ណាហ៊ូម 2:1-13
ណាហ៊ូម 2:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សត្រូវបានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ (ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់)។ ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព ទាំងគ្រវីលំពែងដងកកោះ។ រទេះចម្បាំងរត់យ៉ាងសម្បើមទៅតាមផ្លូវ រត់ចុះឡើងតាមផ្លូវ មានភាពដូចជាចន្លុះ ហើយរត់លឿនដូចជាផ្លេកបន្ទោរ។ ស្តេចរបស់គេនឹករកអ្នកណា ដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់ឡើងទៅកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន។ ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយអស់ ព្រះនាងហ៊ូសាបត្រូវគេចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ទាំងគក់ទ្រូង។ ក្រុងនីនីវេប្រៀបដូចជាស្រះ ដែលទឹកធ្លាយហូរចេញអស់ គេស្រែកថា "ឈប់សិន ឈប់សិន" តែគ្មាននរណាមួយបែរក្រោយឡើយ។ ចូររឹបយកប្រាក់ មាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស។ ទីក្រុងនៅទទេ ក៏ខូចបង់ មនុស្សក៏រសាយចិត្តទៅ ជង្គង់ប្រដំគ្នា គ្រប់គ្នាចុកសៀតចង្កេះ ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។ តើរូងសិង្ហនោះបាត់ទៅណាហើយ? ប្រៀបដូចជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ សិង្ហឈ្មោល និងសិង្ហញីឲ្យដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ។ ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងពាំសាច់សត្វមកដាក់ពេញក្នុងរូងវា។ មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
ណាហ៊ូម 2:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កងទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លាហានឡើង។ អ៊ីស្រាអែលប្រៀបដូចជាដើមទំពាំងបាយជូរ ដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះអម្ចាស់នឹងយាងមកលើកកិត្តិយស របស់កូនចៅលោកយ៉ាកុប ហើយធ្វើឲ្យអ៊ីស្រាអែលបានរុងរឿង ដូចដើមឡើងវិញ។ ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចម្បាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចម្បាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។ រទេះចម្បាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវ ឆ្លងកាត់ទីលានក្រុង មើលទៅប្រៀបដូចជាភ្លើងចន្លុះ ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។ ស្ដេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។ សត្រូវសម្រុកចូលទៅរកកំពែងក្រុង ហើយដំឡើងគ្រឿងការពារខ្លួន។ ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើក វាំងស្ដេចត្រូវខ្មាំងដណ្ដើមយកបាន។ ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។ ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ ទោះបីមានគេហៅឲ្យឈប់ ក៏គ្មាននរណាបែរក្រោយដែរ។ ចូររឹបអូសយកប្រាក់! ចូររឹបអូសយកមាស! ដ្បិតទ្រព្យសម្បត្តិរបស់ក្រុងនេះ មានច្រើនឥតគណនា គឺគ្រឿងបរិក្ខារដ៏មានតម្លៃគ្រប់យ៉ាង។ ចូរសម្លាប់រង្គាល ចូរកម្ទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។ តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។ សិង្ហឈ្មោលចាប់រំពា និងហែកសាច់ យកមកឲ្យសិង្ហញី និងកូនសិង្ហស៊ី វាពាំសាកសពសត្វមកដាក់ពេញរូងរបស់វា។ នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកម្ទេចរទេះចម្បាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ណាហ៊ូម 2:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកដែលកំចាត់កំចាយ បានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវឲ្យចាំយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចំរើនកំឡាំងយ៉ាងសន្ធឹកចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់កំពុងតាំងសេចក្ដីរុងរឿងនៃយ៉ាកុបឡើងវិញ ឲ្យដូចជាសេចក្ដីរុងរឿងរបស់អ៊ីស្រាអែលដែរ ពីព្រោះពួកផ្ទីងជន បានចាក់គេចេញអស់ហើយ ក៏បានបំផ្លាញខ្នែងទំពាំងបាយជូររបស់គេដែរ ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចំបាំង ក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ងែង អស់ទាំងរទេះចំបាំងរត់យ៉ាងសំបើម ទៅតាមផ្លូវ ក៏រត់ចុះឡើងតាមផ្លូវធ្លា មានភាពដូចជាចន្លុះ ហើយក៏រត់លឿនដូចជាផ្លេកបន្ទោរ ស្តេចរបស់គេនឹករកអ្នកណាដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់នឹងឡើងទៅឯកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយទៅ ព្រះនាងហ៊ូសាបត្រូវគេចាប់ដឹកទៅជាឈ្លើយ ពួកបាវស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ព្រមទាំងគក់ទ្រូងខ្លួនផង។ តាំងពីចាស់បុរាណ ក្រុងនីនីវេប្រៀបដូចជាស្រះទឹក ប៉ុន្តែ ឥឡូវ គេរត់ចោលចេញទៅវិញ មានគេស្រែកថា ឈប់សិន ឈប់សិន តែគ្មានអ្នកណាបែរមើលខាងក្រោយឡើយ ចូរចាប់យករបឹបជាប្រាក់ជាមាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចំអែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ ឯព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នែ អញទាស់នឹងឯង អញនឹងដុតអស់ទាំងរទេះចំបាំងរបស់ឯង ឲ្យឡើងជាផ្សែង ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង អញនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដីចេញ ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។