នេហេមា 1:1-11

នេហេមា 1:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ពាក្យ​របស់​លោក​នេហេមា ជា​កូន​លោក​ហាកាលា។ នៅ​ខែ​មិគ្គសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃនៃ​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​ពេល​ដែល​ខ្ញុំស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី នោះ​មាន​បង‌ប្អូន​ខ្ញុំ​ម្នាក់ ឈ្មោះ​ហាណានី និង​អ្នក​ខ្លះ​ទៀត​បាន​មក​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​ពួក‌គេ​ពី​ដំណើរ​ពួក​យូដា​ដែល​បាន​ភៀស​ខ្លួន គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ និង​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ដែរ»។ អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​ថា៖ «ពួក​អ្នក​នៅ​សល់​ក្នុង​ខេត្ត​នោះ គឺ​ពួក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ កំពុង​រង​ទុក្ខ​វេទនា និង​សេចក្ដី​អាម៉ាស់​ជា​ខ្លាំង។ រី​ឯ​កំផែង​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​បាន​គេ​ដុតបំផ្លាញ​ដែរ»។ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សោក​សៅ‌អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ទាំង​តម​អាហារ ហើយ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌។ ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌ ហើយ​បើក​ព្រះ‌នេត្រ ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ឥឡូវ​នេះ ទូល​បង្គំ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរប្រជា‌ជន​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដោយ​លន់‌តួ​អំពើបាប​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ព្រះ‌អង្គ​ដោយ​ខូច​អា‌ក្រក់​ជា​ខ្លាំង ឥត​កាន់​តាម​បទ​បញ្ជា ច្បាប់ បញ្ញត្តិ​ដែល​ព្រះ‌អង្គ ដែល​បាន​បង្គាប់​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ។ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា "បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ តែ​បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​យើងវិញ ហើយ​កាន់ និង​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​យើង នោះ​ទោះ​បើ​ពួក​និរទេស​របស់​អ្នក​បាន​ខ្ចាត់‌ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ ក៏​យើង​នឹង​ប្រមូល​គេ​ពីទី​នោះ ហើយ​នាំ​គេ​មក​ឯ​កន្លែង​ដែល​យើង​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​តាំង​ជាប់​នៅទី​នោះ"។ ពួក‌គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ពាក្យ​របស់​លោក​នេហេ‌មា ជា​កូន​លោក​ហាកា‌លា។ នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះ‌ចៅ​អើថា‌ស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច មាន​បងប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណា‌នី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កម្ទេច​ដែរ។ ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូល‌អង្វរ​ព្រះ​នៃ​ស្ថាន​បរម‌សុខ។ ខ្ញុំ​ទូល​ព្រះអង្គ​ដូច​ត​ទៅ: «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ* ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ព្រម​ទាំង​ទត​មើល​មក​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​កំពុង​តែ​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ទូលបង្គំ​សូម​សារ‌ភាព​អំពើ​បាប​ក្នុង​នាម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ យើង​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ គឺ​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ប្រទាន​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ។ សូម​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សម្រាប់​សម្តែង​នាម​យើង​នេះ​វិញ​ដែរ”។ យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។ បពិត្រ​ព្រះ‌អម្ចាស់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​ព្រះ‌រាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហា‌តលិក​របស់​ព្រះចៅ​អធិរាជ។

ចែក​រំលែក
អាន នេហេមា 1

នេហេមា 1:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។ នៅ​ខែ​មិគ្គសិរ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង នោះ​ហាណានី ជា​ពួក​បង​ប្អូន​ខ្ញុំ នឹង​មនុស្ស​ខ្លះ​ទៀត ក៏​មក​ដល់​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​គេ​ពី​ដំណើរ​ពួក​សាសន៍​យូដា ដែល​បាន​រួច ជា​ពួក​អ្នក​ដែល​សល់ ពី​អស់​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ផង គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។ កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​ទ្រង់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ពួក​បំរើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូលបង្គំ នឹង​វង្ស​របស់​ឰយុកោ​ទូលបង្គំ​បាន​ធ្វើ​បាប​ផង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ ដោយ​ខូច​អាក្រក់​ជា​ខ្លាំង ឥត​រក្សា​ក្រិត្យ‌ក្រម សេចក្ដី​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ឡើយ សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ រីឯ​ពួក​អ្នក​ទាំង​នេះ គេ​ជា​បាវ​បំរើ ហើយ​ជា​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ខ្លាំង នឹង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។

ចែក​រំលែក
អាន នេហេមា 1