដាយ៉ា ជាពួកលេវី ហើយក៏មានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះគេរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកពួកដល់បងប្អូនរបស់ខ្លួន។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំអំពីដំណើរនេះផង ហើយសូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះនៃទូលបង្គំ និងសម្រាប់កិច្ចការក្នុងព្រះដំណាក់របស់ព្រះអង្គឡើយ។ នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទ ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី និងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្រុងយេរូសាឡិមក្នុងថ្ងៃសប្ប័ទ។ ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃសាសន៍យូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយបង្អាប់ថ្ងៃសប្ប័ទដូច្នេះ? តើបុព្វបុរសរបស់អ្នករាល់គ្នា មិនបានប្រព្រឹត្តបែបនេះ ហើយព្រះនៃយើងមិនបាននាំអស់ទាំងសេចក្ដីអាក្រក់នេះមកលើយើង និងមកលើទីក្រុងនេះទេឬ? ឥឡូវនេះ អ្នករាល់គ្នាបង្អាប់ថ្ងៃសប្ប័ទ ហើយនាំឲ្យមានសេចក្ដីក្រោធ ធ្លាក់មកលើពួកអ៊ីស្រាអែលថែមទៀត»។ កាលចាប់ផ្ដើមងងឹតនៅទ្វារក្រុងយេរូសាឡិម នៅល្ងាចថ្ងៃសប្ប័ទ ខ្ញុំបង្គាប់ឲ្យគេបិទទ្វារ ហើយហាមមិនឲ្យគេបើក រហូតដល់ផុតថ្ងៃសប្ប័ទ។ ខ្ញុំដាក់អ្នកបម្រើរបស់ខ្ញុំខ្លះនៅតាមទ្វារក្រុង ដើម្បីកុំឲ្យអ្នកណាយកបន្ទុកអ្វីចូលមកនៅថ្ងៃសប្ប័ទឡើយ។ ដូច្នេះ ពួកឈ្មួញ និងពួកអ្នកលក់ដូរទំនិញគ្រប់ប្រភេទ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តង ឬពីរដែរ។ ប៉ុន្ដែ ខ្ញុំបានព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកនៅក្រៅកំផែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នានៅតែធ្វើដូច្នេះទៀត ខ្ញុំនឹងចាប់អ្នករាល់គ្នាមិនខាន»។ ចាប់ពីពេលនោះ ទៅ ពួកគេក៏លែងមកនៅថ្ងៃសប្ប័ទទៀត។ បន្ទាប់មក ខ្ញុំបង្គាប់ពួកលេវី ឲ្យគេធ្វើពិធីសម្អាតខ្លួនជាបរិសុទ្ធ ហើយឲ្យគេមកចាំយាមនៅតាមទ្វារក្រុង ដើម្បីញែកថ្ងៃសប្ប័ទជាបរិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។ នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់ ហើយកូនរបស់ពួកគេពាក់កណ្ដាលនិយាយភាសាអាសដូឌ គេមិនចេះនិយាយភាសាយូដាទេ គឺគេនិយាយតាមតែភាសារបស់សាសន៍ដទៃប៉ុណ្ណោះ។ ខ្ញុំបានស្ដីបន្ទោសពួកគេ ដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះ ហើយហាមគេថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។ តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។ ដូច្នេះ តើត្រូវឲ្យយើងស្តាប់តាមអ្នករាល់គ្នា ហើយប្រព្រឹត្តអំពើអាក្រក់យ៉ាងធ្ងន់ ហើយប្រព្រឹត្តរំលងនឹងព្រះនៃយើង ដោយរៀបការនឹងស្ដ្រីសាសន៍ដទៃដូច្នេះឬ?»។ យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។ ដូច្នេះ ខ្ញុំបានញែកសម្អាតពួកគេពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ និងពួកលេវីត្រូវបំពេញឡើងវិញ តាមកិច្ចការរបស់គេរៀងខ្លួន ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយឧស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។:៚
នេហេមា 13:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ពេលអានគម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះពរវិញ។ ពេលឮក្រឹត្យវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ មុនពេលនោះ គេតែងតាំងលោកបូជាចារ្យអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់ញាតិរបស់លោកថូប៊ីយ៉ា លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជាចារ្យ។ ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្ដេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជានុញ្ញាត វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សម្រាប់លោកថូប៊ីយ៉ា។ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏ឲ្យគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។ ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចម្រៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។ ខ្ញុំស្ដីបន្ទោសពួកអ្នកគ្រប់គ្រងថា៖ «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចម្រៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។ ពេលនោះ ប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ដែលជាតង្វាយមួយភាគដប់មកដាក់ក្នុងឃ្លាំង។ ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេលេមា ជាបូជាចារ្យ លោកសាដុក ជាបណ្ឌិតខាងវិន័យ និងលោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណាន ជាកូនរបស់លោកសាគើរ និងជាចៅរបស់លោកម៉ាថានា ធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបឲ្យបងប្អូនរបស់ខ្លួន។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះដំណាក់របស់ព្រះអង្គ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើព្រះអង្គ។ នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។ មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្ដេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃសប្ប័ទដូច្នេះ? ព្រះជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើឲ្យព្រះពិរោធរបស់ព្រះអង្គ ឆាបឆេះលើជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។ បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។ ដូច្នេះ អ្នកជំនួញ និងអ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូសាឡឹម មួយយប់ ឬពីរយប់។ ខ្ញុំព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទទៀតហើយ។ ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃសប្ប័ទ ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ ហេតុនេះ សូមនឹកចាំពីទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។ នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។ កូនរបស់ពួកគេចំនួនពាក់កណ្ដាលនិយាយភាសាអាសដូឌ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។ ខ្ញុំបានស្ដីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។ ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។ ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។ លោកយ៉ូយ៉ាដាជាកូនរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសារបស់លោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើឲ្យមុខងាររបស់ខ្លួនជាបូជាចារ្យទៅជាសៅហ្មង ហើយធ្វើឲ្យសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយក្រុមបូជាចារ្យ និងក្រុមលេវី ទៅជាស្មៅហ្មងដែរ។ ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់ឲ្យក្រុមបូជាចារ្យ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។ ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកថ្វាយតាមពេលកំណត់ ព្រមទាំងតង្វាយដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ ហើយប្រព្រឹត្តចំពោះទូលបង្គំ ដោយព្រះហឫទ័យសន្ដោសផង៕
នេហេមា 13:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ ដោយព្រោះគេមិនបានរាក់ទាក់ទទួលពួកកូនចៅអ៊ីស្រាអែល ដោយនំបុ័ងនឹងទឹកទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្តាសាដល់គេវិញ ប៉ុន្តែព្រះនៃយើងរាល់គ្នា ទ្រង់បានបំផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរវិញ ដូច្នេះ កាលគេបានឮក្រិត្យវិន័យនោះហើយ គេក៏ញែកពួកលាយពូជចេញពីសាសន៍អ៊ីស្រាអែលទៅ។ រីឯកាលមុនដំណើរនេះ អេលីយ៉ាស៊ីបដ៏ជាសង្ឃដែលបានតាំងឡើង ឲ្យត្រួតលើបន្ទប់ព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា លោកបានភ្ជាប់ញាតិនឹងថូប៊ីយ៉ា ដូច្នេះ លោកបានរៀបចំបន្ទប់ធំ១ ទុកសំរាប់ថូប៊ីយ៉ា ជាបន្ទប់ដែលពីដើមគេដាក់ដង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន នឹងដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង ដែលគេយកមកថ្វាយ តាមបង្គាប់សំរាប់ពួកលេវី ពួកចំរៀង នឹងពួកឆ្មាំទ្វារ ព្រមទាំងដង្វាយលើកចុះឡើង សំរាប់ពួកសង្ឃដែរ តែនៅអស់រវាងវេលានោះ ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទី៣២ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន នោះខ្ញុំបានវិលទៅឯស្តេច រួចក្រោយយូរបន្តិចមក ខ្ញុំបានសូមច្បាប់ស្តេចឲ្យបានមកវិញ កាលខ្ញុំមកដល់ក្រុងយេរូសាឡិមហើយ នោះខ្ញុំឃើញការអាក្រក់ ដែលអេលីយ៉ាស៊ីបបានធ្វើ ដោយរៀបចំបន្ទប់១សំរាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះវិហារនៃព្រះ ការនោះបានទំនាស់ចិត្តខ្ញុំជាខ្លាំង ហេតុនោះខ្ញុំក៏យកអស់ទាំងប្រដាប់ប្រដារបស់ថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ចេញ ខ្ញុំក៏បង្គាប់ឲ្យគេសំអាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ព្រមទាំងដង្វាយម្សៅ នឹងកំញាន ទៅដាក់ទុកក្នុងនោះវិញ។ ខ្ញុំក៏យល់ឃើញថាគេមិនបានចែកចំណែកឲ្យដល់ពួកលេវីទេ បានជាពួកលេវី នឹងពួកចំរៀង ដែលធ្វើការងារ គេបានរត់ទៅឯស្រែចំការរបស់ខ្លួនវិញ ដូច្នេះ ខ្ញុំបានតវ៉ាដល់ពួកមេថា ហេតុអ្វីបានជាបោះបង់ចោលព្រះវិហារនៃព្រះដូច្នេះ រួចខ្ញុំក៏ប្រមូលពួកលេវី មកតាំងទុកនៅដំណែងរបស់គេវិញ ហើយពួកយូដាទាំងអស់គ្នា គេយកដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង មកដាក់ក្នុងឃ្លាំង ហើយខ្ញុំក៏តាំងឲ្យមានពួកអ្នកត្រួតលើឃ្លាំងទាំងនោះ គឺសេលេមាដ៏ជាសង្ឃ ស្មៀនសាដុក ហើយពេដាយ៉ា ជាពួកលេវី បន្ទាប់មកមានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះបានរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកដល់បងប្អូនខ្លួន ឱព្រះនៃទូលបង្គំអើយ សូមនឹករឭកដល់ទូលបង្គំ ពីដំណើរការនេះផង សូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សំរាប់ព្រះវិហាររបស់ព្រះនៃទូលបង្គំ នឹងសំរាប់ការដែលត្រូវធ្វើក្នុងទីនោះចេញឡើយ។ នៅគ្រានោះខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក នឹងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា នឹងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី នឹងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្នុងក្រុងយេរូសាឡិមក្នុងថ្ងៃឈប់សំរាក នោះខ្ញុំតវ៉ាដល់ពួកអ្នកធំនៃសាសន៍យូដាថា ហេតុដូចម្តេចបានជាអ្នករាល់គ្នាបង្អាប់ដល់ថ្ងៃឈប់សំរាក ដោយប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះធ្វើអី ឯពួកឰយុកោរបស់អ្នករាល់គ្នា តើមិនបានធ្វើដូច្នេះទេឬអី ហេតុនោះបានជាព្រះនៃយើងរាល់គ្នា ទ្រង់បាននាំអស់ទាំងសេចក្ដីអាក្រក់នេះ មកលើយើង នឹងលើទីក្រុងនេះផង ប៉ុន្តែអ្នករាល់គ្នានាំឲ្យមានសេចក្ដីក្រោធ មកលើពួកអ៊ីស្រាអែលថែមទៀត ដោយបង្អាប់ដល់ថ្ងៃឈប់សំរាកដូច្នេះ។ ក្រោយនោះមក កាលណាអស់ទាំងទ្វារនៃក្រុងយេរូសាឡិម ចាប់តាំងងងឹត ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ នោះខ្ញុំក៏បង្គាប់ឲ្យបិទទ្វារ ហើយហាមមិនឲ្យបើកដរាបដល់ផុតថ្ងៃឈប់សំរាកនោះ ខ្ញុំក៏ដាក់ពួកអ្នកបំរើរបស់ខ្ញុំខ្លះ ឲ្យត្រួតលើទ្វារទាំងប៉ុន្មាន ដើម្បីកុំឲ្យមានអ្នកណាយកបន្ទុកអ្វី ចូលមកនៅថ្ងៃឈប់សំរាកឡើយ នោះពួកឈ្មួញ នឹងពួកអ្នកដែលលក់ដូរផ្សេងៗ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តងពីរដែរ រួចខ្ញុំបានធ្វើបន្ទាល់ដល់គេថា អ្នករាល់គ្នាដេកនៅក្បែរកំផែងនេះធ្វើអី បើនៅតែធ្វើដូច្នេះទៀត នោះខ្ញុំនឹងចាប់អ្នករាល់គ្នាហើយ តាំងពីនោះតទៅ គេក៏លែងមកនៅថ្ងៃឈប់សំរាកទៀត ខ្ញុំក៏បង្គាប់ដល់ពួកលេវី ឲ្យគេបានញែកខ្លួនចេញជាបរិសុទ្ធ ហើយឲ្យគេមកចាំយាម នៅអស់ទាំងទ្វារក្រុង ដើម្បីញែកថ្ងៃឈប់សំរាកចេញជាបរិសុទ្ធ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាដល់ទូលបង្គំ ដោយសេចក្ដីសប្បុរសទ្រង់ដ៏ធំ។ នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានយកប្រពន្ធជាស្រីសាសន៍អាសដូឌ អាំម៉ូន នឹងម៉ូអាប់ ហើយកូនគេពាក់កណ្តាលនិយាយជាភាសាអាសដូឌ ឥតចេះនិយាយភាសារបស់ពួកយូដាឡើយ គឺគេនិយាយតាមតែភាសារបស់សាសន៍គេរៀងខ្លួន ខ្ញុំក៏តវ៉ានឹងគេ ព្រមទាំងដាក់បណ្តាសា ក៏វាយគេខ្លះ ហើយបោចសក់គេផង ខ្ញុំចាប់ឲ្យគេស្បថដោយនូវព្រះនាមរបស់ព្រះ ហើយហាមគេថា មិនត្រូវឲ្យអ្នករាល់គ្នាឲ្យកូនស្រីទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ខ្លួន ឬសំរាប់ខ្លួននោះឡើយ តើសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល មិនបានធ្វើបាប ដោយអំពើយ៉ាងនោះឯងទេឬអី នៅក្នុងអស់ទាំងសាសន៍ដទៃ គ្មានស្តេចណា១ដូចទ្រង់ឡើយ ហើយព្រះនៃទ្រង់ក៏បានស្រឡាញ់ទ្រង់ ព្រមទាំងតាំងឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលផង ប៉ុន្តែស្ត្រីសាសន៍ដទៃបាននាំឲ្យទ្រង់ធ្វើបាបដែរ ដូច្នេះ តើគួរឲ្យយើងស្តាប់តាមអ្នករាល់គ្នា នឹងប្រព្រឹត្តសេចក្ដីអាក្រក់ជាធំទាំងនេះ ហើយប្រព្រឹត្តរំលងនឹងព្រះនៃយើង ដោយយកប្រពន្ធ ជាសាសន៍ដទៃឬអី។ ឯយ៉ូយ៉ាដា ជាកូនអេលីយ៉ាស៊ីប ជាសំដេចសង្ឃ លោកមានកូនប្រុស១ ដែលជាកូនប្រសាសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនោះខ្ញុំក៏បណ្តេញវាចេញពីខ្ញុំទៅ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីគេ ពីព្រោះគេបានបង្អាប់ការងារជាសង្ឃ នឹងសេចក្ដីសញ្ញានៃការងារនោះ នឹងពួកលេវីដែរ។ គឺយ៉ាងដូច្នេះដែលខ្ញុំបានញែកសំអាតគេ ពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ នឹងពួកលេវីត្រូវរក្សាទុកឡើងវិញ គ្រប់គ្នាតាមដំណែងគេរៀងខ្លួន ហើយសំរាប់ដង្វាយឧសនៅវេលាកំណត់ នឹងសំរាប់ផលផ្លែដំបូងដែរ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង។:៚