នេហេមា 13:1-18
នេហេមា 13:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។ កាលប្រជាជនបានឮក្រឹត្យវិន័យនេះភ្លាម គេក៏ញែកសាសន៍អ៊ីស្រាអែល ចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន។ មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ដែលត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយដែលបានភ្ជាប់សាច់ញាតិនឹងថូប៊ីយា លោកបានរៀបចំបន្ទប់មួយធំសម្រាប់ថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកសង្ឃ។ កាលហេតុការណ៍នេះកើតឡើង ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន ខ្ញុំបានវិលទៅគាល់ស្តេច។ រួចក្រោយយូរបន្តិចមក ខ្ញុំក៏បានសូមរាជានុញ្ញាតពីស្តេច វិលមកក្រុងយេរូសាឡិមវិញ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះ។ ខ្ញុំខឹងជាខ្លាំង ហើយខ្ញុំក៏យកប្រដាប់ប្រដានៅក្នុងផ្ទះទាំងប៉ុន្មាន ដែលជារបស់ថូប៊ីយ៉ា បោះចេញទៅខាងក្រៅបន្ទប់។ បន្ទាប់មក ខ្ញុំបង្គាប់ឲ្យគេសម្អាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះ ព្រមទាំងតង្វាយម្សៅ និងកំញាន ទៅដាក់នៅទីនោះជំនួសវិញ។ ខ្ញុំក៏យល់ឃើញថា គេមិនបានចែកចំណែកឲ្យពួកលេវីទេ ដូច្នេះ ពួកលេវី និងពួកចម្រៀង ដែលត្រូវបំពេញមុខងារបម្រើ គេក៏នាំគ្នាវិលទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។ ដូច្នេះ ខ្ញុំបានបន្ទោសពួកមេគ្រប់គ្រងថា៖ «ហេតុអ្វីបានជាបោះបង់ចោលព្រះដំណាក់របស់ព្រះដូច្នេះ?» ខ្ញុំក៏ប្រមូលពួកលេវី ហើយដាក់ពួកគេឲ្យបំពេញតួនាទីរបស់ខ្លួនវិញ។ ពេលនោះ ពួកយូដាទាំងអស់ ក៏យកតង្វាយមួយភាគក្នុងដប់ ពីស្រូវ ស្រាទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងឃ្លាំង។ ខ្ញុំបានតែងតាំងឲ្យមានអ្នកមើលខុសត្រូវលើឃ្លាំងទាំងនោះ មានសង្ឃសេលេមា ស្មៀនសាដុក និងពេដាយ៉ា ជាពួកលេវី ហើយក៏មានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះគេរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកពួកដល់បងប្អូនរបស់ខ្លួន។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំអំពីដំណើរនេះផង ហើយសូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះនៃទូលបង្គំ និងសម្រាប់កិច្ចការក្នុងព្រះដំណាក់របស់ព្រះអង្គឡើយ។ នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទ ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី និងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្រុងយេរូសាឡិមក្នុងថ្ងៃសប្ប័ទ។ ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃសាសន៍យូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយបង្អាប់ថ្ងៃសប្ប័ទដូច្នេះ? តើបុព្វបុរសរបស់អ្នករាល់គ្នា មិនបានប្រព្រឹត្តបែបនេះ ហើយព្រះនៃយើងមិនបាននាំអស់ទាំងសេចក្ដីអាក្រក់នេះមកលើយើង និងមកលើទីក្រុងនេះទេឬ? ឥឡូវនេះ អ្នករាល់គ្នាបង្អាប់ថ្ងៃសប្ប័ទ ហើយនាំឲ្យមានសេចក្ដីក្រោធ ធ្លាក់មកលើពួកអ៊ីស្រាអែលថែមទៀត»។
នេហេមា 13:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ពេលអានគម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះពរវិញ។ ពេលឮក្រឹត្យវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ មុនពេលនោះ គេតែងតាំងលោកបូជាចារ្យអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់ញាតិរបស់លោកថូប៊ីយ៉ា លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជាចារ្យ។ ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្ដេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជានុញ្ញាត វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សម្រាប់លោកថូប៊ីយ៉ា។ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏ឲ្យគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។ ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចម្រៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។ ខ្ញុំស្ដីបន្ទោសពួកអ្នកគ្រប់គ្រងថា៖ «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចម្រៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។ ពេលនោះ ប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ដែលជាតង្វាយមួយភាគដប់មកដាក់ក្នុងឃ្លាំង។ ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេលេមា ជាបូជាចារ្យ លោកសាដុក ជាបណ្ឌិតខាងវិន័យ និងលោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណាន ជាកូនរបស់លោកសាគើរ និងជាចៅរបស់លោកម៉ាថានា ធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបឲ្យបងប្អូនរបស់ខ្លួន។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះដំណាក់របស់ព្រះអង្គ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើព្រះអង្គ។ នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។ មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្ដេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃសប្ប័ទដូច្នេះ? ព្រះជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើឲ្យព្រះពិរោធរបស់ព្រះអង្គ ឆាបឆេះលើជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។
នេហេមា 13:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ ដោយព្រោះគេមិនបានរាក់ទាក់ទទួលពួកកូនចៅអ៊ីស្រាអែល ដោយនំបុ័ងនឹងទឹកទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្តាសាដល់គេវិញ ប៉ុន្តែព្រះនៃយើងរាល់គ្នា ទ្រង់បានបំផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរវិញ ដូច្នេះ កាលគេបានឮក្រិត្យវិន័យនោះហើយ គេក៏ញែកពួកលាយពូជចេញពីសាសន៍អ៊ីស្រាអែលទៅ។ រីឯកាលមុនដំណើរនេះ អេលីយ៉ាស៊ីបដ៏ជាសង្ឃដែលបានតាំងឡើង ឲ្យត្រួតលើបន្ទប់ព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា លោកបានភ្ជាប់ញាតិនឹងថូប៊ីយ៉ា ដូច្នេះ លោកបានរៀបចំបន្ទប់ធំ១ ទុកសំរាប់ថូប៊ីយ៉ា ជាបន្ទប់ដែលពីដើមគេដាក់ដង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន នឹងដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង ដែលគេយកមកថ្វាយ តាមបង្គាប់សំរាប់ពួកលេវី ពួកចំរៀង នឹងពួកឆ្មាំទ្វារ ព្រមទាំងដង្វាយលើកចុះឡើង សំរាប់ពួកសង្ឃដែរ តែនៅអស់រវាងវេលានោះ ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទី៣២ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន នោះខ្ញុំបានវិលទៅឯស្តេច រួចក្រោយយូរបន្តិចមក ខ្ញុំបានសូមច្បាប់ស្តេចឲ្យបានមកវិញ កាលខ្ញុំមកដល់ក្រុងយេរូសាឡិមហើយ នោះខ្ញុំឃើញការអាក្រក់ ដែលអេលីយ៉ាស៊ីបបានធ្វើ ដោយរៀបចំបន្ទប់១សំរាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះវិហារនៃព្រះ ការនោះបានទំនាស់ចិត្តខ្ញុំជាខ្លាំង ហេតុនោះខ្ញុំក៏យកអស់ទាំងប្រដាប់ប្រដារបស់ថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ចេញ ខ្ញុំក៏បង្គាប់ឲ្យគេសំអាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ព្រមទាំងដង្វាយម្សៅ នឹងកំញាន ទៅដាក់ទុកក្នុងនោះវិញ។ ខ្ញុំក៏យល់ឃើញថាគេមិនបានចែកចំណែកឲ្យដល់ពួកលេវីទេ បានជាពួកលេវី នឹងពួកចំរៀង ដែលធ្វើការងារ គេបានរត់ទៅឯស្រែចំការរបស់ខ្លួនវិញ ដូច្នេះ ខ្ញុំបានតវ៉ាដល់ពួកមេថា ហេតុអ្វីបានជាបោះបង់ចោលព្រះវិហារនៃព្រះដូច្នេះ រួចខ្ញុំក៏ប្រមូលពួកលេវី មកតាំងទុកនៅដំណែងរបស់គេវិញ ហើយពួកយូដាទាំងអស់គ្នា គេយកដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង មកដាក់ក្នុងឃ្លាំង ហើយខ្ញុំក៏តាំងឲ្យមានពួកអ្នកត្រួតលើឃ្លាំងទាំងនោះ គឺសេលេមាដ៏ជាសង្ឃ ស្មៀនសាដុក ហើយពេដាយ៉ា ជាពួកលេវី បន្ទាប់មកមានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះបានរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកដល់បងប្អូនខ្លួន ឱព្រះនៃទូលបង្គំអើយ សូមនឹករឭកដល់ទូលបង្គំ ពីដំណើរការនេះផង សូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សំរាប់ព្រះវិហាររបស់ព្រះនៃទូលបង្គំ នឹងសំរាប់ការដែលត្រូវធ្វើក្នុងទីនោះចេញឡើយ។ នៅគ្រានោះខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក នឹងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា នឹងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី នឹងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្នុងក្រុងយេរូសាឡិមក្នុងថ្ងៃឈប់សំរាក នោះខ្ញុំតវ៉ាដល់ពួកអ្នកធំនៃសាសន៍យូដាថា ហេតុដូចម្តេចបានជាអ្នករាល់គ្នាបង្អាប់ដល់ថ្ងៃឈប់សំរាក ដោយប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះធ្វើអី ឯពួកឰយុកោរបស់អ្នករាល់គ្នា តើមិនបានធ្វើដូច្នេះទេឬអី ហេតុនោះបានជាព្រះនៃយើងរាល់គ្នា ទ្រង់បាននាំអស់ទាំងសេចក្ដីអាក្រក់នេះ មកលើយើង នឹងលើទីក្រុងនេះផង ប៉ុន្តែអ្នករាល់គ្នានាំឲ្យមានសេចក្ដីក្រោធ មកលើពួកអ៊ីស្រាអែលថែមទៀត ដោយបង្អាប់ដល់ថ្ងៃឈប់សំរាកដូច្នេះ។