ណាហ៊ូម 3:1-19

ណាហ៊ូម 3:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម មាន​ពេញ​ដោយ​ការ​កុហក អំពើ​ឃោរឃៅ និង​ការលួច​ប្លន់​មិនឈប់​ឈរ មាន​តែ​សូរ​រំពាត់ សូរ​សន្ធឹក​កង់ សូរ​សេះ​បោល និង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចម្បាំង ឃើញ​ទ័ព​សេះ​បោល និង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក សាក‌សព​គរ​លើ​គ្នា​យ៉ាង​ធំ ឃើញ​មាន​សាក​សព​នៅ​គ្រប់​កន្លែង នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នែ៎ យើង​ទាស់​នឹង​ឯង យើង​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន ឃើញ​កាយ​អាក្រាត និង​ឲ្យ​អស់​ទាំង​នគរ ឃើញ​កេរខ្មាស​របស់​ឯង។ ហើយយើង​នឹង​បោះ​អសោច​គួរ​ខ្ពើម​ទៅ​លើ​ឯង ឲ្យ​ឯង​ទៅ​ជា​ស្មោក‌គ្រោក រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ឯង និង​គេច​រត់​ពី​ឯង​ទៅ ដោយ​ពាក្យ​ថា ក្រុង​នីនីវេ​បាន​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​ណា​នឹង​យំ​សោក តើ​នឹង​រក​អ្នក​ណាអាច​ជួយ​ដោះ​ទុក្ខ​ឯងបាន? តើ​ឯង​វិសេស​ជាង​ក្រុង​ថេប ដែល​នៅ​ជាប់​ទាំង​ទន្លេ​នីលឬ? ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ ក៏​មាន​សមុទ្រ​ការពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី? ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កម្លាំង​របស់​គេ ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កម្ទេច​នៅ​តាម​ផ្លូវ ក៏​បាន​បោះ​ឆ្នោត​ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់ ឯង​នឹង​ត្រូវ​ស្រវឹង ឯង​នឹង​ត្រូវ​លាក់​ខ្លួន ហើយ​នឹង​ស្វែង​រក​ទី​ពឹង​ជ្រក​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដែរ។ អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ដូច​ជា​ដើម​ល្វា ដែល​មាន​ផ្លែ​ទុំ​ជា​ដំបូង បើ​អ្នក​ណា​អង្រួន នោះ​ផ្លែ​ក៏​ជ្រុះ​ចូល​ក្នុង​មាត់​របស់​អ្នក​ដែល​ស៊ី មើល៍! ពួក​ឯង​នៅ​សល់​តែ​ស្រីៗ ទ្វារ​ស្រុក​ឯង​បើក​ចំហ​សម្រាប់​ខ្មាំង​សត្រូវ ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ។ ចូរ​ដង​ទឹក​ទុក​សម្រាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ ត្រូវ​រៀប​ចំ​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន នៅ​ទី​នោះ​ភ្លើង​នឹង​ឆេះ​បន្សុស​ឯង ហើយ​នឹង​មាន​ដាវ​កាត់​ឯង គឺ​នឹង​ស៊ី​បង្ហិន​ឯង​ដូច​ជា​ដង្កូវ ចូរ​ចម្រើន​គ្នា​ឲ្យ​ច្រើន​ឡើង​ដូច​ជា​ដង្កូវ​ទៅ ត្រូវ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​កណ្តូប​ផង ឯង​បាន​ចម្រើន​ពួក​ជំនួញ​របស់​ឯង ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ។ ពួក​ចៅ‌ហ្វាយ​របស់​ឯង​ប្រៀប​ដូច​ជា​ចង្រិត ហើយ​ពួក​មេ‌ទ័ព​របស់​ឯង​ក៏​ដូច​ជា​ហ្វូង​កណ្តូប ដែល​ទំ​នៅ​របង​ក្នុង​ពេល​ថ្ងៃ​រងា តែ​កាល​ណា​ថ្ងៃ​រះ​ឡើង នោះ​វា​ហើរ​បាត់​ទៅ ហើយ​កន្លែង​ដែល​ទៅ​ទំ​នៅ​នោះ គ្មាន​អ្នក​ណា​ដឹង​ទេ។ ឱ​ស្តេច​សាសន៍​អាស‌ស៊ើរ​អើយ ពួក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​សម្រាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ។ គ្មាន​អ្វី​ព្យាបាល​ឯងឲ្យ​បាត់​ឈឺ​ឡើយ ព្រោះ​របួស​ឯង​ធ្ងន់​ណាស់ អស់​អ្នក​ដែល​ឮ​ដំណឹង​ពី​ឯង គេ​ទះ​ដៃ​អរ ដ្បិត​តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​អំពើ​កំណាច របស់​ឯង​ជា‌និច្ច​នោះ»។:៚

ចែក​រំលែក
អាន ណាហ៊ូម 3

ណាហ៊ូម 3:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

វេទនា​ហើយ ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម ហើយ​មាន​ការ​កុហក អំពើ​ឃោរ‌ឃៅ និង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។ ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចម្បាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ។ កង‌ទ័ព​សេះ​វាយ​សម្រុក​ចូល​មក មុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេក ប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែង សាក‌សព​គរ​លើ​គ្នា។ ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនា ដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាក‌សព​ដែរ។ ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ពេស្យា‌ចារ​របស់​ក្រុង​នីនីវេ ដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាត ហើយ​ពូកែ​ដាក់​ស្នេហ៍។ នាង​បង្ក្រាប​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​នានា ដោយ​អំពើ​ពេស្យា‌ចារ និង​ស្នេហ៍​របស់​នាង។ នីនីវេ​អើយ យើង​ប្រឆាំង​នឹង​នាង​ហើយ! យើង​នឹង​លាត់​សំពត់​នាង​ឡើង​រហូត​ដល់​ក្បាល យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ កេរ‌ខ្មាស​របស់​នាង និង​ឲ្យ​នគរ​ទាំង‌ឡាយ​ឃើញ ភាព​អាម៉ាស់​របស់​នាង។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ យើង​នឹង​បោះ​សំរាមលើ​នាង យើង​នឹង​ឲ្យ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំ ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។ ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ ទាំង​ពោល​ថា: “នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង គ្មាន​នរណា​សម្រាល​ទុក្ខ​នាង​ទេ!”។ នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-‌អាម៉ូន ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។ ស្រុក​អេត្យូ‌ពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប‌សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-‌អាម៉ូន ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវ ពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នា មេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។ ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរ នាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់ នាង​នឹង​ស្វែង​រក​កន្លែង​ពួន ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។ បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាង ប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំ ពេល​គេ​អង្រួន​ដើម​វា ផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែល ចង់​បរិភោគ។ កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះ ទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហ ឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។ ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅ ដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ! ចូរ​ជួស‌ជុល​កំពែង​ក្រុង ចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋ និង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។ ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត! ពួក​ជំនួញ​របស់​អ្នក​មាន​ចំនួន​ច្រើន ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប ហើរ​ចេញ​ទៅ។ នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះ នៅ​ពេល​រងា។ ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់ គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។ ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ មេ‌ទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយ នាយ​ទាហាន​របស់​អ្នក​ក៏​លែង​កម្រើក​រហូត កង‌ពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំ គ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។ គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរ‌ឃៅ​របស់​អ្នក។

ចែក​រំលែក
អាន ណាហ៊ូម 3

ណាហ៊ូម 3:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ទី​ក្រុង ដែល​ប្រឡាក់​ដោយ​ឈាម វា​ពេញ​ដោយ​សេចក្ដី​កំភូត នឹង​សេចក្ដី​ច្រឡោត ការ​រឹប​ជាន់​មិន​ចេះ​បាត់​ចេញ​ឡើយ មាន​សុទ្ធ​តែ​សូរ​រំពាត់ សូរ​សន្ធឹក​នៃ​កង់ សូរ​សេះ​បោល នឹង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចំបាំង ឃើញ​ទ័ព​សេះ​បោល​សំរុក នឹង​ដាវ​ដែល​ភ្លឺ​ចាំង ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក ជា​គំនរ​សាក‌សព​យ៉ាង​ធំ ខ្មោច​គេ​មិន​ចេះ​ផុត​ពី​ភ្នែក​ឡើយ ជើង​មនុស្ស​ទង្គិច​នឹង​ខ្មោច​ទាំង​នោះ នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​សំផឹង ដ៏​មាន​រូប​ឆោម‌ឆាយ ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​អស់​ទាំង​សាសន៍​ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ឃើញ​កាយ​អាក្រាត នឹង​ឲ្យ​អស់​ទាំង​នគរ​ឃើញ​កេរ‌ខ្មាស​របស់​ឯង ហើយ​អញ​នឹង​បោះ​អសោចិ៍​គួរ​ខ្ពើម​ទៅ​លើ​ឯង ឲ្យ​ឯង​បាន​ទៅ​ជា​ស្មោក‌គ្រោក រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ឯង នឹង​គេច​រត់​ពី​ឯង​ទៅ ដោយ​ពាក្យ​ថា ក្រុង​នីនីវេ​បាន​ត្រូវ​ខូច​បង់​ហើយ តើ​អ្នក​ណា​នឹង​យំ​សោក តើ​នឹង​រក​ឯ​ណា​ឲ្យ​បាន​អ្នក​ជួយ​ដោះ​ទុក្ខ​ឯង តើ​ឯង​វិសេស​ជាង​នរ-អាម៉ូន ជា​ទី​ក្រុង​ដែល​នៅ​កណ្តាល​អស់​ទាំង​ទន្លេ ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​សមុទ្រ​ការ‌ពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី ឯ​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​អេស៊ីព្ទ ជា​កំឡាំង​របស់​គេ ហើយ​កំឡាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត នឹង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កំទេច​នៅ​គ្រប់​ទាំង​ក្បាល​ផ្លូវ ក៏​បាន​បោះ​ឆ្នោត ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់ ឯ​ឯង​នឹង​ត្រូវ​ស្រវឹង ឯង​នឹង​ត្រូវ​ពួន​ខ្លួន ហើយ​នឹង​ស្វែង​រក​ទី​ពឹង​ជ្រក ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដែរ អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​បាន​ដូច​ជា​ដើម​ល្វា ដែល​មាន​ផ្លែ​ទុំ​ជា​ដំបូង បើ​អ្នក​ណា​អង្រួន នោះ​ផ្លែ​ក៏​ជ្រុះ​ចូល​ក្នុង​មាត់​របស់​អ្នក​ដែល​ស៊ី មើល ពួក​ជន​នៅ​ក្នុង​ឯង សុទ្ធ​តែ​ជា​ស្ត្រី​ទទេ ទ្វារ​ស្រុក​ឯង​បើក​ពេញ​ចំហ សំរាប់​ខ្មាំង​សត្រូវ ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ ចូរ​ដង​ទឹក​ទុក​សំរាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ ត្រូវ​ឲ្យ​រៀប​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន នៅ​ទី​នោះភ្លើង​នឹង​ឆេះ​បន្សុស​ឯង ហើយ​ដាវ​នឹង​កាត់​ឯង​ចេញ គឺ​នឹង​ស៊ី​បង្ហិន​ឯង​ដូច​ជា​ដង្កូវ ចូរ​ចំរើន​គ្នា​ឲ្យ​ច្រើន​ឡើង​ដូច​ជា​ដង្កូវ​ទៅ ត្រូវ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​កណ្តូប​ផង ឯង​បាន​ចំរើន​ពួក​ជំនួញ​របស់​ឯង ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ ពួក​ចៅហ្វាយ​របស់​ឯង​ប្រៀប​ដូច​ជា​ចង្រិត ហើយ​ពួក​មេ‌ទ័ព​របស់​ឯង​ក៏​ដូច​ជា​ហ្វូង​កណ្តូប ដែល​ទំ​នៅ​របង​ក្នុង​ពេល​ថ្ងៃ​រងា តែ​កាល​ណា​ថ្ងៃ​រះ​ឡើង នោះ​វា​ហើរ​បាត់​ទៅ ហើយ​កន្លែង​ដែល​ទៅ​ទំ​នៅ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ឱ​ស្តេច​សាសន៍​អាសស៊ើរ​អើយ ពួក​អ្នក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ក៏​សំរាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ គ្មាន​អ្វី​នឹង​ធ្វើ​ឲ្យ​ទី​ឈឺ​របស់​ឯង​អន់​ស្រាក​បាន​ទេ របួស​ឯង​ធ្ងន់​ណាស់ អស់​អ្នក​ដែល​ឮ​ដំណឹង​ពី​ឯង គេ​ទះ​ដៃ​អរ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​អំពើ​កំណាច​របស់​ឯង​ជានិច្ច​នោះ។:៚

ចែក​រំលែក
អាន ណាហ៊ូម 3