ម៉ាកុស 9:14-32

ម៉ាកុស 9:14-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​បាន​មក​ជួប​ពួក​សិស្ស​ឯ​ទៀត​ៗ​វិញ​ហើយ គេ​ឃើញ​មាន​មហាជន​ច្រើន​កុះ​ករ​ឈរ​ព័ទ្ធ​ជុំ​វិញ​អ្នក​ទាំង​នោះ ហើយ​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​ជជែក​ជា​មួយ​ពួក​គេ។ កាល​បណ្តាជន​ឃើញ​ព្រះ‌អង្គ​ភ្លាម គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង រួច​គេ​រត់​ទៅ​ទទួល​ព្រះ‌អង្គ។ ព្រះ‌អង្គ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​អ្នក​ទាំង​នេះ​អំពី​អ្វី?» ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​គ្រូ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ឪពុក​ថា៖ «តើ​ក្មេង​នេះ​ធ្វើ​ទុក្ខ​ដូច្នេះ​តាំង​ពី​ពេល​ណា​មក?» គាត់​ទូល​ឆ្លើយ​ថា៖ «តាំង​តែ​ពី​តូច​មក​ម៉្លេះ។ វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ជា​ញឹក​ញាប់ ដើម្បី​សម្លាប់​វា ប៉ុន្តែ ប្រសិន‌បើ​លោក​គ្រូ​អាច​ធ្វើ​បាន សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​អាច​ដូច្នេះ​ឬ? គ្រប់​ការ​ទាំង​អស់​អាច​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ»។ ភ្លាម​នោះ ឪពុក​របស់​ក្មេង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «ខ្ញុំ​ជឿ​ហើយ សូម​ជួយ​កុំ​ឲ្យ​ខ្ញុំ​សង្ស័យ​ផង!» កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!» ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​នេះ​ចេញ​បាន?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​បែប​នេះ​បាន គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​អធិស្ឋាន [និង​តម]​នោះ​ទេ»។ ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ទី​នោះ កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ពួក​សិស្ស​ព្រះ‌អង្គ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក ហើយ​បី​ថ្ងៃ​ក្រោយ​ពី​គេ​សម្លាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។ ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:14-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ ព្រះអង្គ​ទត​ឃើញ​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​អាចារ្យ*​ជជែក​ជា​មួយ​គេ​ផង។ កាល​បណ្ដា‌ជន​ឃើញ​ព្រះ‌យេស៊ូ គេ​ស្រឡាំង‌កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​គេ​អំពី​រឿង​អ្វី?»។ ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ ដ្បិត​វា​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​គ​និយាយ​ពុំ​រួច។ នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះ‌យេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់‌ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។ ព្រះ‌យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ​តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។ វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង ឲ្យ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​ឲ្យ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​លោក​អាច​ជួយ​បាន” ដូច្នេះ? ព្រះ‌ជាម្ចាស់​អាច​សម្រេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។ ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ប្របាទ​ជឿ​ហើយ! សូម​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​ប្របាទ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។ ពេល​នោះ ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​រត់​មក ព្រះអង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូក‌ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។ កាល​ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ ដាច់​ឡែក​ពី​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ចេញ​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​អធិស្ឋាន*»។ ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សិស្ស* កាត់​តាម​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។ ព្រះអង្គ​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះអង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។

ចែក​រំលែក
អាន ម៉ាកុស 9

ម៉ាកុស 9:14-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំ‌វិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​តែ​ដេញ‌ដោល កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្ដី​ស្រឡាំង‌កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព ទ្រង់​មាន​បន្ទូល​សួរ​ពួក​អាចារ្យ​ថា តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ នោះ​មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​កាត់​ឆ្លើយ​ថា លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​នឹង​ដេញ​ចេញ​បាន​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់ ទ្រង់​មាន​បន្ទូល​សួរ​ឪពុក​ថា វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ គាត់​ទូល​ឆ្លើយ​ថា តាំង​តែ​ពី​តូច​មក ជួន‌កាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ​បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោចិ៍​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។ លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន ទ្រង់​មាន​បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន​ហើយ​នឹង​តម​ទេ។ កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលី‌ឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។

ចែក​រំលែក
អាន ម៉ាកុស 9