នេហេមា 1:4-9
នេហេមា 1:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំក៏អង្គុយយំ ហើយសោកសៅអស់រយៈពេលពីរបីថ្ងៃ ទាំងតមអាហារ ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌។ ខ្ញុំទូលព្រះអង្គថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ ហើយបើកព្រះនេត្រ ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើព្រះអង្គ ដែលឥឡូវនេះ ទូលបង្គំអធិស្ឋាននៅចំពោះព្រះអង្គទាំងយប់ទាំងថ្ងៃ ពីដំណើរប្រជាជនអ៊ីស្រាអែល ជាអ្នកបម្រើព្រះអង្គ ដោយលន់តួអំពើបាបរបស់ប្រជាជនអ៊ីស្រាអែល ដែលយើងខ្ញុំបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ យើងខ្ញុំបានប្រព្រឹត្តនឹងព្រះអង្គដោយខូចអាក្រក់ជាខ្លាំង ឥតកាន់តាមបទបញ្ជា ច្បាប់ បញ្ញត្តិដែលព្រះអង្គ ដែលបានបង្គាប់មក ដោយសារលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គឡើយ។ សូមព្រះអង្គនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គថា "បើអ្នករាល់គ្នាមិនស្មោះត្រង់ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។
នេហេមា 1:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូលអង្វរព្រះនៃស្ថានបរមសុខ។ ខ្ញុំទូលព្រះអង្គដូចតទៅ: «បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។ សូមផ្ទៀងព្រះកាណ៌ស្ដាប់ ព្រមទាំងទតមើលមកទូលបង្គំ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គផង។ ទូលបង្គំកំពុងតែទូលអង្វរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងថ្ងៃទាំងយប់ សូមព្រះអង្គប្រណីសន្ដោសជនជាតិអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ។ ទូលបង្គំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រាអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្ដី ក៏យើងប្រមូលផ្ដុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើស សម្រាប់សម្តែងនាមយើងនេះវិញដែរ”។
នេហេមា 1:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រិត្យក្រមរបស់ទ្រង់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌មកឥឡូវ ហើយបើកព្រះនេត្រទតមក ដើម្បីឲ្យបានស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបំរើទ្រង់ ដែលអធិស្ឋានដល់ទ្រង់ ទាំងយប់ទាំងថ្ងៃក្នុងគ្រានេះ ពីដំណើរពួកកូនចៅអ៊ីស្រាអែល ជាពួកបំរើទ្រង់ ដោយលន់តួបាបរបស់ពួកកូនចៅអ៊ីស្រាអែល ដែលយើងខ្ញុំរាល់គ្នាបានប្រព្រឹត្តនឹងទ្រង់ គឺទាំងខ្លួនទូលបង្គំ នឹងវង្សរបស់ឰយុកោទូលបង្គំបានធ្វើបាបផង យើងខ្ញុំបានប្រព្រឹត្តនឹងទ្រង់ ដោយខូចអាក្រក់ជាខ្លាំង ឥតរក្សាក្រិត្យក្រម សេចក្ដីបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់ទ្រង់ ដែលបានបង្គាប់មកដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ឡើយ សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបំរើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍ តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រិត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែង ដែលអញបានរើស សំរាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ