នេហេមា 1:7-11
នេហេមា 1:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងខ្ញុំបានប្រព្រឹត្តនឹងព្រះអង្គដោយខូចអាក្រក់ជាខ្លាំង ឥតកាន់តាមបទបញ្ជា ច្បាប់ បញ្ញត្តិដែលព្រះអង្គ ដែលបានបង្គាប់មក ដោយសារលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គឡើយ។ សូមព្រះអង្គនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គថា "បើអ្នករាល់គ្នាមិនស្មោះត្រង់ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។ ពួកគេជាអ្នកបម្រើរបស់ព្រះអង្គ ហើយជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
នេហេមា 1:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្ដី ក៏យើងប្រមូលផ្ដុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើស សម្រាប់សម្តែងនាមយើងនេះវិញដែរ”។ យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ ជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិ និងបារមីដ៏ខ្លាំងពូកែ។ បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។
នេហេមា 1:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងខ្ញុំបានប្រព្រឹត្តនឹងទ្រង់ ដោយខូចអាក្រក់ជាខ្លាំង ឥតរក្សាក្រិត្យក្រម សេចក្ដីបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់ទ្រង់ ដែលបានបង្គាប់មកដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ឡើយ សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបំរើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍ តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រិត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែង ដែលអញបានរើស សំរាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ រីឯពួកអ្នកទាំងនេះ គេជាបាវបំរើ ហើយជារាស្ត្ររបស់ទ្រង់ ដែលទ្រង់បានលោះមក ដោយព្រះចេស្តាដ៏ជាខ្លាំង នឹងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ ឱព្រះអម្ចាស់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ នឹងសេចក្ដីអធិស្ឋានរបស់ពួកអ្នកបំរើទ្រង់ ដែលកោតខ្លាចដល់ព្រះនាមទ្រង់ ដោយអំណរ ហើយសូមចំរើនដល់ទូលបង្គំជាអ្នកបំរើទ្រង់ ដោយប្រោសប្រទានឲ្យមនុស្សនេះមានចិត្តមេត្តា ដល់ទូលបង្គំនៅថ្ងៃនេះ (រីឯខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច)។