ណាហ៊ូម 3:1-4

ណាហ៊ូម 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម មាន​ពេញ​ដោយ​ការ​កុហក អំពើ​ឃោរឃៅ និង​ការលួច​ប្លន់​មិនឈប់​ឈរ មាន​តែ​សូរ​រំពាត់ សូរ​សន្ធឹក​កង់ សូរ​សេះ​បោល និង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចម្បាំង ឃើញ​ទ័ព​សេះ​បោល និង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក សាក‌សព​គរ​លើ​គ្នា​យ៉ាង​ធំ ឃើញ​មាន​សាក​សព​នៅ​គ្រប់​កន្លែង នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។

ចែក​រំលែក
អាន ណាហ៊ូម 3

ណាហ៊ូម 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

វេទនា​ហើយ ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម ហើយ​មាន​ការ​កុហក អំពើ​ឃោរ‌ឃៅ និង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។ ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចម្បាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ។ កង‌ទ័ព​សេះ​វាយ​សម្រុក​ចូល​មក មុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេក ប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែង សាក‌សព​គរ​លើ​គ្នា។ ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនា ដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាក‌សព​ដែរ។ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ពេស្យា‌ចារ​របស់​ក្រុង​នីនីវេ ដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាត ហើយ​ពូកែ​ដាក់​ស្នេហ៍។ នាង​បង្ក្រាប​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​នានា ដោយ​អំពើ​ពេស្យា‌ចារ និង​ស្នេហ៍​របស់​នាង។

ចែក​រំលែក
អាន ណាហ៊ូម 3

ណាហ៊ូម 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ទី​ក្រុង ដែល​ប្រឡាក់​ដោយ​ឈាម វា​ពេញ​ដោយ​សេចក្ដី​កំភូត នឹង​សេចក្ដី​ច្រឡោត ការ​រឹប​ជាន់​មិន​ចេះ​បាត់​ចេញ​ឡើយ មាន​សុទ្ធ​តែ​សូរ​រំពាត់ សូរ​សន្ធឹក​នៃ​កង់ សូរ​សេះ​បោល នឹង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចំបាំង ឃើញ​ទ័ព​សេះ​បោល​សំរុក នឹង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក ជា​គំនរ​សាក‌សព​យ៉ាង​ធំ ខ្មោច​គេ​មិន​ចេះ​ផុត​ពី​ភ្នែក​ឡើយ ជើង​មនុស្ស​ទង្គិច​នឹង​ខ្មោច​ទាំង​នោះ នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​សំផឹង ដ៏​មាន​រូប​ឆោម‌ឆាយ ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​អស់​ទាំង​សាសន៍​ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា

ចែក​រំលែក
អាន ណាហ៊ូម 3