ណាហ៊ូម 1:1-15

ណាហ៊ូម 1:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ចំពោះ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សម្ដែង​ពី​និមិត្ត​របស់​ហោរា​ណាហ៊ុម ជា​អ្នក​ស្រុក​អែលកូស។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ក៏​សង‌សឹក ព្រះ‌យេហូវ៉ា​សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រក្សា​សេចក្ដី​ក្រោធ សម្រាប់​ពួក​ខ្មាំង​សត្រូវ។ ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ស្ដី​បន្ទោស​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ស្រុក​បាសាន ក៏​ហួត​ហែង ព្រម​ទាំង​ស្រុក​កើមែល​ដែរ ឯ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។ ភ្នំ​ធំៗ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​រលាយ ផែន​ដី ពិភព​‌លោក​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។ តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ឯ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌អង្គ​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង។ ប៉ុន្តែ ព្រះ‌អង្គ​នឹង​បំផ្លាញ​ពួក​បច្ចា​មិត្ត ឲ្យ​វិនាស​សាប​សូន្យ ដោយ​ទឹក​ជំនន់​ជន់​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​ទី​ងងឹត។ តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ការ​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង មិន​ឲ្យ​គេ​ធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ជញ្ជ្រាំង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា។ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទោះ​បើ​គេ​មាន​កម្លាំង ហើយ​មាន​គ្នា​ច្រើន​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​កន្លង​បាត់​ទៅ យើង​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ។ ឥឡូវ​នេះ យើង​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្ដាច់​ចំណង​ឯង​ផង»។ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។ មើល៍! នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង»។

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ណាហ៊ូម​ជា​អ្នក​ភូមិ​អែល‌កូស​បាន​ឃើញ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពន់​ប្រមាណ ព្រះអង្គ​សង‌សឹក​ខ្មាំង​សត្រូវ។ ព្រះ‌អម្ចាស់​សង‌សឹក ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​សង‌សឹក​បច្ចា‌មិត្ត​របស់​ព្រះអង្គ ព្រះអង្គ​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម ព្រះ‌បាទា​របស់​ព្រះអង្គ។ ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ព្រះអង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។ ភ្នំ​ធំៗ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​ព្រះអង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ព្រះអង្គ​បាន? ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កម្ទេច​ផ្ទាំង​ថ្ម។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះអង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្ន ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ នៅ​ពេល​មាន​ទឹក​ជំនន់។ ប៉ុន្តែ ព្រះអង្គ​កម្ទេច​ទី​តាំង​របស់​ខ្មាំង​សត្រូវ ព្រះអង្គ​ទម្លាក់​ពួក​គេ​ក្នុង​ទី​ងងឹត។ តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វី ប្រឆាំង​នឹង​ព្រះ‌អម្ចាស់? ព្រះអង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា ឲ្យ​វិនាស‌សូន្យ គឺ​ព្រះអង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិន អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុង ដូច​ចំបើង​ស្ងួត​ដែរ។ នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មក ជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ! យើង​បាន​បន្ទាប​អ្នក តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។ ឥឡូវ​នេះ យើង​បំបាក់​នឹម​របស់​ខ្មាំង​សត្រូវ និង​កាច់​បំបាក់​ច្រវាក់​ដែល​គេ​ចង​អ្នក​ដែរ»។ ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ ព្រះ‌អម្ចាស់​សម្រេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ​សម្រាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សម្រាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។ មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ! អ្នក​ស្រុក​យូដា​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ! ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!

ចែក​រំលែក
អាន ណាហ៊ូម 1

ណាហ៊ូម 1:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សំដែង​ចេញ​ជា​ការ​ជាក់‌ស្តែង​របស់​ណាហ៊ុម ជា​អ្នក​ស្រុក​អែល‌កូស។ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​ក៏​សង‌សឹក​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ទ្រង់ ហើយ​ទ្រង់​រក្សា​ទុក​នូវ​សេចក្ដី​ក្រោធ សំរាប់​ពួក​ខ្មាំង​សត្រូវ ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ‌លែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​ទ្រង់ ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន​ក៏​រោយ‌រៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ នឹង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយ‌សារ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក តែ​ទ្រង់​នឹង​រំលីង​ទី​កន្លែង​របស់​ពួក​តតាំង​ដោយ​ទឹក​ជន់​ហូរ​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទៅ​ក្នុង​ទី​ងងឹត។ ឯង​រាល់​គ្នា​គិត​បង្កើត​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ ឯ​ទ្រង់ នឹង​ធ្វើ​ឲ្យ​ផុត​ទៅ​អស់​រលីង សេចក្ដី​ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទោះ​បើ​គេ​មាន​ពេញ​កំឡាំង ហើយ​មាន​គ្នា​ច្រើន​ផង​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​ចុះ ហើយ​កន្លង​បាត់​ទៅ អញ​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ ឥឡូវ​នេះ អញ​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្តាច់​ចំណង​ឯង​ផង។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ឯង​ថា ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ អញ​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ នឹង​រូប​សិត​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​នៃ​ឯង​ចេញ ហើយ​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គំរក់​ណាស់។ មើល​ន៏ នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល​ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង​ហើយ។

ចែក​រំលែក
អាន ណាហ៊ូម 1