នេហេមា 12:1-47
នេហេមា 12:1-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯពួកសង្ឃ និងពួកលេវី ដែលឡើងមកជាមួយសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរមាន សេរ៉ាយ៉ា យេរេមា អែសរ៉ា អ័ម៉ារា ម៉ាលូក ហាធូស សេកានា រេហ៊ូម ម្រេម៉ូត អ៊ីដោ គីនេថោន អ័ប៊ីយ៉ា មីយ៉ាមីន ម្អាឌា ប៊ីលកា សេម៉ាយ៉ា យ៉ូយ៉ារីប យេដាយ៉ា សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា និងយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាមេលើពួកសង្ឃ និងលើពួកបងប្អូនរបស់គេ ក្នុងគ្រាយេសួរ។ ឯពួកលេវីមាន យេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា និងម៉ាថានា ដែលរួមជាមួយបងប្អូនរបស់លោក ទទួលខុសត្រូវខាងចម្រៀងអរព្រះគុណ។ រីឯបាកប៊ូគា និងអ៊ូនី និងបងប្អូនរបស់លោក ឈរបំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។ ឯយេសួរ ជាឪពុករបស់យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុករបស់អេលីយ៉ាស៊ីប អេលីយ៉ាស៊ីបជាឪពុករបស់យ៉ូយ៉ាដា យ៉ូយ៉ាដា ជាឪពុករបស់យ៉ូណាថាន ហើយយ៉ូណាថាន ជាឪពុករបស់យ៉ាដួរ។ នៅគ្រាយ៉ូយ៉ាគីម ពួកសង្ឃដែលជាកំពូលលើពួកវង្សរបស់ឪពុកមាន ខាងសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន ហើយខាងមេលីគូរ មានយ៉ូណាថាន ខាងសេបានា មានយ៉ូសែប ខាងហារីម មានអ័ឌណា ខាងមេរ៉ាយ៉ូត មានហេលកាយ ខាងអ៊ីដោ មានសាការី ខាងគីនេថោន មានមស៊ូឡាម ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។ ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុក ព្រមទាំងពួកសង្ឃ រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្តេចសាសន៍ពើស៊ី។ ពួកកូនចៅលេវី ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្រ រហូតដល់គ្រាយ៉ូហាណាន ជាកូនអេលីយ៉ាស៊ីប។ ឯពួកមេក្នុងពួកលេវីមាន ហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។ ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប ជាឆ្មាំទ្វារដែលចាំយាមនៅឃ្លាំង ត្រង់មាត់ទ្វារ។ អ្នកទាំងនេះ រស់នៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងក្នុងគ្រានេហេមា ជាទេសាភិបាល និងអែសរ៉ា ដែលជាសង្ឃ និងជាស្មៀន។ នៅពេលធ្វើពិធីបុណ្យឆ្លងកំផែងក្រុងយេរូសាឡិម គេស្វែងរកពួកលេវីពីគ្រប់កន្លែងទាំងអស់របស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យឆ្លងដោយអំណរ ព្រមទាំងមានចម្រៀងអរព្រះគុណ មានច្រៀងអមដោយឈិង ពិណ និងស៊ុង។ ឯកូនចៅរបស់ពួកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា ហើយពីបេត-គីលកាល ពីតំបន់កេបា និងអាសម៉ាវែតដែរ ដ្បិតពួកចម្រៀងបានសង់ភូមិរបស់ខ្លួន នៅជុំវិញក្រុងយេរូសាឡិម។ ពួកសង្ឃ និងពួកលេវីបានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយក៏បានធ្វើពិធីសម្អាតប្រជាជន ព្រមទាំងទ្វារ និងកំផែង ឲ្យបានបរិសុទ្ធដែរ។ ពេលនោះ ខ្ញុំបាននាំពួកមេដឹកនាំរបស់សាសន៍យូដាឡើងទៅលើកំផែង ហើយតែងតាំងឲ្យមានក្រុមចម្រៀងពីរក្រុមធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដើរដង្ហែគ្នា។ ក្រុមមួយដើរនៅលើកំផែងទៅខាងស្តាំ ឆ្ពោះទៅកាន់ទ្វារសំរាម មានហូសាយ៉ា និងពួកមេដឹកនាំយូដាពាក់កណ្ដាល ដើរតាមពីក្រោយក្រុមនោះ បន្ទាប់មក មានអ័សារា អែសរ៉ា មស៊ូឡាម យូដា បេនយ៉ាមីន សេម៉ាយ៉ា និងយេរេមា ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ មានសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ា សេម៉ាយ៉ាជាកូនម៉ាថានា ម៉ាថានាជាកូនមីកាយ៉ា មីកាយ៉ាជាកូនសាគើរ សាគើរជាកូនអេសាភ ព្រមទាំងពួកបងប្អូនរបស់លោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ។ ពេលមកដល់ទ្វារក្បាលទឹក ដែលស្ថិតនៅពីមុខគេ គេឡើងតាមជណ្តើរក្រុងព្រះបាទដាវីឌ តាមកន្លែងឡើងទៅលើកំផែង ពីលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត។ ក្រុមចម្រៀងមួយទៀត ដែលពោលពាក្យអរព្រះគុណ ចេញទៅខាងឆ្វេង ហើយខ្ញុំក៏ដើរតាមក្រោយពួកគេ មានទាំងប្រជាជនពាក់កណ្ដាលនៅលើកំផែង ពីលើប៉មគុកភ្លើង រហូតដល់កំផែងធំ ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចគេឈប់នៅត្រង់ទ្វារពួកអ្នកយាម។ ដូច្នេះ អស់អ្នកដែលពោលពាក្យអរព្រះគុណទាំងពីរក្រុម ឈរនៅក្នុងព្រះដំណាក់របស់ព្រះ ហើយខ្ញុំ និងពួកមេពាក់កណ្ដាល ក៏នៅជាមួយខ្ញុំដែរ ហើយពួកសង្ឃ មានអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូណាយ សាការី និងហាណានា ដែលជាអ្នកកាន់ត្រែ ហើយក៏មានម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ និងអេស៊ើរដែរ។ ឯពួកចម្រៀង ក៏ស្រែកច្រៀងជាមួយយីសរ៉ាហ៊ា ដែលជាអ្នកនាំមុខរបស់គេ។ នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះធ្វើឲ្យគេអរសប្បាយជាខ្លាំង ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ អំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។ នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកសង្ឃ និងពួកលេវី ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ ដ្បិតពួកយូដាមានអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។ ពួកគេបំពេញមុខងារបម្រើតាមបង្គាប់របស់ព្រះនៃគេ និងធ្វើពិធីសម្អាតឲ្យបានបរិសុទ្ធ ឯពួកចម្រៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់របស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រា។ ដ្បិតកាលពីដើម ក្នុងគ្រាព្រះបាទដាវីឌ និងអេសាភ មានមេលើពួកចម្រៀង មានចម្រៀងសរសើរតម្កើង និងអរព្រះគុណដល់ព្រះ។ នៅគ្រាសូរ៉ូបាបិល និងនេហេមា ពួកអ៊ីស្រាអែលទាំងអស់ ជូនចំណែកអាហារដល់ពួកចម្រៀង និងពួកឆ្មាំទ្វារ ជារៀងរាល់ថ្ងៃ ហើយគេញែកមួយចំណែកជូនពួកលេវី ហើយពួកលេវីក៏ញែកមួយចំណែក ជូនកូនចៅលោកអើរ៉ុនដែរ។
នេហេមា 12:1-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា លោកអម៉ារា លោកម៉ាលូក លោកហាធូស លោកសេកានា លោករេហ៊ូម លោកម្រេម៉ូត លោកអ៊ីដោ លោកគីនេថោន លោកអប៊ីយ៉ា លោកមីយ៉ាមីន លោកម៉ាឌា លោកប៊ីលកា លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា លោកសាលូវ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជាចារ្យ និងពួកលេវីនៅជំនាន់លោកយេសួរ។ ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ រីឯលោកបាកប៊ូគា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។ លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាដួរ។ នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមហាបូជាចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជាចារ្យមានរាយនាមដូចតទៅ: លោកមេរ៉ាយ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណានាជាមេដឹកនាំគ្រួសារយេរេមា លោកមស៊ូឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណាន ជាមេដឹកនាំគ្រួសារអម៉ារា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារមេលីគូរ លោកយ៉ូសែបជាមេដឹកនាំគ្រួសារសេបានា លោកអ័ឌណាជាមេដឹកនាំគ្រួសារហារីម លោកហេលកាយជាមេដឹកនាំគ្រួសារម៉េរ៉ាយ៉ូត លោកសាការីជាមេដឹកនាំគ្រួសារអ៊ីដោ លោកមស៊ូឡាមជាមេដឹកនាំគ្រួសារគីនេថោន លោកស៊ីកគ្រីជាមេដឹកនាំគ្រួសារអប៊ីយ៉ា…ជាមេដឹកនាំគ្រួសារមិនយ៉ាមីន លោកពីលថាយជាមេដឹកនាំគ្រួសារម៉ូអាឌា លោកសាំមួរជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារសេម៉ាយ៉ា លោកម៉ាថ្នាយជាមេដឹកនាំគ្រួសារយ៉ូយ៉ារីប លោកអ៊ូស៊ីជាមេដឹកនាំគ្រួសារយេដាយ៉ា លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកហេប៊ើរជាមេដឹកនាំគ្រួសារអម៉ុក លោកហាសាបយ៉ាជាមេដឹកនាំគ្រួសារហ៊ីលគីយ៉ា លោកនេថានេលជាមេដឹកនាំគ្រួសារយេដាយ៉ា។ នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាដួរ ធ្វើជាមហាបូជាចារ្យជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវី ជាមេលើក្រុមគ្រួសារ និងបញ្ជីរាយនាមក្រុមបូជាចារ្យ រហូតដល់រជ្ជកាលព្រះចៅដារីយុស។ ក្រុមលេវីដែលជាមេក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណាន ជាចៅរបស់លោកអេលីយ៉ាស៊ីប។ មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ បន្ទាប់មក មានលោកម៉ាថានា លោកបាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និងលោកអ័កគូប ជាអ្នកយាមនៅមាត់ទ្វារព្រះវិហារ។ អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់តំណែងជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។ លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។ ក្រុមចម្រៀងប្រមូលគ្នាផ្ដុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នថូផា បេតគីលកាល តំបន់កេបា និងអាសម៉ាវែត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។ ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចម្រៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្ដាំ ឆ្ពោះទៅកាន់ទ្វារសំរាម។ លោកហូសាយ៉ា និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ បន្ទាប់មក លោកអសារ៉ា លោកអែសរ៉ា លោកមស៊ូឡាម លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា ពួកបូជាចារ្យដែលកាន់ត្រែ លោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ ព្រមទាំងបងប្អូនរបស់លោក គឺលោកសេម៉ាយ៉ា លោកអសារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ដើរនៅខាងមុខគេ។ ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីព្រះបាទដាវីឌ តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។ ក្រុមចម្រៀងទីពីរដើរប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជាជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។ បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។ ក្រុមចម្រៀងទាំងពីរនាំគ្នាឈប់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ រីឯខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយ ក៏ឈប់នៅទីនោះ រួមទាំងលោកបូជាចារ្យអេលាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកាយ៉ា អេលីយ៉ូណាយ សាការី ហាណានា ដែលជាអ្នកផ្លុំត្រែ ហើយក៏មានលោកម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និងលោកអេស៊ើរ។ ពេលនោះ ក្រុមចម្រៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាហ៊ា។ នៅថ្ងៃនោះ ប្រជាជនថ្វាយយញ្ញបូជាជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះព្រះជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើសលុប។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សម្រែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។ នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចម្រៀង ក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចែងទុក។ កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះបាទដាវីឌ និងលោកអេសាភ តែងតែមានគ្រូចម្រៀងដឹកនាំក្រុមចម្រៀង ច្រៀងសរសើរតម្កើង និងអរព្រះគុណព្រះជាម្ចាស់។ នៅជំនាន់លោកសូរ៉ូបាបិល និងជំនាន់លោកនេហេមា ប្រជាជនអ៊ីស្រាអែលទាំងមូលតែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកអើរ៉ុនដែរ។
នេហេមា 12:1-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកសង្ឃ នឹងពួកលេវី ដែលឡើងមកជាមួយនឹងសូរ៉ូបាបិល ជាកូនសាលធាល ហើយនឹងយេសួរ គឺសេរ៉ាយ៉ា យេរេមា អែសរ៉ា អ័ម៉ារា ម៉ាលូក ហាធូស សេកានា រេហ៊ូម ម្រេម៉ូត អ៊ីដោ គីនេថោន អ័ប៊ីយ៉ា មីយ៉ាមីន ម្អាឌា ប៊ីលកា សេម៉ាយ៉ា យ៉ូយ៉ារីប យេដាយ៉ា សាលូវ អ័ម៉ុក ហ៊ីលគីយ៉ា នឹងយេដាយ៉ា នោះសុទ្ធតែជាមេពួកសង្ឃ ហើយនឹងបងប្អូនគេនៅក្នុងគ្រាយេសួរ។ ឯពួកលេវី នោះមានយេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា នឹងម៉ាថានា គឺលោកនេះ នឹងបងប្អូនលោក ដែលត្រួតលើការងារអរព្រះគុណ ក៏មានបាកប៊ូគា នឹងអ៊ូនី ជាបងប្អូនគេ ដែលឈរប្រទល់មុខនឹងអ្នកទាំងនោះ ក្នុងការងាររបស់គេ ឯយេសួរ លោកបង្កើតយ៉ូយ៉ាគីមៗ បង្កើតអេលីយ៉ាស៊ីបៗ បង្កើតយ៉ូយ៉ាដា យ៉ូយ៉ាដាបង្កើតយ៉ូណាថាន ហើយយ៉ូណាថានបង្កើតយ៉ាដួរ។ នៅគ្រាយ៉ូយ៉ាគីម ក៏មានពួកសង្ឃ ជាកំពូលលើពួកវង្សរបស់ឪពុកគេ ខាងវង្សសេរ៉ាយ៉ា មានមេរ៉ាយា ខាងយេរេមា មានហាណានា ខាងអែសរ៉ា មានមស៊ូឡាម ខាងអ័ម៉ារា មានយ៉ូហាណាន ហើយខាងមេលីគូរ មានយ៉ូណាថាន ខាងសេបានា មានយ៉ូសែប ខាងហារីម មានអ័ឌណា ខាងមេរ៉ាយ៉ូត មានហេលកាយ ខាងអ៊ីដោ មានសាការី ខាងគីនេថោន មានមស៊ូឡាម ខាងអ័ប៊ីយ៉ា មានស៊ីកគ្រី ខាងមីនយ៉ាមីន គឺខាងម៉ូអាឌា មានពីលថាយ ខាងប៊ីលកា មានសាំមួរ ខាងសេម៉ាយ៉ា មានយ៉ូណាថាន ខាងយ៉ូយ៉ារីប មានម៉ាថ្នាយ ខាងយេដាយ៉ា មានអ៊ូស៊ី ខាងសាឡាយ មានកាឡាយ ខាងអ័ម៉ុក មានហេប៊ើរ ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។ ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន នឹងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា នឹងយេសួរ ជាកូនកាឌមាល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន នឹងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក នឹងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។ នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ នឹងការចំរៀងផ្សំ ដោយឈឹង ពិណ នឹងស៊ុងផង ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា នឹងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម ពួកសង្ឃ នឹងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន នឹងកំផែងផង ចេញជាបរិសុទ្ធ។ គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏ដំរូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំនៅលើកំផែង ដំរង់ទៅឯទ្វារចាក់សំរាម មានហូសាយ៉ា នឹងពួកជាប្រធានលើពួកយូដាពាក់កណ្តាល គេដើរតាមក្រោយ ព្រមទាំងអ័សារា អែសរ៉ា មស៊ូឡាម យូដា បេនយ៉ាមីន សេម៉ាយ៉ា នឹងយេរេមាដែរ ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ គឺសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ាៗជាកូនម៉ាថានាៗជាកូនមីកាយ៉ាៗ ជាកូនសាគើរៗ ជាកូនអេសាភ នឹងពួកបងប្អូនលោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា នឹងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ គេក៏ដង្ហែគ្នាតាមទ្វារក្បាលទឹកដំរង់ទៅខាងមុខ ឡើងជណ្តើរនៃទីក្រុងដាវីឌ តាមកន្លែងឡើងទៅលើកំផែង ត្រង់ពីលើព្រះរាជដំណាក់ដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត ឯពួក១ទៀត ដែលពោលពាក្យអរព្រះគុណ នោះក៏ដង្ហែទៅជួបគ្នា ខ្ញុំក៏ដើរតាមពួកនេះ មានទាំងបណ្តាជនពាក់កណ្តាលនៅលើកំផែង ត្រង់ពីលើប៉មគុកភ្លើង រហូតដល់ទីខ្នងកំផែងធំទូលាយ ហើយពីលើទ្វារអេប្រាអិម នឹងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល នឹងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ យ៉ាងនោះ ពួកអ្នកដែលពោលពាក្យអរព្រះគុណ ក្នុងព្រះវិហារនៃព្រះ ទាំង២ពួកក៏ឈរនៅដំរៀបគ្នា មានទាំងខ្ញុំ នឹងពួកមេពាក់កណ្តាល ដែលនៅជាមួយនឹងខ្ញុំផង ក៏មានពួកសង្ឃ គឺអេលាគីម ម្អាសេយ៉ា មីនយ៉ាមីន មីកាយ៉ា អេលីយ៉ូន៉ាយ សាការី នឹងហាណានា ដែលកាន់ត្រែដែរ ហើយម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហាណាន ម៉ាលគា អេឡាំ នឹងអេស៊ើរដែរ ឯពួកចំរៀង គេក៏ច្រៀងឡើងជាខ្លាំង តាមយីសរ៉ាហ៊ា ដែលនាំមុខគេ នៅថ្ងៃនោះ គេក៏ថ្វាយដង្វាយយ៉ាងសន្ធឹក ហើយមានសេចក្ដីរីករាយ ពីព្រោះព្រះទ្រង់បានធ្វើឲ្យគេអរសប្បាយយ៉ាងខ្លាំង ឯពួកស្រីៗ នឹងកូនក្មេង ក៏សប្បាយព្រមគ្នា ដល់ម៉្លេះបានជាសេចក្ដីអំណរដែលមាននៅក្រុងយេរូសាឡិម បានឮផ្សាយទៅឆ្ងាយ។ នៅថ្ងៃនោះ គេក៏តាំងមនុស្សឲ្យត្រួតត្រាលើបន្ទប់ដែលសំរាប់របស់ថ្លៃវិសេស ដង្វាយលើកចុះឡើង ផលដំបូង នឹងដង្វាយ១ភាគក្នុង១០ ដើម្បីនឹងប្រមូលចំណែកដែលក្រិត្យវិន័យបានដំរូវឲ្យទុកសំរាប់ពួកសង្ឃ នឹងពួកលេវី ពីអស់ទាំងស្រែចំការ នឹងទីក្រុង មកទុកក្នុងបន្ទប់ទាំងនោះ ដ្បិតពួកយូដាគេមានសេចក្ដីអំណរចំពោះពួកសង្ឃ នឹងពួកលេវី ដែលឈរនៅដំណែងគេ ព្រមទាំងរក្សាបញ្ញើរបស់ព្រះនៃគេ នឹងការងារញែកជាបរិសុទ្ធ ពួកចំរៀង នឹងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់ដាវីឌ នឹងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ ដ្បិតកាលពីដើមក្នុងគ្រាដាវីឌ នឹងអេសាភ នោះមានមេលើពួកចំរៀង ក៏មានទំនុកច្រៀងសរសើរដំកើង ហើយអរព្រះគុណដល់ព្រះ ហើយនៅគ្រាសូរ៉ូបាបិល នឹងនេហេមា នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ថ្វាយចំណែកសំរាប់ពួកចំរៀង នឹងពួកឆ្មាំទ្វារ តាមដែលត្រូវការរាល់ៗថ្ងៃ គេក៏លៃទុក១ចំណែកឲ្យពួកលេវី ហើយពួកលេវីក៏លៃទុក១ចំណែក ឲ្យពួកកូនចៅអើរ៉ុន។