នេហេមា 11:22-36

នេហេមា 11:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មីកា ជា​ពូជ​ពង្ស​អេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។ ដ្បិត​មាន​រាជ​បញ្ជា​មួយ​ពី​ស្តេច ស្ដី​អំពី​ដំណើរ​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ពួក​ចម្រៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។ ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពូជ​ពង្ស​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​របស់​ស្តេច ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទាក់​ទង​នឹង​ប្រជា‌ជន។ រី​ឯ​ភូមិ​ទាំង​ប៉ុន្មាន និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ មាន​ប្រជា‌ជន​យូដា​ខ្លះ រស់​នៅ​ត្រង់​គារយ៉ាត់-អើបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ ហើយ​នៅ​ឌីបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​យេសួរ នៅ​ម៉ូឡាដា និង​បេត-ផាលែត នៅ​ហាសា-ស៊ូអាល នៅ​បៀរ-សេបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​ស៊ីកឡាក់ នៅ​មេកូ‌ណា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​អេន-រីម៉ូន នៅ​សូរ៉ាស់ នៅ​យ៉ារមុត សា‌ណូអា អាឌូឡាម និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ ហើយ​អា‌សេកា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ដូច្នេះ គេ​បាន​តាំង​ទី​លំ‌នៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ីនណម។ កូន​ចៅ​បេនយ៉ាមីន​ក៏​បាន​រស់​នៅ ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីកម៉ាស អៃយ បេត-អែល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​អាណា‌ថោត ណូប ហា‌ណា‌នា ហាសោរ រ៉ាម៉ា គីថែម ហាឌីឌ សេបោម នេបា‌ឡាត ឡូឌ អូណូរ និង​ជ្រលង​ភ្នំ​របស់​ពួក​ជាង​រចនា។ ពួក​លេវី​ខ្លះ​ដែល​រស់​នៅ​ស្រុក​យូដា ត្រូវ​បានតម្រូវ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​បេនយ៉ាមីន។

ចែក​រំលែក
អាន នេហេមា 11

នេហេមា 11:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាប‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ស្ដេច​បាន​តាក់‌តែង​ច្បាប់​មួយ​ផ្សេង​សម្រាប់​ក្រុម​តន្ត្រី ពួក​គេ​បំពេញ​មុខងារ​ប្រចាំ​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។ លោក​ពេថា‌ហ៊ីយ៉ា ជា​កូន​របស់​លោក​មសេសា-‌បេល ក្នុង​អំបូរ​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ។ រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​នៅ​គារយ៉ាត-‌អើបា និង​ស្រុក​ភូមិ​ជុំ‌វិញ ឌីបូន និង​ស្រុក​ភូមិ​ជុំ‌វិញ យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ យេសួរ ម៉ូឡា‌ដា បេត-‌ផាលែត ហាសារ-‌ស៊ូអាល់ បៀរ‌សេបា និង​ស្រុក​ភូមិ​ជុំ‌វិញ ស៊ីគ‌ឡាក់ មេកូ‌ណា និង​ស្រុក​ភូមិ​ជុំ‌វិញ អេនរី‌ម៉ូន សូរ៉ាស់ យ៉ាមូត សាណូ‌អា អាឌូ‌ឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឡាគីស និង​តំបន់​ជុំ‌វិញ​អាសេ‌កា និង​ស្រុក​ភូមិ​ជុំ‌វិញ។ កូន​ចៅ​យូដា​តាំង​ទី​លំ‌នៅ​ចាប់​ពី​បៀរ‌សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ិន‌ណម។ កូន​ចៅ​បេន‌យ៉ាមីន​តាំង​ទី​លំ‌នៅ​នៅ​កេបា មីគ‌ម៉ាស់ អៃ បេត‌អែល និង​ស្រុក​ភូមិ​ជុំ‌វិញ អាណា‌ថោត ណូប ហាណា‌នា ហា‌សោរ រ៉ាម៉ា គីថែម ហាឌីដ សេ‌បោម នេបា‌ឡាត ឡូដ និង​អូណូ ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។ មាន​ពួក​លេវី​ខ្លះ​ចាក​ចេញ​ពី​តំបន់​យូដា ទៅ​រស់​នៅ​ក្នុង​តំបន់​បេន‌យ៉ាមីន។

ចែក​រំលែក
អាន នេហេមា 11

នេហេមា 11:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​ដែល​ត្រួត​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម នោះ​គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកា ក្នុង​ពួក​កូន​ចៅ​អេសាភ ដែល​ជា​ពួក​ចំរៀង ជា​អ្នក​ត្រួត‌ត្រា​លើ​កិច្ច‌ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​មាន​ច្បាប់​ដែល​ស្តេច​បាន​តាំង​ពី​ដំណើរ​ពួក​នោះ ជា​ច្បាប់​យ៉ាង​តឹង‌រ៉ឹង ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ពួក​ចំរៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់ៗ​ថ្ងៃ ហើយ​មាន​ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពួក​កូន​ចៅ​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​ស្តេច ក្នុង​គ្រប់​ការ​ចំពោះ​ពួក​រាស្ត្រ។ ត្រង់​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន នឹង​ស្រែ​ចំការ​ជុំវិញ នោះ​មាន​ពួក​យូដា​ខ្លះ នៅ​ត្រង់​គារយ៉ាត់-អើបា នឹង​តំបន់​នៅ​ជុំវិញ នៅ​ឌីបូន នឹង​តំបន់​នៅ​ជុំវិញ នៅ​យេកាប‌សៀល នឹង​តំបន់​នៅ​ជុំវិញ នៅ​ត្រង់​យេសួរ ម៉ូឡាដា បេត-ផាលែត ហាសា-ស៊ូអាល បៀរ-សេបា នឹង​តំបន់​នៅ​ជុំវិញ នៅ​ស៊ីក‌ឡាក់ មេកូណា នឹង​តំបន់​នៅ​ជុំវិញ នៅ​អេន-រីម៉ូន សូរ៉ាស់ យ៉ារមុត សាណូអា អាឌូឡាម នឹង​តំបន់​នៃ​ក្រុង​ទាំង​នោះ ឡាគីស នឹង​ស្រែ​ចំការ​នៅ​ជុំវិញ អាសេកា នឹង​តំបន់​នៅ​ជុំវិញ ដូច្នេះ គេ​បាន​តាំង​ទី​លំនៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ច្រក​ភ្នំ​ហ៊ីនណំម ហើយ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​នៅ​ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីក‌ម៉ាស អៃយ បេត-អែល នឹង​ដំបន់​នៅ​ជុំវិញ នឹង​នៅ​អាន៉ា‌ថោត ណូប ហា‌ណា‌នា ហាសោរ រ៉ាម៉ា គីថែម ហាឌីឌ សេបោម នេបា‌ឡាត ឡូឌ អូណូរ ហើយ​នៅ​ក្នុង​ច្រក​ភ្នំ​ពួក​ជាង​រចនា ចំណែក​ខាង​ពួក​លេវី នោះ​មាន​ខ្លះ​ដែល​ត្រូវ​ខាង​ស្រុក​យូដា គេ​បាន​ទៅ​នៅ​ខាង​ស្រុក​បេន‌យ៉ាមីន​វិញ។

ចែក​រំលែក
អាន នេហេមា 11